ភ្នំពេញៈ អភិបាលខេត្តកោះកុងបានសាទរជាមួយនឹងផែនការសាងសង់គម្រោងវិនិយោគវារីអគ្គិសនីចំនួន ២ កន្លែង ដែលមានទុនវិនិយោគសរុបជិត ៤៥០ លានដុល្លារ មានថាមពលប្រមាណ ១៧០ មេហ្គាវ៉ាត់ ត្រូវបានរដ្ឋាភិបាលកម្ពុជាបានអនុម័តថ្មីនេះនៅក្នុងខេត្តរបស់ខ្លួនដែលការវិនិយោគលើវិស័យថាមពលនេះមិនត្រឹមតែជួយលើកកម្ពស់ការផ្គត់ផ្គង់ថាមពលសម្រាប់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការផ្គត់ផ្គង់ថាមពលថ្នាក់ជាតិដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័តកាលពីថ្ងៃទី២១ ខែវិច្ឆិកា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ឱ្យក្រុមហ៊ុនKhmer Electrical Power Co., Ltd លើគម្រោងសាងសង់វារីអគ្គិសនីចំនួន ២ គឺគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល មានអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ក្រោមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ និងអាចបង្កើតការងារបាន ២៣០កន្លែង។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២២ ខែវិច្ឆិកា ថា គម្រោងវិនិយោគវារីអគ្គិសនីចំនួន ២ កន្លែងដែលមានអានុភាពសរុប ១៧០មេហ្គាវ៉ាត់នៅក្នុងទឺកដីខេត្តកោះកុងនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រួមទាំងខេត្តកោះកុង ឱ្យរីកចម្រើនទៅមុខកាន់តែលឿន ព្រោះនៅពេលមានអគ្គិសនីកាត់តែច្រើន វានឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកវិនិយោគក្នុងការចូលមកបណ្តាក់ទុន ក៏ដូចជាការមកដល់របស់ភ្ញៀវទេសចរផងដែរ។
លោកស្រីបានបញ្ជាក់ថា៖«គ្រប់ចង្វាក់ផលិតកម្ម រួមទាំងសេវាកម្ម គឺសុទ្ធតែត្រូវការអគ្គិសនី ដូច្នេះនៅពេលមានថាមពលអគ្គិសនីកាន់តែច្រើន វានឹងជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ នៅក្នុងវេទិកា«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថាវិស័យថាមពលនៅកម្ពុជាដែលបានចាប់ផ្តើមពីចំណូចសូន្យកាលពីឆ្នាំ១៩៧៩ នោះបាននឹងកំពុងបោះជំហានទៅមុខយ៉ាងលឿន។
ជាក់ស្តែងកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ភ្លើងអគ្គិសនីមានតែនៅទីប្រជុំជនរដ្ឋធានី-ខេត្ត និងអាចអគ្គិសនីប្រើប្រាស់ប្រហែល ៣ម៉ោងប៉ុណ្ណោះចន្លោះពីម៉ោង ៧-១០យប់។
ទោះយ៉ាងណាបន្ទាប់ពីមានសន្តិភាពពេញលេញ វិស័យថាមពលនៅកម្ពុជាបានចាប់ផ្តើមបោះជំហានទៅមុខលឿន ដោយចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ អានុភាពថាមពលនៅកម្ពុជាបានកើនឡើងពី ១៥០មេហ្គាវ៉ាត់ដល់ជាង ៤ ០០០មេហ្គាវ៉ាត់ ដែលគិតជាកំណើនគឺជិត ៣០ដង។
លោកប្រាប់ទៀតថា ក្នុងចំណោមអគ្គិសនីដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺមានជាង ៦២ភាគរយមានប្រភពពីថាមពលស្អាត ឬកកើតឡើងវិញ ក្នុងនោះពីប្រភពវារីអគ្គិសនី មានជាង ៤០ភាគរយ។
លោកថ្លែងថា៖ «កាលពីមុនយើងប្រើភ្លើងដែលចេញពីប្រេងម៉ាស៊ូត ឬប្រេងខ្មៅមានផ្សែងហុយទ្រលោម និងថ្លង់គ្រប់កន្លែង ប៉ុន្តែឥឡូវនេះភ្លើងនៅក្នុងបណ្តាញជាតិរបស់យើងមាន ៦២ភាគរយបើគិតត្រឹមចុងឆ្នាំ២០២២ ដែលជាភ្លើងយកចេញមកពីប្រភពថាមពលស្អាត និងកកើតឡើងវិញ។ ក្នុងនោះរួមមានពីប្រភពវារីអគ្គិសនី នៅក្នុងប្រទេសយើងជាង ៤០ភាគរយ ដែលជាថាមពលស្អាត និងកកើតឡើងវិញ ... ថាមពលពន្លឺព្រះអាទិត្យ ជាង ១០ភាគរយ រួមផ្សំជាមួយនឹងថាមពលជីវម៉ាស់បន្តិចបន្តួច និងរួមផ្សំជាមួយការនាំចូលថាមពលស្អាតពីប្រទេសឡាវ ផ្គុំគ្នាមកបាន ៦២ភាគរយ»។
លោកបន្តថា៖ «វិស័យថាមពលរបស់យើងបានដើរលើសពីមធ្យមភាពអាស៊ាន ដែលដាក់ផែនការនៅឆ្នាំ ២០២៣ ជិតពាក់កណ្តាលរួចទៅហើយ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកតែ តាំងប៉ បាននិយាយថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនបន្ថែមទៀត ប្រសិនបើតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។ គ្រប់ចង្វាក់ផលិតកម្ម គឺសុទ្ធតែត្រូវការប្រើប្រាស់ថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនេះនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។
លោកថ្លែងថា៖ «តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប វិនិយោគិននឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុប ៤ ២៤៦,៧៧មេហ្គាវ៉ាត់ក្នុងនោះ ៣ ១១៦,៤២មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៣ភាគរយជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ហើយ ១ ១៣០,៧៥មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ភាគរយជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង។របាយការណ៍ឱ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបប្រមាណ ៣,៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណជិត ៩០ភាគរយ។
ក្រៅពីគ្រោងសាងសង់វារីអគ្គិសនីទាំង ២ខាងលើ CDC ក្នុងថ្ងៃជាមួយគ្នានោះ ក៏បានអនុម័តឱ្យគម្រោងវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៦ផ្សេងទៀតដោយមានទុនវិនិយោគសរុប ៣២,២៦លានដុល្លារ និងបង្កើតការងារបាន ៨ ៧៨៤នាក់៕