ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​ ២០២៣ បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ទឹកប្រាក់​ជិត ២៣០​ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​សន្និធិ​បំណុល​សាធារណៈ​របស់​កម្ពុជា គិត​ត្រឹម​ចុង​ត្រីមាស​ទី​៣ ឆ្នាំ ​២០២៣ មាន​ជាង ១០,៧​ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ជាង ៩៩​ ភាគរយ​ ជា​បំណុល​សាធារណៈក្រៅប្រទេស​។ ជា​មួយ​នឹង​ឥណទាន​ខាងលើ​រដ្ឋាភិបាល​ក៏បាន​ទូទាត់​សេវា​បំណុល​ចំនួន​ជាង ១៩០ ​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

​អ្នកសេដ្ឋកិច្ច​និយាយថា រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការសង​ត្រឡប់ ហើយ​ឥណទាន​ទាំងនោះ​ក៏ត្រូវ​បាន​ប្រើប្រាស់​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​


​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សា​ធា​រណៈ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន បានឱ្យដឹងថា ដោយ​គិត​ទាំង​បំណុល​មរតក គឺ​នៅត្រឹម​ដំណាច់​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ១០,៧២ ​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៩,៥ ​ភាគរយ​ត្រូវ​នឹង​ប្រមាណ ១០,៦៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ​(​ក្រប​ខ័​ណ្ឌ​ទ្វេភាគី​ប្រមាណ ៦៤ ​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី​ប្រមាណ ៣៦​ភាគរយ​) និង ០,៥​ ភាគរយ ត្រូវ​នឹង​ប្រមាណ ៥១,៩៩ ​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​

​យោងតាម​ឯកសារ​ខាងលើ ក្នុង​ត្រី​មាស​ទី​៣ ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ស​ម្ប​ទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ ២២៨,០៧​លាន​ដុល្លារ​អាមេរិក សម​មូល​នឹង ១៧៣,០៧ លាន​អេស​ដេ​អ៊ែរ​។ សរុប​ចាប់ពី​ត្រីមាស​ទី​១ រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ រដ្ឋា​ភិ​បាល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ថ្មី​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ១​ ពាន់​លាន​ដុល្លារ​អាមេរិក សមមូល​នឹង ៧៦២,៥២ ​លាន​អេស​ដេ​អ៊ែរ ស្មើ​ប្រមាណ ៤៥ ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១ ៧០០​ លាន​អេស​ដេ​អ៊ែរ​)​ ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ប្រមាណ ៤៥ ​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៥៥​ ភាគរយ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ គឺ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​សរុប​ក្នុង ៣ ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០២៣ មានការ​ថយចុះ ១៧ ​ភាគរយ​។​


​ឯកសារ​បញ្ជាក់ថា​៖ «​ជារួម​ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៤៣ ​ភាគ​រយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិ​ភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈ​ពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋ​កិច្ច ឬ​ផលិតភាព ផលិតកម្ម​»​។​

​ទន្ទឹមនឹង​ការចុះ​កិច្ចព្រមព្រៀង​ឥណ​ទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​ក៏បាន​ទូទាត់​សេវា​បំណុល​ចំនួន ១៩០,២ ​លាន​ដុល្លារ​អាមេរិក​។ សរុប​ចាប់ពី​ត្រីមាស​ទី​១ រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ រាជ​រដ្ឋា​ភិ​បាល​បាន​ទូទាត់​សេវា​បំណុល​សរុប ​៤៣៧,៥៦​ លាន​ដុល្លារ​អាមេរិក​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែធ្នូ​ថា ពាក្យ​ថា​បំ​ណុល​វា​មិនមែនជា​រឿង​ល្អ​ឡើយ ប៉ុន្តែ​សម្រាប់​ក្របខ័ណ្ឌ​ប្រទេស ជាពិសេស​ប្រទេស​ក្រីក្រ ឬ​កំពុងអភិវឌ្ឍន៍​ដែល​កំពុង​ខិតខំ​បង្កើន​ឧត្តមភាព​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ គឺ​សុទ្ធតែ​ត្រូវការ​ឥណទាន​ជា​ចាំបាច់​យកមក​ជំរុញ​កំ​​ណើ​ន​សេដ្ឋកិច្ច​របស់ខ្លួន តាមរយៈ​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស ការ​វិនិយោគសាធារណៈ​ដើម្បី​បង្កើត​ការ​ងារ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។

លោក​បន្តថា ជាក់ស្តែង​ឥណទាន​ដែល​កម្ពុជា​បានទទួល​ពី​ដៃគូ​ទាំង​ទ្វេភាគី និង​ពហុភាគី នាពេលនេះ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​យកទៅ​ប្រើ​លើ​មុខព្រួញ​ចាំបាច់ និង​ចំ​គោលដៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក​ពន្យល់ថា មុននឹង​ផ្តល់​ឥណ​ទាន គឺ​ម្ចាស់បំណុល​តែង​ធ្វើការ​ពិនិត្យ​យ៉ាង​លម្អិត​លើ​លក្ខខណ្ឌ​ចម្បងៗ​មួយ​​ចំនួន​ដូចជា កម្មវត្ថុ​នៃ​ការប្រើប្រាស់​ឥណទាន​, ពិតាន​បំណុល​, នីតិវិធី​សង​, ប្រវត្តិ​នៃ​ការសង​បំណុល​, និង​សមត្ថភាព​ក្នុង​ការសង​ត្រឡប់ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាល​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការសង​ត្រឡប់​ទៅឱ្យ​ម្ចាស់បំណុល​វិញ​តាម​កាលកំណត់ ព្រោះ​មុននឹង​ផ្តល់​ឥណទាន ម្ចាស់បំណុល​ក៏បាន​សិក្សា និង​ធ្វើការ​ព្យាករ​រួចហើយ​»​។​

​យោងតាម​លោក វណ្ណៈ ជាមួយនឹង​ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការនាំ​ប្រទេស​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០ លោក​ជឿថា ឥណទាន​ដែល​កម្ពុជា​កំពុងមាន​នៅពេលនេះ​នឹងមិន​ក្លាយជា​ឧបសគ្គ​នាពេល​អនាគត​ឡើយ​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បាន​អះអាងថា ស្ថានភាព​បំណុល​សា​ធា​​រណៈ​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា​នៅតែ​ត្រូវបាន​វាយតម្លៃថា​ស្ថិតក្នុង​ភាព​អាច​គ្រប់​គ្រង​បាន​ពោលគឺ​នៅតែមាន​ «​ចីរភាព​» និង​ «​ហានិភ័យ​កម្រិត​ទាប​»​ ដដែល ទោះបី​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​កត្តា​ខាងក្រៅ​ក្តី​។​

​លោក​អះអាងថា​៖ «​ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ គឺ​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធគ្រប់គ្រង​បំណុល​សាធារណៈ​មួយ​រឹងមាំ ដែលមាន​ជាអាទិ៍ ១.​ ក្របខ័ណ្ឌ​គតិយុត្ត​, ២. គោលនយោបាយ​, យុទ្ធសាស្ត្រ និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​, ៣. សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​គ្រប់គ្រាន់ និង ៤. ប្រ​​ព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រ​តិ​ប​ត្តិ​ការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​។​ល​។​»​។​

​របាយការណ៍​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២៣ បាន​ព្យាករ​ថា បំណុល​ទូទៅ​សរុប​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​កើនឡើង​ដល់​ ៣៧,៥​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ក្នុង​ឆ្នាំ​ ២០២៣​ នេះ ដោយ​កើន​ពី ៣៦,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ដែលជា​អត្រា​មួយ​ទាប​ជាង​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​។​

​របាយការណ៍​បង្ហាញថា បំណុល​សរុប​របស់រ​ដ្ឋា​ភិ​បាល​បាន​ព្យាករ​ថា នឹង​កើន​ឡើងដល់ ៣៧,៥ ​ភាគរយ  ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២៣ ដែល​ទាប​ជាង​ប្រទេស​ឡាវ​ដែល​បាន​ព្យាករ​ក្នុង​ចំនួន ១២៣​ ភាគរយ​, មី​យ៉ាន់​ម៉ា ៦១,៣​ ភាគរយ​, សិង្ហ​បុរី ១៣៤,៥​ ភាគរយ​, ថៃ ៦១​ ភាគរយ​, ម៉ាឡេស៊ី ៦៧​ ភាគរយ​, ឥណ្ឌូនេស៊ី ៣៩,១​ ភាគរយ និង​ហ្វីលីពីន ៥៦,៧​ ភាគរយ ប៉ុន្តែ​ខ្ពស់ជាង​វៀតណាម គឺ ៣៦,៣ ​ភាគរយ ខណៈ​ប្រ៊ុយណេ គ្មាន​បំណុល​៕