សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរដ្ឋវិចតូរៀ គ្រោងនឹងសហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ពោលគឺស្របពេល នៃការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូស្រ្តាលី។

គម្រោងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលីនេះ ត្រូវបានលើកយកមកពិភាក្សាគ្នា កាលពីសប្តាហ៍មុនរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយគណៈប្រតិភូការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។


លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សភាពាណិជ្ជកម្ម បានទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួន២ រួមមាន នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា។

លោកបានបន្ថែមថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងចំនួន២ នៅប្រទេសអូស្រ្តាលី នឹងចាប់ផ្តើមពង្រីកទំនាក់ទំនងទ្វេភាគីរវាងពាណិជ្ជករ និងពាណិជ្ជករ ឬរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលនឹងធ្វើឱ្យការទំនាក់ទំនងកាន់តែឆាប់រហ័ស នឹងងាយស្រួល ស្របពេលដែលកម្ពុជា និងអូស្រ្តាលី កំពុងអនុវត្តនូវកិច្ចព្រមព្រៀង RCEP។


លោកបានបញ្ជាក់ថា៖«បន្ទាប់ពីបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី នឹងធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ រវាងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអូស្រ្តាលី។ ហើយការរៀបចំវេទិកានេះ គឺការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់ស្អិតរមួតបន្ថែមទៀត»។

លោកបានបន្តថា ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី លោកបានទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងមានជំនួបពាណិជ្ជមួយចំនួន ដែលរំពឹងថា ការនាំចេញនាំចូលរវាងកម្ពុជា និងអូស្រ្តាលី នឹងកាន់តែល្អប្រសើរឡើង។

«នាវេទិការនោះ យើងនឹងអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថា ដើម្បីទាក់ទាញដល់អ្នកធុរកិច្ច និងអ្នកវិនិយោគនៅអូស្ត្រាលីនោះដែរ។ម្យ៉ាងវិញទៀត ប្រធានសភាពាណិជ្ជកម្មរបស់យើង អ្នកឧកញ៉ាគិត ម៉េង គឺជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដូច្នេះយើងរួមជាមួយការិយាល័យតំណាងរបស់យើង និងខាងទូតកម្ពុជា នៅអូស្រ្តាលីសហការគ្នា រៀបចំវេទិកាដ៏មានសារៈសំខាន់មួយនេះ»។ លោក លឹម ហេង បានបញ្ជាក់បន្ថែម។

បើតាមលោក លឹម ហេង អូស្រ្តាលីបានចាប់អារម្មណ៍ក្នុងការនាំចូលសម្ភារ និងម្ហូបអាហារផ្សេងៗមកកម្ពុជា ខណៈអូស្រ្តាលីមានតម្រូវការលើផលិតផលច្រើនប្រភេទដូចជា វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និងចំណិតចេកក្រៀម ដែលបានសិក្សាដោយកម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា និងអូស្រ្តាលី បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ ដែលគិតមកដល់បច្ចុប្បន្ន អូស្រ្តាលីនៅតែបន្តរក្សាការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការអភិវឌ្ឍរបស់កម្ពុជា។

លោកបានបន្ថែមថា បើមើលទៅតាមទំនាក់ទំនងការទូតនាពេលកន្លងទៅ អូស្រ្ដាលីតែងតែមានការប្តេជ្ញាចិត្ត ក្នុងការបង្កើនភាពជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

លោកបានបញ្ជាក់ទៀតថា៖«លើសពីទំហំពាណិជ្ជកម្ម កន្លងមករដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយថវិកា និងបច្ចេកទេសដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជា ជាច្រើន។ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ កាន់តែរីកធំធាត់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផងដែរ»។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី ក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ ខណៈឆ្នាំ២០២២ សម្រេចបានជាង៥២៣លានដុល្លារអាមេរិក ដោយបានកើនឡើងជិត២០០លានដុល្លារ។ ដោយឡែកក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង២៩៥លានដុល្លារ ថយចុះជាង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕