ភ្នំពេញៈ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ដែលមានទុនវិនិយោគសរុប ៣២,៩ លានដុល្លារ និងបង្កើតការងារបានរាប់ពាន់កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យវិនិយោគ ដោយចំនួន ៤ ស្ថិតក្នុងខេត្តស្វាយរៀង និង ៣ នៅខេត្តព្រះសីហនុ។
បណ្តាញសង្គមផ្លូវការរបស់ CDC កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឱ្យដឹងថា យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងវិនិយោគចំនួន ៧ ដែលក្នុងនោះ ៤ ស្ថិតក្នុងខេត្តស្វាយរៀង រួមមាន គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) របស់ក្រុមហ៊ុន Vacation Industry Co., Ltd. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង មានទុនវិនិយោគ ៧,៣លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ និងសម្ភារលំអដើមគ្រីស្មាស់ របស់ក្រុមហ៊ុន Star United Christmas Decoration Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ក្រោមទុនវិនិយោគ ៦ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ របស់ក្រុមហ៊ុន CH Lighting Tree Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក មានទុនវិនិយោគ ៥,៨លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ របស់ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង (បាវិត) មានទុនវិនិយោគ ១,២ លានដុល្លារ។
ចំណែកគម្រោង ៥ ទៀតនៅខេត្តព្រះសីហនុ រួមមាន គម្រោងបង្កើតរោងចក្រផលិតក្រណាត់ របស់ក្រុមហ៊ុន Justmarvelous Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្នុងទុនវិនិយោគ ៨,២ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ របស់ក្រុមហ៊ុន Kamelun Wood Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទុនវិនិយោគ ៣លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) របស់ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោមទុនវិនិយោគ ១,៤ លានដុល្លារ; ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD; និង ក្រុមហ៊ុន Justmarvelous Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨.២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៦ កន្លែង គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥ កន្លែង។
ជាមួយគ្នានេះដែរក៏មានគម្រោងមួយចំនួនទៀត ដូចជា ក្រុមហ៊ុនXIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤ ៣៧០ កន្លែង; ក្រុមហ៊ុនNEW HUICHEN (CAMBODIA) TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៨៩៦កន្លែង; ក្រុមហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦ លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ២៣៨កន្លែង; ក្រុមហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១ ៧៩០ កន្លែង; និង ក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ៦៩ ផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៧ កន្លែង។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) ឱ្យដឹងថា ការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន ការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័នដឹកជញ្ជូន គឺសុទ្ធតែជាផ្នែកដ៏សំខាន់ដែលជួយឱ្យកម្ពុជាទទួលបានការបណ្តាក់ទុនថ្មីៗ និងការពង្រីកចង្វាក់ផលិតកម្មជាបន្តបន្ទាប់។ លោកបន្តថា ក្រៅពីការរៀបចំខាងក្នុង រាជរដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជា ក៏បានខិតខំស្វែងរកទីផ្សារថ្មីៗដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការនាំចេញទំនិញផងដែរ។
លោកបានថ្លែងថា៖«ទោះជាស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះ មិនទាន់ល្អប្រសើរ ដែលនាំឱ្យការបញ្ចេញទុនពីសំណាក់វិនិយោគមិនសូវមានច្រើន ប៉ុន្តែកម្ពុជានៅតែអាចទទួលបានគម្រោងវិនិយោគថ្មីៗ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺគម្រោងវិនិយោគថ្មីៗ នៅកម្ពុជា គឺមានលក្ខណៈចម្រុះកាន់តែច្រើន ទាំងប្រភេទប្រើប្រាស់កម្លាំងពលកម្មច្រើន (វាយនភណ្ឌ) និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ»។
លោកលើកឡើងទៀតថា សម្រាប់សភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឱ្យផ្នែកឯកជននៅកម្ពុជា គឺបានខិតខំយ៉ាងខ្លាំងផងដែរក្នុងការផ្សព្វផ្សាយពីសក្តានុពល និងច្បាប់វិនិយោគនៅកម្ពុជា ព្រមទាំងបានបើកការិយាល័យតំណាងរបស់ខ្លួននៅក្រៅប្រទេស (កាណាដា ជប៉ុន និងអូស្ត្រាលី) ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុនផ្ទាល់ និងបញ្ជាទិញទំនិញពីកម្ពុជា។
អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី លោកស្រី កែវ មុំ បានប្រាប់ថា ប្រសិនបើតម្លៃថាមពលអគ្គិសនីនៅកម្ពុជាអាចស្មើ ឬទាបជាងប្រទេសជិតខាងនោះ គឺកម្ពុជា នឹងមានឱកាសច្រើនថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យបណ្តាក់ទុន។ ដោយសារតម្លៃអគ្គិសនីផ្សារភ្ជាប់នឹងគ្រប់ចង្វាក់ផលិតកម្ម ដូច្នេះបើតម្លៃអគ្គិសនីទាប វាក៏ជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងតម្លៃទំនិញលើទីផ្សារផងដែរ។
លោកស្រីនិយាយថា៖«អគ្គិសនីកាន់តែទាប ធ្វើឱ្យថ្លៃដើមផលិតកាន់តែទាប ដែលនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ជាមួយនឹងទំនិញរបស់ប្រទេសនានា លើពិភពលោក។ អ្នកវិនិយោគបរទេសមុននឹងទៅបណ្តាក់ទុននៅប្រទេសណា សំណួរមុនគេ គឺអគ្គិសនីនៅទីនោះមានគ្រប់គ្រាន់ដែរ ឬទេ? តើអគ្គិសនីមានតម្លៃខ្ពស់ ឬទាប?»៕