​ភ្នំពេញៈ ប្រទេស​កម្ពុជា ​បាន​ផលិត​ដុំ​មាស​ជិត ៩​​ តោន​ គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នេះ ចាប់តាំងពី​ការ​ផលិត​ដំបូង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ ខណៈ​វា​បាន​ក្លាយជា​ប្រភព​ចំណូល​ថ្មី​ពី​វិស័យ​ធន​​ធាន​រ៉ែ​ធម្មជាតិ​មួយ​នេះ​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រ​សួង​រ៉ែ និង​ថាមពល​ (MME) បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី​ «​គោល​​នយោបាយ​រ៉ែ​និង​ថាមពល​នៅ​កម្ពុជា​»​ កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៦ កំពុង​ចម្រាញ់​រ៉ែ​មាស​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ដោយ​បង្កើត​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ថវិកាជាតិ​។​


​លោក​ថ្លែងថា​៖ «​គិត​មកដល់ពេលនេះ កម្ពុជា​ផលិត​មាស​ប្រមាណ ១ ០៤០​ ដុំ ហើយ​សរុប​មាន​ប្រមាណ ៨ ៩៧៩ ​គីឡូ​​ក្រាម​។ ជាមួយនឹង​មាស​នេះ រដ្ឋាភិបាល​ទទួលបាន​ប្រាក់​សួយសារអាករ​ជាង ១៤,៤ លាន​ដុល្លារ​»​។​

​លោក អ៊ឹ​ង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ថា Renaissance Minerals (Cambodia) Ltd ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​អូស្ត្រាលី Emerald Resources NL កំពុង​ប្រតិបត្តិការ​នៅ​ខេត្តមណ្ឌលគិរី គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ លើ​ការរុករក​យក​រ៉ែ​មាស​។​


​លោក​បន្តថា នៅ​ខេត្តព្រះវិហារ​ក្រុម​​ហ៊ុន​ខ្នាតតូច Delcom (Kampuchea) Pte Ltd កាលពី​ថ្ងៃទី ​៤ ខែសីហា បានចាប់ផ្តើម​ការផលិត​សាកល្បង ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​ផលិត​ដុំ​មាស​ពាក់កណ្តាល​ចម្រាញ់​ចំនួន ២០ ដុំ​ដែលមាន​ទម្ងន់​សរុប​ប្រហែល ២០​ គីឡូក្រាម​។

លោក​បន្តថា ក្រុមហ៊ុន​គ្រោង​នឹង​ផលិត​ឱ្យបាន ៣៤០ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ​។ លោក​ប៉ាន់ប្រមាណ​ថា ការណ៍​នេះ​មានន័យថា នឹង​ទទួល​សួយ​សារ​អាករ​ប្រហែល ៦០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។​

​លោក​បានឱ្យដឹងថា ក៏មាន​ក្រុមហ៊ុន​ចំនួន​ ៥ ផ្សេងទៀត ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ផងដែរ​។​

​ដោយ​ទទួលស្គាល់​បញ្ហា​ការរុករក​រ៉ែ​មាស​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ខេត្ត​រតនគិរី លោក ឌី​ប៉ូ​ឡា បញ្ជាក់ថា មិនមាន​អាជីវកម្ម​រ៉ែ​មាស​ជា​ផ្លូវការ​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​ទេ បើទោះបី​មាន​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​មាស​ដ៏​សកម្ម​ចំនួន ៣ ក្នុងនោះ​អាជ្ញាប័ណ្ណ ២ បាន​ផ្តល់ឱ្យ​ Angkor Gold Corp ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កាណាដា និង​ក្រុមហ៊ុន​ចិន Oriental Wisdom​។​

​លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ក្រុមហ៊ុន Renaissance បាន​មើលឃើញ​ការកើនឡើង​នៃ​ផលិតកម្ម​មាស ហើយ​ប្រាក់​សួយ​សារ​ក៏បាន​រួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ដែរ​។​

​លោក​លើកឡើងថា អាជីវកម្ម​រ៉ែ​បានផ្តល់​ឱកាស​ការងារ​ក្នុង​តំបន់​។ លោក​បាន​ស្នើថា​៖ «​រដ្ឋាភិបាល​គួរតែ​បន្ត​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន​គោរព​បទ​ប្បញ្ញត្តិ​រុក​រក​រ៉ែ ហើយ​គួរ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រភេទ​នេះ​ដើម្បី​ស្វែងរក​មាស​ក្នុង​វិស័យ​ផ្សេងទៀត​»​។​

​គម្រោង​រ៉ែ​មាស​របស់​ក្រុមហ៊ុន Renaissance មាន​ទីតាំងនៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ក្រុម​ហ៊ុន​បានចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​លើ​គម្រោង​នេះ​កាលពី​ថ្ងៃទី​ ២១ ខែ​មិថុនា ឆ្នាំមុន ហើយ​គ្រោង​នឹង​ផលិត​ដុំ​មាស​ជា​មធ្យម​ប្រចាំឆ្នាំ ៣​ តោន​។​

​កម្ពុជា​រំពឹងថា គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ នឹង​អាច​រកចំណូលបាន ១៨៥​ លាន​ដុល្លារ ​ក្នុង​ ១​ ឆ្នាំ​នៃ​លំហូរ​សាច់ប្រាក់​មុន​បង់ពន្ធ​ចំនួន ៤០​ លាន​ដុល្លារ បាន​ពី​សួយសារអាករ និង​ពន្ធ​នេះ ត្រូវបាន​ផ្ទេរ​ចូលក្នុង​ថវិកាជាតិ​៕