​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) គ្រោង​នឹងធ្វើ​ការប្រមូល​មូលនិធិ​ប្រមាណ ២៨ ពាន់​លាន​រៀល​ ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ តាមរយៈ​ផ្លេ​ត​ហ្វ​ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ប្រមូល​មូលនិធិ​បន្ថែមទៀត​ពី​ទីផ្សារ​មូលធន​សម្រាប់​ការវិនិយោគ​សាធារណៈ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ MEF ស្តីពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែធ្នូ ខ្លួន​នឹង​បោះ​លក់​មូល​ប​ត្រ​បំណុល​ចំនួន ២៨ ០០០ យូ​នី​ត ជាមួយនឹង​តម្លៃ​ចារឹក ១ លាន​រៀល ក្នុង​​ ១​ យូ​នី​ត ដែលមាន​ឥណប្រតិទាន​រយៈពេល ២ ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ និង​អត្រា​ការប្រាក់​ចំនួន ៤ ភាគរយ​ក្នុង​១​ឆ្នាំ​ខណៈពេលដែល​ការទូទាត់​អត្រា​ការប្រាក់​ធ្វើឡើង​ពីរដង​។​


អ្នកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ ផ​.​ម​.​ក​. បានឱ្យដឹងថា ជាមួយនឹង​ការចេញលក់​មូល​ប​ត្រ​បំណុល​ដោយ​រដ្ឋាភិបាល​នេះ បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ទីផ្សារ​មូលធន​ដែល​អាច​បម្រើ​ជា​ប្រភព​មូលនិធិ​ថ្មីៗ សម្រាប់​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​គាំទ្រ​ការវិនិយោគ ឬ​អាជីវកម្ម​របស់​ពួកគេ​។​

អ្នកស្រី​លើកឡើងថា​៖ «​ទីផ្សារ​មូលធន​កម្ពុជា​បាន​ឈានទៅ​ដំណាក់កាល​មួយទៀត​នៃ​ការអភិវឌ្ឍ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ពេញលេញ និង​គ្រប់គ្រាន់​។ ទីផ្សារ​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​»​។​


«​វា​ផ្តល់​ជម្រើស​ហិរញ្ញប្បទាន​បន្ថែម​ដល់​រដ្ឋាភិបាល ជម្រើស​វិនិយោគ​បន្ថែម​ដល់​វិនិយោគិន​ស្ថាប័ន ឧបករណ៍​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​ការគ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ស្តង់ដា​សម្រាប់​គ្រប់​ផលិតផល​ហិរញ្ញវត្ថុ និង​កត្តា​វិជ្ជមាន​ជាច្រើន​ទៀត​»​។ នេះ​បើ​យោងតាម​អ្នកស្រី នី​តា​។​

កាលពី​ពាក់កណ្តាល​ខែមករា ក្រសួង​ហិរញ្ញវត្ថុ​បានបង្ហាញ​ផែនការ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​ក្នុងតម្លៃ ៨១៣ ពាន់​លាន​រៀល (២០០ លាន​ដុល្លារ​) សម្រាប់​ឆ្នាំនេះ ដែល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជាច្រើន​ដង​។​

ក្រសួង​បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា NBC និង CSX ត្រូវបាន​ជ្រើសរើស​ជា​ភ្នាក់ងារ​សម្រាប់​ចេញលក់​មូល​ប​ត្រ​បំណុល​នេះ ដែលមាន​តម្លៃ​ភាគហ៊ុន​ដែលមាន​តម្លៃ ១ លាន​រៀល​ក្នុង​១​ឯក​តា និង​ការទូទាត់​អត្រា​ការប្រាក់​ពាក់កណ្តាល​ប្រចាំឆ្នាំ​៕