វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ក៏ដូចការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាក្រុងសៀមរាប នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទបរិយាបន្ន ហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការចូលរួមពី អ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០ នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈម ចុង ក្រោយបំផុតនៅក្នុងវិស័យ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើងដើម្បីកិច្ចការនេះរួមមានដូចជា ទី១ ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើននូវតម្លាភាព និងកិច្ចការពារ អតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។
ទី២ ក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបង្កើតឡើងដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មរបស់វិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដាប្រតិបត្តិការអាជីវកម្ម សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ទី៣ គម្រោងសុវត្ថិភាព ហិរញ្ញវត្ថុសហគមន៍ ដែលធ្វើឡើងក្នុងខេត្តចំនួន៤ ក្នុង គោលដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជននៅតាមកម្រិតមូលដ្ឋាន។
ទី៤ កម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល លើកិច្ចការពារអតិថិជនដែលបង្កើតឡើងដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដើម្បីធានា ថា កិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូល ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាននូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន។
ទី៥ សិក្ខាសាលាថ្នាក់តំបន់លើការពង្រឹង សមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុ ដែលផ្តោតលើថ្នាក់គ្រប់គ្រង នៅតាម សាខាថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់តំបន់របស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ។
ទី៦ កម្មវិធីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់មន្ត្រីឥណទាន និង មន្ត្រីពាក់ព័ន្ធការផ្តល់ ឥណទាន ដោយតម្រូវឱ្យប្រឡងយកវិញ្ញាបណ្ណប័ត្ររៀងរាល់បីឆ្នាំម្តង រួមទាំងកិច្ចខិតខំ ប្រឹងប្រែងជាច្រើនផ្សេងទៀត។
ចំណែកគំនិតផ្តួចផ្តើម ទី៧ វិធានផ្តល់ឥណទាន ដែលត្រូវបានឡើងក្នុងគោលបំណងធានាថា សមត្ថភាព ខ្ចីប្រាក់របស់អតិថិជនត្រូវបានវាយតម្លៃដោយហ្មត់ចត់និងត្រឹមត្រូវ ដើម្បីកាត់បន្ថយការជាប់បំណុល ច្រើនលើសលប់ និងបញ្ចៀសហានិភ័យជាប្រព័ន្ធនានា។
ស្របពេលជាមួយគ្នានេះដែរ តាមរយៈអង្គសន្និសីទ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានជំរុញសមាជិករបស់ខ្លួនឱ្យពិនិត្យមើលលទ្ធភាពក្នុងការជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែង នៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀត ជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សមាគមមីក្រូហិរញ្ញវត្ថុបញ្ជាក់ថា៖«ការប្តេជ្ញាចិត្តនេះផងដែរ បានធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងកិច្ចការពារអតិថិជនតាមរយៈការចេញសេចក្តីថ្លៃងការណ៍រួមនាដើមឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ រួមទាំង ការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់របស់គណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម»។
សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមគ្នាដោះស្រាយ។ ការប្តេជ្ញា នាពេលនេះ គឺជាសក្ខីភាពបង្ហាញនូវឆន្ទៈមុតមាំរបស់វិស័យនេះ ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕