​ភ្នំពេញៈ ក្រុមហ៊ុន​អចលន​ទ្រព្យ​ដែលមាន​អាជ្ញាប័ណ្ណ​ផ្នែក​វាយតម្លៃ ចំនួន ៣២ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​​ (MoU)​ លើ​ការប្ដេជ្ញាចិត្ត​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​ចូល​ជា​ធរមាន​កន្លងមក ខណៈ​ថ្នាក់​ដឹកនាំ​នៃ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​ រំពឹងថា​សេវាកម្ម​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ និង​ប្រកបដោយ​វិជ្ជាជីវៈ ចាប់ពី​ដើមឆ្នាំ​ ២០២៤ តទៅ ដើម្បី​ទប់​ស្កាត់​ការ​បំប៉ោង​លើ​តម្លៃ​អ​ច​​លន​ទ្រព្យ​ដោយ​ក្រុម​ឈ្មួញ​គ្មាន​អាជ្ញាប័ណ្ណ​មួយចំនួន​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមការងារ​វាយតម្លៃ​អចលន​វត្ថុ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA)​ កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក សន សៀ​ប ប្រធាន​សមាគម CVEA បានឱ្យដឹងថា សេវាកម្ម​វាយតម្លៃ គឺជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​គ្រប់​ប្រតិ​​ប​ត្តិ​ការទិញ​លក់ ជួល ឬ​បញ្ចាំ​អចលនទ្រព្យ គឺ​សុទ្ធតែ​ត្រូវការ​ព័ត៌មាន​នៃ​ការវាយតម្លៃ​ឱ្យបាន​ច្បាស់​។


ការចុះ MoU របស់​ក្រុមហ៊ុន​ទាំង ៣២ ដែលជា​សមាជិក CVEA នាពេល​ថ្មីៗ​នេះ​ពិតជា​សំខាន់​ណាស់​ក្នុងការ​រួមចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​លើ​ការអនុវត្ត​ប្រកាស​ក្រសួង​នាពេល​កន្លងមក​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ MoU និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ជា​សមាជិក CVEA ទាំងអស់ យើង​សង្ឃឹមថា ចាប់​ពី​ដើមឆ្នាំ​ ២០២៤​ ទៅ ការ​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងធ្វើ​ឡើង​តាម​ស្តង់ដា​រួម​តែ​ ១ មាន​របាយការណ៍​ផ្លូវការ និង​ធ្វើឡើង​ដោយ​វិជ្ជាជីវៈ និង​បានការ​ទទួលខុសត្រូវ​ខ្ពស់​»​។​


​លោក​បន្ថែមថា នៅពេល​ការ​​វាយតម្លៃ​អចលនទ្រព្យ ត្រូវធ្វើឡើង​ដោយ​អ្នកជំនាញ និង​ឯក​រាជ្យ​ដែលមាន​ការទទួលស្គាល់​ពី​ថ្នាក់ជាតិ និង​អន្តរជាតិ​នោះ វា​ក៏​ចូលរួមចំណែក​រក្សា​តម្លាភាព និង​ស្ថិរភាព​ហិរញ្ញវត្ថុ ព្រមទាំង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​យោងតាម​លោក សន សៀ​ប បច្ចុប្បន្ន​កម្ពុជា​ក៏​ជា​សមាជិក​នៃ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន (AVA)​ ផងដែរ ដូច្នេះ​អ្នក​ដែលមាន​ជំនាញ និង​វិជ្ជាជីវៈ គឺអាច​ទៅ​វាយតម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​សមាជិក AVA បាន​។​

​អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ សមាគម CVEA លោក សេង​ សុភ័ក្ត្រ បាន​និយាយថា ទោះ​បី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់ឱ្យអនុវត្ត​តាំង​ពី​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​រហូតមកដល់​ពេល​នេះ គឺ​មិនទាន់​ត្រូវបាន​ធ្វើឡើង​ដោយ​ពេញលេញ​នោះទេ​។​

​លោក​លើកឡើងថា ការ​វាយ​តម្លៃ​អចលនទ្រព្យ​ដែល​ធ្វើឡើង​ដោយ​អ្នក​មិនមាន​ការបណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​អតិថិជន​បាត់​ទំនុកចិត្ត និង​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ និង​បង្កើត​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​អ​ច​លន​ទ្រព្យ​ទាំងមូល​ទៀតផង​។​

​លោក​អះអាងថា​៖«​តាមរយៈ MoU នេះ​យើង​នឹង​ខិតខំ​ពង្រឹង​ការអនុវត្ត​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ឱ្យមាន​ប្រសិទ្ធភាព និង​ដើម្បី​ឈានទៅ​វាយតម្លៃ​អចលនទ្រព្យ​នៅក្រៅ​ប្រទេស​»​។​

​បើតាម​លោក សុភ័ក្ត្រ តម្លៃ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវបាន​កំណត់​ចាប់ពី ១៧០​ ដុល្លារ​ឡើងទៅ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០១៧ បានចេញ​ប្រកា​សលេខ ៧៦០ សហវ​.​ប្រក ស្តីពី​ «​ការដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នក​វាយតម្លៃ និង​ក្រមសីលធម៌​វិជ្ជា​ជីវៈ​ភ្នាក់ងារ​អចលនវត្ថុ​» និង​ប្រកា​សលេខ ៧៦១ សហវ​.​ប្រក ស្តីពី​ «​ថ្លៃ​សេវា និង​កម្រៃ​ជើងសា​វិជ្ជាជីវៈ​សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​» ​ដែល​ប្រកា​សទាំង ២ មាន​គោលបំណង​ធានា​ប្រ​សិទ្ធ​ភាព​នៃ​ការគ្រប់គ្រង ត្រួត​ពិនិត្យ និង​ការយក​កម្រៃ​សេវា កម្រៃជើងសា​វិជ្ជាជីវៈ និង​ការ​អនុវត្ត​វិជ្ជាជីវៈ លើ​ការអនុវត្ត​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា​។​

​សមាជិក​ក្រុមប្រឹក្សាភិបាល CVEA លោក ចេង ខេង បាន​និយាយថា លោក​ពិតជា​រីករាយ និង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការ​​ផ្តួចផ្តើម​របស់​សមាជិក CVEA ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​ច្បាប់ ក៏​ដូច​ពង្រឹងសមត្ថភាព​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​អចលន​​ទ្រព្យ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះ​កាន់តែ​រឹងមាំ ពិសេស​ងើបឡើង​វិញ​បាន​លឿន​ពី​វិបត្តិ​ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​ថ្លែងថា​៖ «​សូម​ចងចាំ​ថា វិស័យ​អចលនទ្រព្យ​គឺជា​សសរ​គ្រឹះ​សំខាន់​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស ដូច្នេះ​បើ​វិស័យ​អចលនទ្រព្យ​មាន​បញ្ហា សេដ្ឋកិច្ចជាតិ​ក៏​ជួប​បញ្ហា​ដែរ​»​។​

​ក្នុងនាម​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជិត ៣ ​ទសវត្សរ៍ លោក ចេង ខេង ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ត្រូវខិតខំ​អភិវឌ្ឍ​សមត្ថភាព​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។​

​លោក​អះអាងថា​៖ «​នៅពេល​ការប្រើប្រាស់​ជំនាញ​របស់​យើង​មាន​វិជ្ជាជីវៈ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹងមាន​គេ​ឱ្យ​យើង​ជួយ​វាយតម្លៃ​នៅក្រៅ​ប្រទេស​។ ជាក់ស្តែង​កន្លងមក​ក៏​ធ្លាប់មាន​ក្រុមហ៊ុន​កម្ពុជា​ចេញទៅ​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​​មី​យ៉ាន់​ម៉ា និង​ឡាវ​ដែរ​»៕