ភ្នំពេញៈ ក្រុមហ៊ុន សែ​ល​កាត ឬ ខេ​ម​ជ្ជី​អេស​អេ​ម​ ​(CamGSM) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ដ៏​ធំ និង​ចំណាស់​នៅ​កម្ពុជា បាន​ក្លាយជា​ក្រុមហ៊ុន​ទី​១ នៅក្នុង​ប្រវត្តិ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) ដោយបាន​ចុះបញ្ជី​បោះផ្សាយ​ជា​ផ្លូវការ​នូវ​សញ្ញា​បណ្ណ​និរន្តរភាព ព្រមទាំង​កៀរគរ​ទុន​ជិត​ ២០ ​លាន​ដុល្លារ​សម្រាប់​ពង្រីក​អាជីវ​​កម្ម​របស់ខ្លួន​។​

​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ក្រុមហ៊ុន​នេះ បានសម្រេច​ការបោះ​ផ្សាយ និង​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​និរន្តរភាព ដែល​ការបោះ​​ផ្សាយ​ប្រកបដោយ​ភាពជោគជ័យ​នេះ​ក្នុង​ទំហំ​បោះផ្សាយ​ប្រមាណ ​១៩,៩ ​លាន​ដុ​​ល្លារ និង​មាន​រយៈពេល ​១០ ​ឆ្នាំ​។​


​លោក ហុង សុ​ហួរ អគ្គនាយក​នៃ CSX បាន​ថ្លែង​ក្នុង​កម្មវិធី​បោះផ្សាយ​ថា សាច់​​ប្រាក់​ដែល​បានមកពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​នេះ ក្រុមហ៊ុន​នឹង​ប្រើ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន និង​ធ្វើ​បុ​ន​​ហិរញ្ញប្បទាន​ដល់​គម្រោង​ដែល​ផ្តល់​អត្ថ​​ប្រយោជន៍​ដល់​សង្គម និង​បរិស្ថាន​។​

​លោក​ថ្លែងថា​៖ «​ប្រភេទ​សញ្ញា​បណ្ណ​និរន្តរ​ភាព​នេះ​ផងដែរ ក៏មាន​ការគិតគូរ​ទៅដល់​សង្គម ដោយ​ពង្រីក​សេវា​គ្របដណ្តប់​ទៅកាន់​ទី​ដាច់ស្រយាល ឬ​សហគមន៍​ដែល​ទទួលបាន​សេវា​មិន​គ្រប់គ្រាន់ ដើម្បី​កាត់​បន្ថយ​គម្លាត​ឌីជីថល និង​សំដៅ​បង្កើន​សមភាព​សង្គម​»​។​


​លោក​ពន្យល់ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផ្តល់​ជម្រើស​ហិរញ្ញប្បទាន​ទាំង​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​។ លើសពីនេះ CSX គឺជា​ប្រភព​ហិរញ្ញប្បទាន​មិនចេះ​រីងស្ងួត ហើយក៏​ជា​កន្លែង​ដែល​ផ្តល់​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មីៗ ដែលមាន​ភាព​ទាក់ទាញ និង​ផ្តល់​អត្ថ​ប្រ​យោជន៍​ជាច្រើន​ជូន​សង្គម និង​សេដ្ឋកិច្ច​។​

​លោក​បន្តថា​៖ «​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ក្នុងការ​បោះផ្សាយ​សញ្ញា​បណ្ណ​តាម​វិស័យ​រួមមាន សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរ​ភាព និង​បន្ត​គាំទ្រ​រាជ​រដ្ឋ​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ដែល​បំ​ភាយ​កាបូន​ទាប ស្របតាម​គោល​នយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង ឆ្នាំ​ ២០១៣-២០៣០​។ យើង​ក៏បាន​លើក​កម្ពស់ ESGs ដែល​កិច្ចការ​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ឆ្នាំ​ ២០២២»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័ត​ករ​​មូល​ប​ត្រ​កម្ពុជា ​(SERC) បាន​និយាយថា នេះ​ជា​លើក​ទី២​ ហើយ ដែល​ក្រុមហ៊ុន​នេះ​ធ្វើការ​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅលើ CSX ដោយ​ក្រុមហ៊ុន​សែ​ល​ខាត បានបញ្ចប់​ការ​​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សា​ធា​រណៈ​លើកដំបូង និង​ចុះបញ្ជី​លក់​មូល​​ប​ត្រ​កម្មសិទ្ធិ​ដោយបាន​កៀរគរ​ទុន​ចំនួន​ប្រមាណ ៥,២​ លាន​ដុល្លារ​ កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២៣​ កន្លងទៅ​ថ្មីៗ​នេះ ហើយ​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំនេះ ក្រុមហ៊ុន​ក៏បាន​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​និរន្តរភាព​ដោយ​គិត​ជា​ទំហំ​ទឹកប្រាក់​ប្រ​មាណ ១៩,៩ ​លាន​ដុល្លារ​ដែលមាន​តម្លៃ​ចារឹក​ក្នុង​ ១ ​ឯក​តា​មូល​ប​ត្រ​បំណុល​ស្មើនឹង ១ ​សែន​រៀល ដោយ​ក្រុមហ៊ុន​បានធ្វើ​ការកំណត់​អត្រា​គូ​ប៉ុង SOFR បូក ៣​ ភាគរយ​ឬ ៥,៥ ​ភាគរយ យក​មួយណា​ដែល​ខ្ពស់ជាង ក្នុង ​១​ ឆ្នាំ​ជាមួយនឹង​ការទូទាត់​គូ​ប៉ុង​ប្រចាំឆមាស និង​មាន​ឥណប្រតិទាន ១០ ​ឆ្នាំ (២០២៣-២០៣៣)៕