លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរ៉ែមាស   Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងវេទិកាពិភាក្សាគោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា កាលពីសប្តាហ៍មុន លោក កែវ រតនៈ បានលើកឡើងថា ការរុករ៉ែមាសនៅកម្ពុជា អាទិភាពធំ គឺនៅខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) កំពុងតែផ្តល់ការងារជាង២០០កន្លែង ដល់ពលរដ្ឋនៅតំបន់ ដែលមានប្រាក់បៀវត្សសមរម្យ មានធានារ៉ាប់រងត្រឹមត្រូវ និងបានបង់ពន្ធរាប់លានដុល្លារចូលជាតិ។


លោកបន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ។ ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។

លោកបានបន្ថែមថា នៅពេលដែលក្រុមហ៊ុនវិនិយោគរ៉ែមួយ អនុវត្តបានត្រឹមត្រូវ តាមការកំណត់របស់ច្បាប់ ក្រសួងនឹងផ្តល់ការគាំពារនិងគាំទ្រយ៉ាងខ្លាំងក្លា ខណៈដែលក្រុមហ៊ុនណាដែលអនុវត្តមិនមានតុល្យភាព ប៉ះពាល់បរិស្ថាន និងមិនគោរពច្បាប់ ក្រសួងមានចំណាត់ការក្នុងការបិទអាជីវកម្មនោះ។


បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។

«ឆ្លងកាត់ការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ ទើបក្រុមហ៊ុន Renaissance Minerals របស់ប្រទេសអូស្ត្រាលី សម្រេចចិត្តបោះទុនវិនិយោគ។ការសិក្សាកន្លងមកស្ថិតនៅលើផ្ទៃដីធំ ប៉ុន្តែក្រុមហ៊ុននេះ បានបង្រួមផ្ទៃដីរុករកវិញ ក្រោយពីគេបានសិក្សាយ៉ាងល្អិតល្អន់»។ លោកបានបញ្ជាក់បន្ថែម។

បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។  រាជរដ្ឋាភិបាលអាណត្តិទី៦ ធ្លាប់បានរំពឹងថា អាជីវកម្មរ៉ែមាស បានផ្តល់ចំណូលដុលមធ្យម ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យម ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។

ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មកម៉្លេះ៕