​ភ្នំពេញៈ កម្ពុជា​-​បារាំង​ ចាប់ផ្តើម​បើកផ្លូវ​ចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀស​វាង​ការយកពន្ធ​ត្រួតគ្នា (DTA) ដើម្បី​លើកកម្ពស់​ការធ្វើ​ធុរកិច្ច និង​លំហូរ​វិ​និ​​យោគ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែមាន​កំណើន​បន្ថែម​ទៀត​។​

​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT) ដឹកនាំ​ដោយ លោកស្រី ប៊ុន នារី អគ្គនាយករង​នៃ GDT បានរៀបចំ​កិច្ចប្រជុំ​ចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា ជុំ​ទី​១ ជាមួយ​ភាគី​បារាំង ដឹកនាំ​ដោយ​លោក Florian De Filippo ប្រធាន​​អង្គភាព​សន្ធិសញ្ញា​នៃ​ក្រសួង​ហិរញ្ញវត្ថុ​​បារាំង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT​។​


​លោកស្រី ប៊ុន នារី បានបង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ការបើកផ្លូវ​ចរចា DTA រវាង​ប្រទេស​ទាំង​ ២ ​ដែល​នេះ​ជា​ដំណើរ​​វិវឌ្ឍន៍​មួយទៀត​ក្នុងការ​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពន្ធដារ ជា​ពិ​​សេស​ដើម្បី​លើកកម្ពស់​ការវិនិយោគ​។​

​លោកស្រី​បាន​ថ្លែងថា ការណ៍​ដែលនាំឱ្យ​មានការ​រៀបចំ​កិច្ចចរចា​កិច្ច​ព្រម​​ព្រៀង DTA ជុំ​ទី​១​ នេះ ដោយ​ផ្តើមចេញពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​ហិ​​រញ្ញ​វត្ថុ​សាធារណរដ្ឋ​បារាំង​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​កាលពី​ខែមេសា ឆ្នាំ​ ២០២២ និង​នៅក្រោម​ការសម្របសម្រួល​ពី​តំណាង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។​


​លោកស្រី​ថ្លែងថា​៖ «​យើង​មាន​ជំនឿ​ដ៏​មុតមាំ​ថា កិច្ចព្រមព្រៀង DTA កម្ពុជា​-​បារាំង​នឹង​ក្លាយជា​ឧបករណ៍​ថ្មី​មួយ​ថែមទៀត​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផ្នែក​ពន្ធដារ ព្រមទាំង​ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២»​។​

​យោងតាម GDT ភាគី​ទាំង​ ២ ​បានបង្ហាញ​ជំហរ​ក្នុងការ​ព​ន្លឿ​ន​ការចរចា​នេះ ដោយបាន​យល់​ព្រម​បន្ត​ការពិភាក្សា​លម្អិត​លើ​គ្រប់​មាត្រា​ទាំង​អស់នៃ​សេចក្តី​​ព្រាង​កិច្ចព្រមព្រៀង​នេះ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​លើកឡើងថា ចំពោះ​សារៈ​សំខាន់​នៃ​កិច្ចព្រមព្រៀង DTA​ គឺមាន​សារៈសំខាន់​ដល់​វិ​និ​យោ​គិ​ន ជាពិសេស​អ្នក​ដែល​មកពី​ប្រទេស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​កម្ពុជា​។​

​លោក​ប្រាប់ថា​៖ «​ក្រោម​កិច្ច​ព្រមព្រៀង​នេះ អ្នកវិនិយោគ​គឺ​បង់​ពន្ធលើប្រាក់ចំណេញ​ត្រឹមតែ ១០ ​ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ការបង់ ១៤​ ភាគរយ​ដែលជា​អត្រា​ជាប់ពន្ធ​បើសិនជា​យើង​ពុំមាន​កិច្ចព្រមព្រៀង DTA នេះ​ជាមួយគ្នា​។ ដូច្នេះ​ការបន្ត​កិច្ច​ព្រមព្រៀង​បែបនេះ​ទៅ​ប្រទេស​កាន់តែច្រើន​នឹង​ជួយ​ជំរុញ​ការ​វិនិយោគ​ជាមួយ​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​នោះ​កាន់តែច្រើន​ដែរ​»​។​

​យោងតាម​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កម្ពុជា​-​បារាំង ​(CCIFC)​ បច្ចុប្បន្ន​មាន​សមា​ជិ​ក​ភាព​រួមមាន​ក្រុមហ៊ុន​បារាំង​ចំនួន​ ១៥០ ខណៈ​ការស្ទង់មតិ​ផ្នែក​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​រកឃើញថា មាន​ក្រុមហ៊ុន​បារាំង​ជាង ៥០០ ​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​បារាំង ក្នុង​ឆ្នាំ​ ២០២២ មានតម្លៃ ៥៤២,៣៧ ​លាន​ដុល្លារ កើន​ជិត ៣០ ​ភាគ​​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ ៤៣០,៧១​ ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​បារាំង​ ៤២៣,១៣​ លាន​ដុល្លារ កើន ២៧,៩ ​ភាគរយ និង​ការ​នាំចូល​ ១១៩,២៤​ លាន​ដុល្លារ កើន​ឡើង ១៩,៤​ ភាគរយ​៕