RMA (Cambodia) Plc (RMAC) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ផ្នែក​រថយន្ត បរិក្ខារ​ធុន​ធ្ងន់ វិស្វកម្ម និង​សេវាកម្ម​ម្ហូបអាហារ ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​សាជីវកម្ម​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ពី​ការថយចុះ​យ៉ាងខ្លាំង​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​ នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំនេះ ដោយសារតែ​ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​តម្រូវការ​ឧស្សាហកម្ម​រថយន្ត​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣ ក្រុមហ៊ុន​RMAC ទទួលបាន​ប្រាក់ចំណូល​ចំនួន ៣៦៦,៧​ ពាន់​លាន​រៀល ធ្លាក់ចុះ ៥៣,៣ ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ ២០២២​។ ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០២៣ មាន​ចំនួន ១៣,២​ ពាន់​លាន​រៀល ធ្លាក់ចុះ ៨៦,៥​ ភាគរយ ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០២២​។​


​ទ្រព្យសកម្ម​សរុប​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​២០២៣ មាន​ចំនួន ១ ០៦៦​ ពាន់​លាន​រៀល កើនឡើង ១៩,៩​ ភាគរយ ធៀប​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន ៨៨៩​ ពាន់​លាន​រៀល​ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២២​។ ទន្ទឹមនឹងនោះ បំណុល​សរុប​គិត​ត្រឹម​ចុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣ មាន​ចំនួន ៥៣១,៧​ ពាន់​លាន​រៀល ដែលមាន​ចំនួន ១៧,៨​ ភាគរយ​ច្រើនជាង​បំណុល​សរុប​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ដែលមាន​ចំនួន ៤៥១,៤​​ពាន់​លាន​រៀល​។​

​លោក Kevin Whitcraft​ ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​សង្កេតឃើញថា​ សេដ្ឋកិច្ចពិភពលោក​មាន​ការធ្លាក់ចុះ​គួរឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០២៣​រួមជាមួយ​នឹង​ការ​ព្យាករ​កំណើន​របស់​ធនាគា​រ​ពិភពលោក​ត្រឹមតែ ៣,២​ ភាគរយ​ប៉ុណ្ណោះ​។ ស្ថានភាព​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ទៅដល់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ​។ អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​មានការ​ធ្លាក់​ចុះមក​នៅត្រឹម ៥ ​ភាគរយ​។ 


អនុ​បាត​នៃ​វិស័យ​ហិរញ្ញវត្ថុ​មានការ​កើនឡើង​យ៉ាងខ្លាំង ភ្ជាប់​ជាមួយនឹង​អត្រា​ឥណទាន​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ លើស ១០០​ភាគរយ ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ងាយ​ទទួលរង​គ្រោះ​ពី​វិបត្តិ​មួយចំនួន​ដូចជា​ការកើនឡើង​អត្រា​ការប្រាក់ សម្ពាធ​ថវិកា​គ្រួសារ ព្រមទាំង​អាជីវកម្ម​។​

​លោក​ថ្លែងថា​៖ «​ដោយ​យោងតាម​ការវិភាគ​របស់​យើង បាន​បង្ហាញថា វិស័យ​យានយន្ត​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៅ​ឆ្នាំ​២០២៣ ជាមួយនឹង​ការធ្លាក់ចុះ​នៃ​ការលក់​ប្រមាណ​ជា ៣០​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ ការធ្លាក់ចុះ​យ៉ាងខ្លាំង​នេះ គឺ​ដោយសារ​កត្តា​មួយចំនួន រួមបញ្ចូល​ទាំង​ផលប៉ះពាល់​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក ការកើនឡើង​អតិផរណា និង​ហានិភ័យ​ហិរញ្ញវត្ថុ​»​។​

​យោងតាម​លោក Kevin នៅក្នុង​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣ ក្រុមហ៊ុន ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ការលក់ ៥៦​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២ ខណៈដែល​ប្រាក់ចំណូល​សុទ្ធ​នៅ​ត្រីមាស​នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ ៨៦​ ភាគរយ​។​

​លោក​បន្តថា ទោះបីជា​យ៉ាងណាក៏ដោយ ពី​ ១​ ឆ្នាំ ទៅ​ ១​ ឆ្នាំ ក្រុមហ៊ុន ​RMAC នៅតែ​រក្សា​ការនាំ​មុខ​ទីផ្សារ​យានយន្ត​មិន​ប្រណីតជាមួយនឹង​ម៉ាក ​Ford និង​ Changan​។ ផ្អែកលើ​មូលដ្ឋាន​ពី​ ១ ​ឆ្នាំ ទៅ ​១​ ឆ្នាំ ប្រាក់ចំណូល​គឺ​ធ្លាក់ចុះ​ប្រមាណ -៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២ ប៉ុន្តែ​ក្រុមហ៊ុន RMAC​ នៅតែ​រក្សា​តារាង​តុល្យភាព​ដ៏​រឹងមាំ​។​

​លោក​លើកឡើងថា​៖ «RMAC នឹង​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ផលិតផល​ដែលមាន​តម្រូវការ​ខ្ពស់ ក៏ដូចជា​ផ្ដល់​សេវា​ដែល​គ្មាន​គូ​ប្រៀប​ទៅកាន់​អតិថិជន​ប្រចាំ​របស់ខ្លួន​។ ក្រុមហ៊ុន​របស់​យើង​ ក៏​កំពុងធ្វើការ​វិនិយោគ​លើ​បណ្ដាញ​នៃ​អគារ​តាំង​បង្ហាញ​រថយន្ត និង​សេវាកម្ម​ក្រោយ​ការលក់ ដែល​ការធ្វើ​បែបនេះ គឺជា​ការបង្ហាញ​ការប្ដេជ្ញាចិត្ត​រយៈពេល​វែង​របស់​យើង​ទៅកាន់​ប្រជាជន​កម្ពុជា​»​។​

​នៅក្នុង​ឯកសារ​លើក​មុន ក្រុមហ៊ុន RMAC បានឱ្យដឹងថា ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​បាន​កើនឡើង ២៦ ​ភាគរយ​ក្នុង​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំមុន​។ រថយន្ត​ថ្មី និង​រថយន្ត​ប្រើប្រាស់​រួច​ប្រហែល ៧១ ០០០​ គ្រឿង​ ត្រូវបាន​លក់​ធៀប​នឹង ៥៧ ០០០​គ្រឿង​​កាលពី​ឆ្នាំ ២០២១​។​

​ឯកសារ​បន្តថា​៖ «​ការលក់​រថយន្ត​ថ្មី​បាន​កើន​ឡើងដល់​ជាង ២៨ ០០០ ​គ្រឿង ដែល​តំណាងឱ្យ​ការកើនឡើង​ចំនួន ​៤៣​ភាគរយ​កាលពី​ឆ្នាំ​២០២១​។ ទីផ្សារ​រថយន្ត​ថ្មី​នៅ​ឆ្នាំ​២០២២ តំណាងឱ្យ ៣៩​ ភាគរយ​នៃ​ទីផ្សារ​សរុប កើនឡើង​ពី ៣៤​ ភាគរយ​កាលពី​ឆ្នាំ​២០២១​។ នៅ​ឆ្នាំ​២០២២ ការលក់​រថយន្ត Ford ថ្មី កើនឡើង ៣១​ ភាគរយ​»​។​

​តាមរយៈ​បណ្តាញ​ក្រុមហ៊ុន​សាខា​របស់ខ្លួន ក្រុមហ៊ុន RMAC គឺជា​«​តំណាង​ផ្តាច់មុខ និង​គ្រប់គ្រង​» ម៉ាក​យីហោ​រួមមាន ក្រុមហ៊ុន Ford Motor Company, Jaguar,Land Rover Piaggio JCB John Deere, JLG, Hako, PowerBoss, Minuteman, TCM, MeggerSebaKMT, John Deere, AVIS, The Pizza, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza និង The Coffee Club ជា​ដើម​៕