ភ្នំពេញៈ គណៈប្រតិភូ​នៃ​សមាគម​បច្ចេកវិទ្យា​ឧស្សាហកម្ម​សាធារណរដ្ឋ​កូរ៉េ ​(KOITA)​ បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​មក​សិក្សា​សមិទ្ធិ​លទ្ធភាព ព្រមទាំង​ស្វែងរក​ដៃគូ​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​នាពេល​ឆាប់ៗ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ រយៈពេល ១០ ​ខែ​ ដើមឆ្នាំ​ ២០២៣ មាន​ជិត ៦១៣​ លាន​ដុល្លារ​។

ក្នុងជំនួប​ជាមួយ លោក សួន សុផល អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​(​គ​.​វ​.​ក​.)​ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក Shim MyoungSik ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ទីផ្សារ​បរទេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ថ្មី​ល្អឥតខ្ចោះ​នៃ​សមាគម​បច្ចេកវិទ្យា​ឧស្សាហកម្ម​កូរ៉េ បានឱ្យដឹងថា លោក និង​សមាជិក​ KOITA បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​មក​សិក្សា​ឱកាស​វិនិយោគ និង​ស្វែងរក​ដៃគូ​បណ្តាក់ទុន​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ​។


លោក​បន្តថា គណៈប្រតិភូ​ដែល​បានរួម​ដំណើរ​ជាមួយ​លោក គឺមាន​មកពី​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា វិស័យ​យានយន្ត​, អេឡិចត្រូនិក​, ឌីជីថល​, អគ្គិសនី​, ថាមពលបៃតង​, បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​យើង​មានការ​ចាប់អារម្មណ៍​យ៉ាង​ក្រៃលែង​ក្នុងការ​មក​សិក្សា​សមិទ្ធិ​លទ្ធភាព ព្រមទាំង​ស្វែងរក​ដៃគូ​ដើម្បី​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ​»​។


អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា ​(​គ​.​វ​.​ក​.) លោក សួន សុផល បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ KOITA និង​បាន​ប្រាប់​គណៈប្រតិភូ​អំពី​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងការ​ចូលរួម​លើកកម្ពស់ និង​ផ្តល់​កិច្ច​សម្រួល​ដល់​ការវិនិយោគ​បរទេស និង​ក្នុងស្រុក ដើម្បី​សម្រេចបាន​នូវ​វិស័យ​ឯកជន​ដែលមាន​ស្ថិរភាព និង​ភាពរឹងមាំ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ប្រទេស​ម្ពុ​ជា​។

លោក​ថ្លែងថា​៖ «​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានដាក់​ចេញ​នូវ​យន្តការ​ជាច្រើន ហើយ​ក្នុងនោះ​រួមមាន​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​នៃ​របប​វិនិយោគ​ដែល​បាននិងកំពុង​ចូលរួម​ជា​អនេក​ក្នុងការ​បង្កើត​បរិយាកាស​ធុរកិច្ច​ឈ្នះ​-​ឈ្នះ និង​បរិស្ថាន​វិនិយោគ​កក់ក្តៅ​ជូន​វិនិយោគិន សំដៅ​ធានាបាន​នូវ​ភាពជោគជ័យ និង​ការរីកលូតលាស់​នៃ​គម្រោង​វិនិយោគ​របស់​វិស័យ​ឯកជន​នៅលើ​ទឹកដី​កម្ពុជា​»​។

បើតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការសិក្សា​ស្វែងយល់​អំពី​របប​វិនិយោគ​, កាលានុវត្តភាព​ធុរកិច្ច​, និង​បរិស្ថាន​វិនិយោគ​កម្ពុជា​ក្នុងដំណាក់កាល​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​រយៈពេល ១០​ ខែ ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​កូរ៉េ មាន​ទឹកប្រាក់​សរុប ៦១២,៩៩​ លាន​ដុល្លារ ធ្លាក់ចុះ ៧​ ភាគរយ​ ពី​ចំនួន ៦៥៨,៩​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។

ក្នុងចំណោម​ទឹកប្រាក់​នេះ គឺ​កម្ពុជា​នាំ​ទំនិញ​ចេញទៅ​ប្រទេស​កូរ៉េ ចំនួន ២២៥,៦២​ លាន​ដុល្លារ កើនឡើង ១៨,៤​ ភាគរយ ចំណែក​កូរ៉េ​នាំមក​កម្ពុជា ៣៨៧,៣២​ លាន​ដុល្លារ ធ្លាក់ចុះ ១៧,៣ ​ភាគរយ​។

អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​៨ ខែតុលា​ថា ការកែសម្រួល​ប្រព័ន្ធ​ច្បាប់​វិនិយោគ​របស់​កម្ពុជា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី បាន​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មេដែក​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​ផ្ទាល់ និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​។

លោក​បន្តថា បច្ចុប្បន្ន​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​កសិកម្ម​កាន់​តែ​ច្រើន​ទៅ​ប្រទេស​នានា​លើ​ពិភពលោក​។​

លោក​ប្រាប់ថា​៖ «​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​កូរ៉េ​នា​រយៈពេល​ចុងក្រោយ​នេះ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​វា​នៅតែ​ទាប​ជាការ​នាំចូល​របស់​កូរ៉េ​។ នេះ​ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យមាន​កាន់តែច្រើន​មុខ​ថែមទៀត ដើម្បី​អាចឆ្លើយតប​ទៅគ្រប់​ស្ថានភាព​ទីផ្សារ​នាំចេញ រួមទាំង​ប្រទេស​កូរ៉េ​ផងដែរ​»​។

​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កូរ៉េ គឺជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កសិផល ជាដើម ចំណែក​ទំនិញ​ដែល​កូរ៉េ​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿងយន្ត​កសិកម្ម ផលិតផល​អេឡិចត្រូនិក ឱសថ ភេសជ្ជៈ និង​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ នេះ​បើតាម លោក វណ្ណៈ​។​

ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ទឹកប្រាក់​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជាមាន​ប្រមាណ ៤៥,៨​ពាន់​លាន​ដុល្លារ កើនឡើង ៩​ភាគរយ​បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។ ប្រទេស​កូរ៉េខាងត្បូង​ឈរ​នៅ​លេខ ២ ដោយមាន​ទឹកប្រាក់ ៥,៥​ពាន់​លាន​ដុល្លារ កើន ១០,៤​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។

​ក្នុង​ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២៤​លាន​ដុល្លារ កើនឡើង ០,៦​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ ២៣៣,៦៣៨ លាន​ដុល្លារ កើន ២០,៤ ភាគរយ និង​កូរ៉េ នាំចូល ៥៤៥,២៨៦ លាន​ដុល្លារ ធ្លាក់ចុះ ៦​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕