ភ្នំពេញៈ ទោះបីសេដ្ឋកិច្ចជាតិ និងពិភពលោកនៅពេលនេះមិនទាន់មានភាពប្រាកដប្រជាដោយទទួលរងឥទ្ធិពលពីការអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្តី ក៏ដំណើរការនៃប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅបន្តភាពធន់នឹងវិបត្តិ ដោយនៅតែបង្ហាញនូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការចាក់បញ្ចូលនូវប្រភពហិរញ្ញវត្ថុដើម្បីជំរុញចរន្តសកម្មភាពម៉ាក្រូសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិនេះ។
នេះបើតាមលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ថ្លែងក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ភាពធន់ និងនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង ៥ ពាន់លានដុល្លារ និងមានអតិថិជនឥណទានសរុប ជាង ១,៥ លាននាក់ ខណៈសមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង ២ ពាន់លានដុល្លារ និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត ២ លាននាក់។
លោកថ្លែងថា៖«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថិរភាពតាមរយៈការផ្តល់សេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន»។
លោកបន្ថែមថា សមាគមក៏កំពុងអនុវត្តយន្តការនៃការដោះស្រាយបណ្តឹង និងសំណូមពរអតិថិជនតាមប្រព័ន្ធហតឡាញប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងអនុវត្តតាមគោលការណ៍គាំពារអតិថិជន ដែលក្នុងនោះរួមមាន ការដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន លេខបណ្តឹងតវ៉ារបស់សមាគមទាំង ២ នៅទីតាំងតែមួយនៅលើសៀវភៅឥណទានកិច្ចសន្យាឥណទានព្រមទាំងសម្ភារផ្សព្វផ្សាយផ្សេងៗ។
លោក ឡាយ សុខហេង ប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងក្នុងសន្និសីទថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបានភាពល្អប្រសើរ ទោះបីមានឧបសគ្គពីខាងក្រៅបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនៅពេលបច្ចុប្បន្នក៏ដោយ។
លោកថ្លែងថា៖ «កំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើងក្នុងល្បឿនដ៏ល្អធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារការរួមចំណែកពីគ្រួសារ វិស័យជួញដូរ និងពាណិជ្ជកម្ម កសិកម្ម និងវិស័យសេវាកម្ម»។
លោកលើកឡើងថា៖ «មូលនិធិកម្ចីក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនជាលំដាប់ ហើយភាគច្រើនជារយៈពេលវែង ដែលជួយឱ្យពួកគេគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់ពួកគេកាន់តែប្រសើរ។ ប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះតិចតួច ដោយសារការចំណាយកាន់តែខ្ពស់។ ដើមទុនរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែមានភាពល្អប្រសើរ និងខ្ពស់ជាងតម្រូវការបទប្បញ្ញត្តិ ចំនួន ១៥ ភាគរយ»។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងក្នុងសន្និសីទថា ការព្យាករកំណើនកម្ពុជា មានចំនួន ៥,៤ ភាគរយក្នុងឆ្នាំ ២០២៣ ហើយនឹងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង ៦,១ ភាគរយឆ្នាំ ២០២៥។ លោកបន្តថា បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ និងឧបសគ្គសេដ្ឋកិច្ចសកលនៅតែបន្ត។
លោកបញ្ជាក់ថា ការប្រើប្រាស់ផ្នែកឯកជនបានធ្លាក់ចុះ ខណៈតម្រូវការក្នុងស្រុកក៏កំពុងធ្លាក់ចុះផងដែរ ខណៈការនាំចូលទំនិញប្រើប្រាស់ និងទំនិញដែលប្រើប្រាស់រយៈពេលយូរ បានធ្លាក់ចុះ។ ជាមួយគ្នានេះដែរ កម្រិតស្ថានភាពរបស់ប្រជាពលរដ្ឋក៏ប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ឈ្នួល និងកំណើនយឺតក្នុងទីផ្សារការងារ កាត់បន្ថយការប្រើប្រាស់ជាដើម៕