ភ្នំពេញៈ អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងកាន់តែមានកំណើនខ្ពស់ បន្ទាប់ពីការប្តេជ្ញានៃប្រទេសទាំង ២ ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម ស្របពេលដែលការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ (Cambodia-UAE CEPA) ដែលនឹងចូលជាធរមាននៅពេលឆាប់ៗ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Thani bin Ahmed Al Zeyoudi កាលពីថ្ងៃទី ២៩ ខែវិចិ្ឆកា ឆ្នាំ ២០២៣ នៅរដ្ឋធានីអាប៊ុយដាប៊ី (ប្រទេសអេមីរ៉ាតអារ៉ាប់រួម) បានជួបពិភាក្សាពីការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពនៃការទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ (Cambodia-UAE CEPA )ដែលគ្រោងនឹងចូលជាធរមាននាពេលខាងមុខ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ធ្វើឡើងស្របពេលកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រៀមអនុវត្ត Cambodia-UAE CEPA នាពេលខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែវិច្ឆិកាថា អេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងមានជំនាញលើវិស័យធនធានប្រេង និងឧស្ម័ន ដូច្នេះវាជាឱកាសរបស់កម្ពុជាក្នុងការចាប់យកចំណែកទីផ្សារនាំចេញផលិតផលរបស់ខ្លួនពិសេសផលិតផលកសិកម្ម និងវាយនភណ្ឌ ព្រមទាំងចំណេះដឹងផ្នែករុករកប្រេង និងឧស្ម័ន ពីប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ។ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយទាក់ទាញភ្ញៀវទេសចរពីតំបន់អារ៉ាប់ឱ្យចូលមកប្រទេសកម្ពុជាផងដែរ។
លោកបន្តថា ទោះពេលនេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក៏ដូចជាជាមួយបណ្តាប្រទេសនៅតំបន់អារ៉ាប់នៅមានកម្រិតតិចតួច ប៉ុន្តែវានឹងមានទំហំកាន់តែធំនៅពេលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលជាធរមាន។
លោកនិយាយថា៖ «ខ្ញុំរំពឹងថា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន វានឹងក្លាយជាច្រកទ្វារដ៏ធំសម្រាប់ការនាំចេញកសិផលកម្ពុជាទៅបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ផងដែរ»។
លោកលើកឡើងទៀតថា ទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវតែសិក្សាឱ្យបានលម្អិតពីប្រភេទផលិតផលដែលមានតម្រូវការខ្ពស់នៅទីនោះ ដើម្បីសិក្សាពីលទ្ធភាពដាំដុះ ឬកែច្នៃ ត្រៀមនាំចេញក្រោមលក្ខខណ្ឌពិសេស។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់កម្ពុជា ហើយវានឹងមានវិសាលភាពធំជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសចិន ប្រទេសកូរ៉េ កន្លងមក ព្រោះកម្ពុជាបានបញ្ចូលធាតុសំខាន់ៗមួយចំនួនសម្រាប់ការនាំចេញទំនិញទៅទីផ្សារប្រទេសអារ៉ាប់រួម ដែលមានដូចជា ផលិតផលកសិកម្ម អាហារហាឡាល់ និងប្រភេទអាហារកែច្នៃហាឡាល់ ដែលធ្វើអំពីសាច់គោ និងមាន់ ជាដើម។
លោកនិយាយថា៖ «នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន គឺវាមិនត្រឹមតែបើកច្រកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈនេះ ផលិតផលកម្ពុជាមួយចំនួនក៏អាចនឹងត្រូវបញ្ជូនទៅលក់បន្តនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់អ្រាហ្វិកផងដែរ។ អារ៉ាប់រួម អាចក្លាយជាច្រកសំខាន់មួយសម្រាប់ការនាំចេញទំនិញកម្ពុជាទៅតំបន់មជ្ឈិមបូព៌ា ឬប្រទេសមួយចំនួននៅក្នុងតំបន់អាហ្រ្វិក។
លោកថា បច្ចុប្បន្នកម្ពុជាក៏បាននាំចេញផលិតផលមួយចំនួនទៅប្រទេសអារ៉ាប់ផងដែរដូចជា ស្បែកជើង គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២១ ការធ្វើពាណិជ្ជកម្មទំនិញរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់សរុប ១៥១ លានដុល្លារ កើនឡើង ៥៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលធ្វើដំណើរ ថ្នាំជក់ អង្ករ បរិធានអគ្គិសនី និងបង្គុំយានយន្ត ជ័រកៅស៊ូក្រាលផ្លូវថ្នល់ ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ ចំណីសត្វ ប្រេង ប្លាស្ទិក យានយន្ត និងក្រដាស៕