ភ្នំពេញ​: ធនាគារកណ្តាល​របស់​ព្រះរាជាណាចក្រ​កម្ពុជាបាន​បញ្ជាក់ថា ស្រប​ពេលដែល​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍ ជាពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ វា​ក៏មាន​ហានិភ័យ​ជាច្រើន​មួយចំនួន​ដល់​សង្គម ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការគ្នា​ក្នុងការ​ធ្វើឱ្យ​កម្ពុជា ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​សម្រាប់​ការអភិវឌ្ឍ​ឌីជីថល និង​នវានុវត្តន៍​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល CamTech Summit 2023 កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​លើកឡើងថា បើទោះបីជា​ការទទួលយក​បច្ចេកវិទ្យា​ក្នុង​វិស័យ​ផ្សេងៗ​កំពុង​បង្កើនល្បឿន​ក៏ដោយ ក៏មាន​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ដោះស្រាយ​ផងដែរ ដើម្បីឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ​។​


​លោកស្រី​ថា ទាំង​រូបវន្តបុគ្គល និង​អាជីវកម្ម​ជាច្រើន​មានការ​យល់​ដឹង​ផ្នែក​អក្ខរកម្ម​ឌីជីថល​នៅមានកម្រិត​នៅឡើយ អាចជា​ឧបសគ្គ​ចម្បង​ក្នុងការ​លើកកម្ពស់​ការប្រើប្រាស់ និង​ធ្វើឱ្យ​ពួកគេ​ទទួលរង​ហានិភ័យ​ទាក់ទង​នឹង​បច្ចេក​វិទ្យា​។​

​លោកស្រី​បន្តថា​៖ «​ការណ៍​នេះ​យើង​ត្រូវ​ផ្តោតលើ​សារៈសំខាន់​នៃ​អក្ខរកម្ម​ឌីជីថល ដែលជា​វិស័យ​ថ្មី​មួយទៀត​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចាំបាច់​ត្រូវ​ពិចារណា​។ ដោយសារ Fintech បន្ត​វិ​វ​ឌ្ឍ​យ៉ាង​លឿន ហានិភ័យ​ថ្មីៗ ជាពិសេស​ហានិភ័យ​សុវត្ថិភាព​តាម​អ៊ី​ន​ធឺ​ណិ​ត​បាន​កើតឡើង និង​ក្លាយជា​ភាព​ស្មុគ​ស្មាញ​។ ដូច្នេះ បទ​ប្បញ្ញត្តិ​ត្រូវតែមាន​ការឆ្លើយតប​ប​ន្ថែ​ម​ទៀត​ដើម្បី​តាម​ឱ្យទាន់​ការអភិវឌ្ឍ​នេះ​។ ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​សន្តិសុខ​​អ៊ី​ន​ធឺ​ណិ​ត និង​ការការពារ​សិទ្ធិ​ឯកជន​ភាព និង​ទិន្នន័យ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់បំផុត​ក្នុង​ការបង្កើន​ទំនុកចិត្ត​នៅពេល​ឆ្ពោះទៅ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​»​។​


​លោកស្រី​បាន​បន្ថែមថា​៖ «​ជាមួយនឹង​បញ្ហា​ប្រឈម​ទាំងនេះ ខ្ញុំ​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​ CamTech​ នឹង​ផ្តល់នូវ​វេទិកា​រួមបញ្ចូល​គ្នា​មួយ​សម្រាប់​អ្នក បង្កើត​គោលនយោបាយ និយតករ អាជីវកម្ម និង​តួអង្គ​បច្ចេកវិទ្យា​មកពី​វិស័យ​ផ្សេងៗ ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ថ្មីៗ​នៃ​បច្ចេកវិទ្យា​នៅ​កម្ពុជា និង​ពិភពលោក និង​សារៈសំខាន់ ឱកាស និង​បញ្ហា​ប្រឈម​កាន់តែខ្លាំង​ឡើង​របស់​ពួកគេ ក្នុងការ​បង្កើត​សេដ្ឋកិច្ចកម្ពុជា​ក្នុង​យុគ​​សម័យ​ឌីជីថល ជាពិសេស​ផ្លូវ​ឆ្ពោះទៅរក​ការ​ស្ទុះ​ងើបឡើង​វិញ បន្ទាប់ពី​រង​ផល​ប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​នៅពេល​បច្ចុប្បន្ន​»​។​

​លោក Remi Pell ប្រធាន​សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា (CAFT) បានឱ្យដឹងថា CamTech Summit 2023 មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​លើកទឹកចិត្ត​សមាជិក​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​ដើម្បី​ជំរុញ​របៀបវារៈ​រួមគ្នា​។ លោក​បន្តថា បន្ទាប់ពី​ការជំរុញ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ដែល​កើតឡើង​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ វា​កាន់តែច្បាស់​ថា​អនាគត នឹង​ក្លាយជា​អនាគត​បច្ចេកវិទ្យា​ជាមិនខាន​។​

​លោក​បាន​ថ្លែងថា​៖ «​នៅពេលនេះ ទោះបីជា​វា​មាន​ប្រយោជន៍​ខ្លាំង​ក៏ដោយ ក៏​វា​ពិតជា​បង្ហាញ​ពី​បញ្ហា​ប្រឈម​ធំៗ​របស់​យើង​ផងដែរ​។ របៀប​ដែល​យើង​នឹង​បញ្ចូល​ចំណេះដឹង​ចាំបាច់​ឱ្យបាន​លឿន​តាម​ដែល​ពិភពលោក​ទាមទារ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​អាជីវកម្ម​/​ការចេញផ្សាយ​បច្ចេកវិទ្យា​ថ្មីៗ​។ តើ​យើង​អាច​តម្រង់ទិស​តាមរយៈ​ភាពស្មុគស្មាញ​នៃ​បច្ចេកវិទ្យា​ថ្មីៗ ដោយ​មិន​ត្រូវបាន​គេ​ទុកចោល​ដោយ​របៀប​ណា​? តើ​យើង​អាច​ទទួលបាន​ជំនាញ​ចាំបាច់​ដើម្បីឱ្យ​ស្ទាត់ជំនាញ​លើ​បច្ចេកវិទ្យា​ទាំងនេះ​ដោយ​របៀប​ណា​ដើម្បី​ប្រើប្រាស់​វា​ឱ្យបាន​ប្រយោជន៍​? ហើយ​ចុងក្រោយ តើ​យើង​ធ្វើឱ្យមាន​តុល្យភាព​នវានុវត្តន៍​ឌីជីថល និង​ការទទួលខុសត្រូវ​ដោយ​របៀប​ណា​?

​យោងតាម​លោកស្រី ជា សិរី ចាប់​តាំង​ពី​ការដាក់ឱ្យ​ប្រើប្រាស់បាគង កាលពី​ខែតុលា ឆ្នាំ​ ២០២០ មក បច្ចុប្បន្ននេះ​មាន​សមាជិក បាគង​ចំនួន ៧១​ បាន​ចូលរួម​នៅក្នុង​ប្រព័ន្ធ​នេះ ដែល​ក្នុងនោះ​មាន​សមាជិក​ចំនួន ៥២ កំពុងដំណើរការ​ផ្ទាល់​ទៅដល់​អតិថិជន​ជាង ១០​ លាន​នាក់ ហើយ​ប្រតិបត្តិ​ការសរុប​មាន​ចំនួន ៦៣​ លាន​ដង​៕