ទេសចរ​អន្តរជាតិ​ត្រូវបានគេ​រំពឹងថា​នឹងកើនឡើង​ដល់ជិត ៩០% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិ​កូវីដ១៩ នៅត្រឹម​ចុងឆ្នាំនេះ។ អង្គការទេសចរណ៍​ពិភពលោក ឬហៅកាត់​ថា UNWTO រាយការណ៍​ថា ភ្ញៀវទេសចរ​ប្រមាណ ៩៧៥ លាននាក់​បានធ្វើ​ដំណើរចេញ​ក្រៅប្រទេស គិតចាប់ពី​ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កើនឡើង ៣៨% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២២។

នៅក្នុងត្រីមាស​ទី៣នៃឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរ​សកល​បានកើន​ឡើង ២២% បើធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន។ ការកើនឡើងនេះ​គឺបណ្ដាលមកពី​កត្តាជំរុញ​មួយចំនួន ដូចជា​រដូវក្តៅ​នៅអឌ្ឍគោល​ខាងជើង​ជាដើម។ ជាក់ស្ដែង ចំនួនអ្នកទេសចរ​អន្តរជាតិ​បានកើន​ដល់ ៩១% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិ​កូវីដ១៩ ហើយឈាន​ដល់ ៩២% នៅក្នុង​ខែកក្កដា ដែលជា​ចំនួនខ្ពស់​បំផុត​បើគិតចាប់តាំង​ពីជំងឺរាតត្បាត​កូវីដ១៩ បានចាប់ផ្តើម។


ជារួម វិស័យទេសចរណ៍​បានបង្ហាញ​ពីការស្ទុះ​ងើបឡើងវិញ​យ៉ាងខ្លាំង ពោលគឺ ៨៧% បើធៀបនឹង​ស្ថានភាព​មុន​វិបត្តិ​កូវីដ១៩ រាប់ចាប់ពី​ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងស្ទុះ​ងើបឡើង​រហូតដល់​ទៅ ៩០% នៅចុង​ឆ្នាំនេះ។ រីឯប្រាក់ចំណូល​ទេសចរ​អន្តរជាតិ​វិញ អាចឈានដល់​ប្រមាណ ១,៤ ទ្រីលានដុល្លារ​សហរដ្ឋអាមេរិក​ក្នុងឆ្នាំ២០២៣ ដែលស្មើនឹង​ជិត ៩៣% នៃចំណូល​កាលពី​ឆ្នាំ២០១៩ ដែលកាលនោះ​មានចំនួន ១,៥ ទ្រីលានដុល្លារ​សហរដ្ឋអាមេរិក។


អគ្គលេខាធិការ​អង្គការទេសចរណ៍​ពិភពលោក លោក ជូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili) បានមានប្រសាសន៍​ថា «ទេសចរ​អន្តរជាតិ​បានស្ទុះ​ងើបឡើងវិញ​ស្ទើរតែទាំងស្រុង​ពីវិបត្តិ​កូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងជាច្រើន​បានមាន​ចំនួនអ្នកទេសចរ​លើសពីកម្រិត​ស្ថានភាព​មុន​វិបត្តិកូវីដ១៩ ទាំងចំនួន​មនុស្ស និងប្រាក់ចំណូល។ នេះគឺជា​កត្តាសំខាន់​ចំពោះ​តំបន់ដែល​ពឹងផ្អែកខ្លាំង​លើវិស័យទេសចរណ៍​សម្រាប់​កំណើន​សេដ្ឋកិច្ច និងសហគមន៍​របស់​ពួកគេ»។

នៅតំបន់​មជ្ឈិមបូព៌ា គឺឈានមុខគេ​តែម្ដង​ក្នុងការងើបឡើងវិញ​ពីវិបត្តិ​កូវីដ១៩ បើប្រៀបធៀប​ទៅនឹង​តំបន់ផ្សេងៗទៀត ដោយគិតចាប់​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ២០២៣ ចំនួនអ្នកទេសចរ​គឺខ្ពស់​ជាង ២០% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិកូវីដ១៩។

តួលេខនេះ បានធ្វើ​ឱ្យតំបន់នេះ​ក្លាយជា​តំបន់តែមួយគត់​ដែលមាន​ចំនួនអ្នកទេសចរ​លើសពី​កម្រិត​ឆ្នាំ២០១៩ ហើយការកើន​ឡើងនេះ គឺបណ្ដាលមក​ពីកត្តា​ជាច្រើន​ដូចជា ការធ្វើ​សាមញ្ញកម្ម​ទៅលើទិដ្ឋាការ ការបង្កើតកន្លែង​ទេសចរណ៍​ថ្មី ការវិនិយោគ​លើគម្រោង​ទេសចរណ៍​ថ្មី និងការរៀបចំ​ព្រឹត្តិការណ៍ធំៗ​ជាដើម។

នៅទ្វីប​អឺរ៉ុប ដែលជាគោលដៅ​ទេសចរណ៍​ធំជាងគេ​នៅទូទាំង​ពិភពលោក បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥៥០ លាននាក់ ស្មើ​នឹង ៥៦% នៃចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ទូទាំង​ពិភពលោក។ តួលេខនេះ​បានបង្ហាញ​ពីការងើប​ឡើងវិញ​រហូត​ដល់ ៩៤% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិកូវីដ១៩។ ការកើនឡើងនេះ​គឺដោយសារតែ​តម្រូវការខ្លាំង​នៅក្នុង​តំបន់ និងការចាប់​អារម្មណ៍​ខ្ពស់ពី​ភ្ញៀវទេសចរ​មកពី​សហរដ្ឋអាមេរិក។

ដោយឡែក ក្នុងអំឡុងពេល ៩ ខែ​មកនេះ ទ្វីបអាហ្រ្វិក​ទទួលបានភ្ញៀវ​ទេសចរ​ចំនួន ៩២% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិកូវីដ១៩ ខណៈដែលនៅ​ទ្វីបអាមេរិក​មានចំនួន ៨៨%។ ជាការ​កត់សម្គាល់ ចំនួនភ្ញៀវទេសចរ​នៅទ្វីប​អាមេរិក​មានការកើន​ឡើងនេះ គឺបណ្ដាល​មកពី​កត្តាតម្រូវការ​នៅសហរដ្ឋ​អាមេរិក ជាពិសេស​ទិសដៅ​ទេសចរណ៍​សំខាន់ៗ​នៅតាមបណ្ដា​ប្រទេស​តំបន់​ការ៉ាប៊ីន។

រីឯទ្វីប​អាស៊ី និងតំបន់​ប៉ាស៊ីហ្វិក​វិញ ចំនួនភ្ញៀវទេសចរ​បានកើនឡើង​ត្រឹមតែ ៦២% នៃចំនួន​អ្នកទេសចរ​មុន​វិបត្តិកូវីដ១៩​ប៉ុណ្ណោះ ដោយសារតែ​ការបើក​ឱ្យមាន​ការធ្វើ​ដំណើរ​អន្តរជាតិ​ឡើងវិញ​មានភាព​យឺតយ៉ាវ។ អត្រា​នៃការងើបឡើងវិញ​មានភាពខុស​ប្លែកគ្នា​នៅទូទាំង​អនុតំបន់។ ជាក់ស្ដែង តំបន់​អាស៊ីខាងត្បូង​មាន​ចំនួន ៩៥% ប៉ុន្តែ​តំបន់​ភាគឦសាន​មានត្រឹមតែ ៥០% ប៉ុណ្ណោះ។

គួរដឹងដែរ​ថា ប្រទេស​សំខាន់ៗ​ជាច្រើន​មានតម្រូវការ​ខ្ពស់ក្នុង​ការដែល​ប្រជាជន​ត្រូវធ្វើ​ដំណើរចេញក្រៅ​ប្រទេស​ក្នុងរយៈពេល​ចុងក្រោយ​នេះ ពោល​គឺលើស​ពីកម្រិត​ចំនួនអ្នកដំណើរ​មុន​វិបត្តិកូវីដ១៩​ទៅទៀត។ ឧទាហរណ៍ អាល្លឺម៉ង់​បានបង្កើន​ការចំណាយ​លើការធ្វើ​ដំណើរ​ទៅក្រៅប្រទេស​ចំនួន ១៣% និងសហរដ្ឋ​អាមេរិក ១១% បើធៀបនឹង​រយៈពេល ៩ ខែ​ដូចគ្នាក្នុង​ឆ្នាំ២០១៩។ រីឯប្រទេស​អ៊ីតាលី​វិញ បានបង្កើន​ការចំណាយ​រហូតដល់​ទៅ ១៦% ក្នុង​ខែសីហា៕