ភ្នំពេញៈ គម្រោង​វិនិយោគឯកជន​ចំនួន ២១ ដែលមាន​ទុនវិនិយោគ​ជាង ៦០០​លាន​ដុល្លារ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុងនោះ​ជាង ៨០​ភាគរយ​មាន​ប្រភពពី​វិនិយោគិន​ក្នុងស្រុក​។ នេះ​បើ​យោងតាម CDC​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ចុង​សប្តាហ៍​បានឱ្យដឹងថា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន ២១ ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៦១៩​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត ២២​ពាន់​កន្លែង​។ ក្នុង​ទឹកប្រាក់​ខាងលើ គឺ​ប្រភព​ទុន​ពី​វិនិយោគិន​ខ្មែរ បាន​គ្របដណ្តប់ ៨២,៩​ភាគរយ និង​ជាង ១៧​ភាគរយ ជា​វិនិយោគិន​ចិន​។​


​យោងតាម CDC គម្រោង​វិនិយោគ​ដែលមាន​ភាពលេច​ធ្លោ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២៣ មានដូចជា គម្រោង​សាងសង់​វា​រី​អគ្គិសនី ចំនួន ២​កន្លែង នៅ​ខេត្តកោះកុង មាន​អានុភាព​ សរុប ​១៧០ ​មេ​ហ្គា​វ៉ា​ត់ គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០​ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង​, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង នៅ​រាជធានី​ភ្នំពេញ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា ការទទួលបាន​កំណើន​ការ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​នេះ​កើតឡើង​ពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល និង​មាន​ទីផ្សារ​អន្តរជាតិ​ច្រើន​ចាំ​ទទួល​ទិញ​ទំនិញ​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ពន្ធ​ពិសេស​។ បន្ថែម​លើ​នេះ​កម្ពុជា ក៏​ជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​ជំនាញ​ច្រើន និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សម្បូរបែប​ផងដែរ​។


លោក​បន្តថា ចំនួន​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​កើនឡើងខ្ពស់​បន្ថែមទៀត​នៅពេល​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​ល្អប្រសើរ​ឡើងវិញ​។​

​លោក​បាន​ថ្លែងថា​៖«​បន្តិច​ម្តងៗ​កម្ពុជា​បានក្លាយ​ជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន ខុសគ្នា​កាលពីមុន​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​»​។​

​លោក​បន្តថា កំណើន​ការវិនិយោគ​ផ្ទាល់ គឺ​មិន​ត្រឹមតែ​ជួយ​បង្កើន​ការងារ និង​នាំ​ចំណូល​ចូលជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកកម្ពស់​មុខមាត់​ប្រទេស និង​ជួយ​ឱ្យ​រដ្ឋាភិបាល​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០ ផងដែរ​។​

​ទោះយ៉ាងណា​អ្នកសេដ្ឋកិច្ច​រូបនេះ​បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​និង​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​ចូលមក​បណ្តាក់ទុន​ឱ្យបាន​ច្រើន​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​​ (CCC) លោក លឹម ហេង បាន​និយាយថា សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​តំណាងឱ្យ​ផ្នែក​ឯកជន​នៅ​កម្ពុជា កន្លងមក​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ប្រទេស​មួយចំនួន​ដូចជា កាណាដា ជប៉ុន និង​អូស្ត្រាលី​ដើម្បី​បង្កើន​សក្តានុពល​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់​ទុក​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន​។ 

លោក​បន្តថា ការិយាល័យ​តំណាង CCC មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់ព័ត៌មាន​ស្តីពី​ច្បាប់ និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ស្វែងរក​ទីផ្សារ​ឱ្យ​ទំនិញ​កម្ពុជា​ទៅ​ក្រៅប្រទេស​ផងដែរ​។​

​លោក​និយាយថា​៖«​ស្ថិ​ភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹងមាំ កម្លាំង​ពលកម្ម​សម្បូរ​និង​មានតម្លៃ​សមរម្យ និង​ភាព​អំណោយផល​នៃ​ច្បាប់​វិនិយោគ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឱ្យ​បណ្តាក់ទុន​កាន់តែច្រើន​»​។​

​កាលពី​ថ្ងៃទី​៦ ខែធ្នូ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​​ នៅក្នុងពេល​ជួបពិភាក្សា​ជាមួយ​វិនិយោគិន​ដែល​មានបំណង​វិនិយោគ​ក្នុង​វិស័យ​ថាមពលបៃតង​ (​អគ្គិសនី​)​ លោក​ សួន សុផល ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​លទ្ធភាព​ឱ្យបាន​ច្បាស់​ហើយ​ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​សម្រាប់​ទទួលបាន​ការគាំទ្រ​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​ថាមពលបៃតង​នេះ ដោយហេតុថា​ វិស័យ​ថាមពលបៃតង ​ជា​វិស័យ​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា​អាទិភាព​នៅក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ ​ដំណាក់កាល​ទី​១ និង ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ជា​ធរមាន​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​។​

​លោក​បាន​និយាយថា​៖«​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​គណៈប្រតិភូ​នឹង​ពិនិត្យ​លទ្ធភាព​ច្បាម​យក​ឱកាស​ដើម្បី​ចាប់យក​ទីផ្សារ​ដែល​ពោរពេញ​ដោយ​ថាមវន្ត ក៏ដូចជា​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទទួលបាន​ការអនុញ្ញាត​វិនិយោគ​ក្នុង​វិស័យ​ប្រកបដោយ​នវានុវត្តន៍​នេះ​»៕