ភ្នំពេញ​: ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ១១​ ខែ​ដើមឆ្នាំ ​២០២៣  ​មាន​ទឹកប្រាក់​សរុប​ជាង ២០​ ពាន់​លាន​ដុល្លារ កើនឡើង​តិច​​តួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ឱនភាព​ជញ្ជីងទូទាត់​អន្តរជាតិ​របស់​កម្ពុជា​បានបង្ហាញ​ភាពល្អ​ប្រសើរ​ដោយ​ធ្លាក់ចុះ​ពី​ជាង ៣​ ពាន់​លាន​ដុល្លារ មក​នៅត្រឹម​ជាង ១,៥ ​ពាន់​លាន​ដុល្លារ​។ យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​យោងតាម GDCE ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅកាន់​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​ទាំងអស់ ក្នុង​ទឹកប្រាក់​សរុប ២០,៤៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១,២ ​ភាគរយ​ពី​ចំនួន ២០,២៤​ ពាន់​លាន​ដុល្លារ​នារ​យៈ​​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ខណៈ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ក្រៅប្រទេស មាន​ទឹកប្រាក់ ២២ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥,៤​ ភាគរយ​ពី​ចំនួន ២៣,២៧ ​ពាន់​លាន​ដុល្លារ​។


ជាមួយគ្នានេះដែរ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤២,៥​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២,៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៤៣,៥១ ​ពាន់​លាន​ដុល្លារ​។

ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​នេះ​បានធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា រយៈពេល ១១​ ខែ ឆ្នាំ ​២០២៣ មាន​ឱនភាព​ប្រមាណ ១,៥​ ពាន់​លាន​ដុល្លារ  ​មាន​ភាពល្អប្រសើរ​ជាង​រយៈពេល ១១​ ខែ ឆ្នាំ​២០២២ ដែលមាន​ឱនភាព​រហូតដល់ ៣,០២ ​ពាន់​លាន​ដុល្លារ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ថា ទោះបី​អត្រាកំណើន​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​កម្ពុ​ជាមាន​ចំនួន​ទាប​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ប៉ុន្តែ​គេ​ត្រូវ​ដឹងថា នេះ​ជាការ​បោះជំហាន​ទៅមុខ​ដ៏​ល្អ​ក្នុង​បរិបទ​ដែល​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​មិនទាន់មាន​ស្ថិរភាព​។

ម្យ៉ាងទៀត​គេ​ដឹងថា ក្នុងដំណាក់កាល​ដែល​ប្រាក់​ចំណូល​របស់​បុគ្គល​/​គ្រួសារ ឬ​កំណើនសេដ្ឋកិច្ច​ប្រទេស​មិនសូវ​ល្អ វា​នឹង​ជំ​រុញឱ្យ​មនុស្ស​កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​ក្រៅពី​ចំណីអាហារ​ប្រចាំថ្ងៃ​។​

 ​លោក​ប្រាប់ទៀតថា តាមរយៈ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ដែល​បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​កាន់តែច្រើន​ចូលមក​បើក​រោងចក្រ​/​អាជីវកម្ម​នៅ​កម្ពុជា​នោះ នឹង​ធ្វើឱ្យ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​កើនឡើង​កាន់តែ​ខ្ពស់​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​កំណើនសេដ្ឋកិច្ច​ពិភព​លោក​ល្អ​ឡើងវិញ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​នឹង​កើន​ខ្ពស់​បន្ថែមទៀត ខណៈ​ការ​នាំចូល​ទំនិញ​សម្រាប់​បំពេញ ឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​អាច​ធ្លាក់​ចុះ​បន្តិច​ដោយសារ​កំណើន​ផលិតកម្ម​ក្នុងស្រុក ប៉ុន្តែ​ទំនិញ​ដែល​វត្ថុធាតុដើម​សម្រាប់​បំពេញ​ឱ្យ​ការកែច្នៃ ឬ​ផលិត​ដើម្បី​នាំចេញ នឹង​កើនឡើង​»​។​

​លោក​បាន​ពន្យល់ថា មូលហេតុ​ដែល​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កើនឡើង​នេះ គឺ​ដោយសារ​គុណភាព​ទំនិញ​របស់​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ជា​អន្តរ​ជាតិ ខណៈ​ទីផ្សារ​នាំចេញ​មាន​កាន់តែច្រើន និង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ផងដែរ​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​និយាយថា បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​រយៈពេល​ជាង ១​ ឆ្នាំ នៅពេលនេះ​ស្ថានភាព​ទីផ្សារ​នាំចេញ​ផលិតផល​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល បានបង្ហាញ​ពី​ភាពល្អប្រសើរ​ឡើងវិញ​ខ្លះៗ​ហើយ ដោយ​លោក​រំពឹងថា នៅ​ឆ្នាំ ​២០២៤ ខាងមុខ ការនាំចេញ​ផលិតផល​ស្បែក​ជើង និង​ទំនិញ​ចម្រុះ​ជាច្រើន​មុខ​ផ្សេងទៀត​នឹង​កើនឡើង​។

លោក​បាន​អះអាងថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ​ ២០២៤ ការបញ្ជាទិញ​នឹង​កើន​ឡើងវិញ​ខ្លះៗ​»៕