​ភ្នំពេញ​: កម្មករ​ប្រមាណ ១ លាន​នាក់​ក្នុង​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​ផលិត​សម្លៀក​​បំពាក់​ចំនួន ៤ រួមមាន ប្រទេស​កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី និង​ឥណ្ឌា បានទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​សុវត្ថិភាព​កម្មករ​រប​ស់ IDH សម្រាប់​វិស័យ​កាត់ដេរ ដែលជា​គំនិត​ផ្តួចផ្តើម​សុវត្ថិភាព ជីវិត និង​អគារ (LABS)​។​

LABS បាន​ដំណើរការ​នៅក្នុង​ប្រទេស​ឥណ្ឌា និង​វៀតណាម​ចាប់តាំងពី​ឆ្នាំ​​ ២០១៩​ មក ដែលមាន​កម្មករ​ជាង ៥៧២ ០០០​ នាក់​បានទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​នេះ​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​ពង្រីក​មកកាន់​ប្រទេស​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ ​២០២២ ។​


«LABS Initiative គឺជា​កម្មវិធី​ដែល​ជំរុញ​ដោយ​ឧស្សា​ហ​កម្ម​សហការគ្នា ដែលមាន​បំណង​លើកកម្ពស់​អាយុជីវិត និង​ការបង្កើត​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​ឧស្សាហកម្ម​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​។ កម្មវិធី​នេះ ផ្តោតលើ​ការបង្កើត​លក្ខខណ្ឌ​ការងារ​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កម្មករ​រោងចក្រ ខណៈពេល​វា​ក៏​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​សុវត្ថិភាព​នានា​រួមមាន អគ្គិភ័យ គ្រោះថ្នាក់​អគ្គិសនី និង​បញ្ហា​រចនាសម្ព័ន្ធ​នៃ​រោងចក្រ​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ពី​គេហទំព័រ IDH នៅ​ថ្ងៃទី​ ៨ ខែធ្នូ​។​

​លោក Pramit Chanda នាយក​ទទួលបន្ទុក​ស​កល​សម្រាប់​វាយ​ន​ភណ្ឌ និង​ផលិត​កម្ម​នៅ IDH បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ឥទ្ធិពល​ជា​វិជ្ជមាន​រយៈពេល​យូរអង្វែង​លើ​ជីវិត​របស់​កម្មករ និង​លើកកម្ពស់​វប្បធម៌​សុវត្ថិភាព​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​។​


​លោក Chanda ថ្លែងថា​៖ «​ខណៈពេលដែល​អបអរ​សាទរ​សមិទ្ធផល​នេះ IDH ទន្ទឹងរង់ចាំ​ក្នុងការ​ពង្រីក​ការសម្រេចបាន​គំនិត​ផ្តួចផ្តើម​របស់ LABS ដើម្បី​ធ្វើឱ្យមាន​ឥទ្ធិពល​កាន់តែខ្លាំង​នាពេល​អនាគត​»​។​

​លោក Emerald Am អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់ ​LABS Cambodia បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​នាពេល​ថ្មីៗ​នេះ​ថា បញ្ហា​សុវត្ថិភាព​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​រោងចក្រ​ជាង ១០០ ដែល​បានបញ្ចប់​កម្មវិធី​នេះ​។​

​លោក​ថ្លែងថា​៖«​យើង​មាន​រោងចក្រ​ជិត ៥០០ នៅក្នុង​ប្រទេស​ចំនួន​ ៤​។ វា​មាន​សារៈ​សំខាន់​ចំពោះ​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ម៉ាក​យីហោ ឬ​ក្រុមហ៊ុន​លក់រាយ​ដើម្បី​ធានា​សុវត្ថិភាព​នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ពួកគេ ដែល LABS ដំណើរការ​នៅក្នុង​ប្រទេស​ឥណ្ឌា វៀតណាម កម្ពុជា និង​ឥណ្ឌូនេស៊ី កាត់បន្ថយ​ហានិភ័យ​អគ្គិសនី អគ្គិភ័យ និង​សុវត្ថិភាព​រចនាសម្ព័ន្ធ​នានា​»​។​

​លោក គង់ សាង ប្រធាន​​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា  ​បានឱ្យដឹង​នៅក្នុង​កម្មវិធី​មួយ​កាលពី​ខែ​​សីហា​ថា ប្រទេស​កម្ពុ​ជាមាន​រោងចក្រ​ចំនួន ១ ០៧៧ ក្នុង នោះ​រោងចក្រ​កាត់ដេរ​ចំនួន ៨០២ រោងចក្រ​ផលិត​ស្បែកជើង​ចំនួន ១៤០ និង​ផលិត​ទំនិញ​សម្រាប់​ធ្វើដំណើរ​ចំនួន ​១៣៤​។ រោងចក្រ​ទាំងនោះ មាន​កម្មករ​សរុប ៧៦៤ ៣៥៨ ​នាក់​។​

​លោក បានលើកឡើង​ពី​បញ្ហា​ប្រឈម​ទូទៅ​ដែល​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​កំពុង​ជួបប្រទះ​។  ​វិស័យ​កាត់ដេរ និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ នៅ​ឆ្នាំ​ ២០២២ តម្លៃ​នាំចេញ​នៃ​វិស័យនេះ​សម្រេច បាន ១២,៥​ ពាន់​លាន​ដុល្លារ ស្មើនឹង​ជិត ៦០ ​ភាគរយ​នៃ​តម្លៃ​នាំចេញ​សរុប​របស់​កម្ពុជា និង​ស្មើនឹង ១០​ ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​បាន​ថ្លែង​ពន្យល់​ទៀតថា ដើម្បី​ធានាបាន​នូវ​ការ​ស្ទុះ​​ងើបឡើង​វិញ និង​អំពី​ការ​​ប្រកួតប្រជែង​របស់ខ្លួន ជា​ពិសេស​ជាមួយ​ប្រទេស​វៀត​ណា​ម ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស វា​មាន​សារៈ​សំខាន់​ណាស់​ដែល​បញ្ហា​ប្រឈម​មួយចំនួន​ត្រូវបានធ្វើ​ការដោះស្រាយ​រួមមាន តម្លៃ​ពលកម្ម និង​ដឹកជញ្ជូន ផលិត​ភាព ការសម្របសម្រួល​ផ្នែក​ពាណិជ្ជកម្ម ពន្ធ ការវិនិយោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទាំងអស់​ត្រូវតែ​ដោះស្រាយ រួម​ជាមួយនឹង​និរន្តរភាព​សង្គម និង​បរិស្ថាន​ផងដែរ​៕