​ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ ក្នុង​រយៈពេល ១១ ​ខែ​ ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​ជាង ១,៣ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ២០​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ទឹកប្រាក់​សរុប​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី មាន​ជាង ១១​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​របស់ GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​ទឹកប្រាក់ ១,៣១ ​ពាន់​លាន​ដុល្លារ កើនឡើង ១៨,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ចំនួន ១,១១​ ពាន់​លាន​ដុល្លារ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំមក​កម្ពុជា មាន​ចំនួន ៩,៧៦ ​ពាន់​លាន​ដុល្លារ កើនឡើង ៣,១​ ភាគរយ​ពី​ចំនួន ៩,៤៧ ​ពាន់​លាន​ដុល្លារ​។ សម្រាប់​ទឹកប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​ចំនួន ១១,០៨​ ពាន់​លាន​ដុល្លារ កើន ៤,៧​ ភាគរយ​ពី​ចំនួន ១០,៥៨​ ពាន់​លាន​ដុល្លារ​។​


ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កម្ពុជា ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ បាន​គ្របដណ្តប់ ២៦,០៦​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា រយៈពេល ១១​ ខែ​ ឆ្នាំ​២០២៣ ដែលមាន​ចំនួន ៤២,៥​ ពាន់​លាន​ដុល្លារ​។ ផ្អែ​ត​តាម​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព ៨,៤៥ ​ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ មាន​ចំនួន ៨,៣៦ ពាន់​លាន​ដុល្លារ​។​

GDCE ឱ្យដឹងទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​សរុប ១,០១​ពាន់​លាន​ដុល្លារ កើនឡើង ៥,៩៤​ ភាគរយ​ធៀប​ខែវិច្ឆិកា ឆ្នាំ​២០២២ ដែលមាន​ចំនួន ៩៥៤,៩៧ ​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ចិន ១៣៦,០៧​ លាន​ដុល្លារ កើនឡើង ១១,៩​ ភាគរយ និង​ទំនិញ​នាំ​ពី​ប្រទេស​ចិន​មក​កម្ពុជា ៨៧៥,៦២ ​លាន​ដុល្លារ កើនឡើង ៥,១​ ភាគរយ​។​


លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១២ ខែធ្នូ ថា ចំនួន​ទឹកប្រាក់​នាំ​ចេញទៅ​ប្រទេស​ចិន​ដែល​កើន​ឡើងជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺអាច​បានមកពី​កំណើន​នៃ​ការនាំចេញ​កសិផល ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​អនុញ្ញាតឱ្យ​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ខ្លួន​កាន់តែច្រើន ខណៈ​ពីមុនមក​ការនាំចេញ​ត្រូវធ្វើឡើង​តាមរយៈ​ប្រទេសជិតខាង​។ 

ក្រៅ​កសិផល​កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ និង​គ្រឿង​បង្គុំ​មួយចំនួន​ទៅ​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ លោក​បន្តថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​ (CCFTA) កាលពីដើមឆ្នាំ​២០២២ ក៏​ជា​ចំណែក​មួយ ​ដែល​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​កើនឡើង​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​ទោះបី​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​កើនឡើង ប៉ុន្តែ​បរិមាណ​នេះ​នៅតែ​ទាប​នៅឡើយ​បើ​ធៀប​នឹង​ទំហំ​សេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​នៅ​ប្រទេស​ចិន​។ កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ចម្រុះ និង​ច្រើន​បន្ថែមទៀត​»​។​

លោក​ប្រាប់ទៀតថា ជាមួយគ្នានេះ​ចំនួន​វិនិយោគិន​ចិន​ដែល​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏មាន​ច្រើន​ដែរ​នាពេលនេះ​។​
​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ចិន មាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​វាយ​ន​ភណ្ឌ ចំណែក​ការនាំ​ចូល​របស់​ចិន​គឺមាន​ផលិតផល​ចម្រុះ​ជាច្រើន​ដូចជា វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ គ្រឿងសំណង់ ឱសថ រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក អគ្គិសនី ចំណីអាហារ ថ្នាំ​គីមីកសិកម្ម ជាដើម​។ នេះ​បើតាម​លោក ហុង វណ្ណៈ​។​

ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ទុនវិនិយោគ​របស់​ជ​ន​ជាតិចិន បាន​នាំមុខគេ​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ដោយមាន​ចំណែក​ប្រមាណ ៤៥​ ភាគរយ ​នៃ​ចំនួន​សរុប ១៨៥,៧ ​ទ្រី​លាន​រៀល តាម​ពីក្រោយ​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​, សិង្ហ​បុរី​, ជប៉ុន វៀតណាម ម៉ាឡេស៊ី និង​ថៃ ជាដើម​។​

អគ្គលេខាធិការ​គណៈកម្មកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក ជា វុទ្ធី នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​សមាគម​សភាពាណិជ្ជកម្ម​ចិន ដែល​ដឹកនាំ​ដោយ​លោក Lin Shiqiang ​ជា​ប្រធាន​សមាគម កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​មាន​វិស័យ​អាទិភាព​ចម្បង​ចំនួន​២ នៅក្នុង​ច្បាប់​វិនិយោគ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​វិនិយោគិន​ចិន​គួរ​ចាប់អារម្មណ៍ គឺ​ការវិនិ​យោគ​​ក្នុង​វិស័យ ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​និង​ការកែច្នៃ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​ក្នុងន័យ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត លោក ជា វិ​ទ្ធី បាន​ថ្លែងថា​៖«​ក្នុង​ច្បាប់​វិនិយោគ​ថ្មី វិស័យ​អាទិភាព មាន​ចំនួន​១៩ ដែល​ក្នុងនោះ​មាន​វិស័យ​អាទិភាព​២ ដែល​យើង​កំពុង​ចង់បាន​ខ្លាំង​បំផុត​នោះ គឺ​ទី​១ ការវិនិយោគ​ក្នុង​វិស័យ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ប្រកបដោយ​នវានុវត្តន៍ និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ និង​ទី​២ ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ឧស្សាហកម្ម​ច្នៃ​ចំណីអាហារ​ដែល​បម្រើ​ទីផ្សារ​ក្នុងស្រុក ឬ​ការនាំចេញ​»​។​

លោក​បន្តថា បច្ចុប្បន្ន​វិនិយោគ​គិ​ន​ចិន គឺជា​អ្នក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើនជាងគេ ដោយ​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ដែលមាន​ទំហំ​ទុនវិនិយោគ​ប្រមាណ​ជិត ៤ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុនវិនិយោគ​របស់​ចិន​មាន​ប្រមាណ ៧៦​ ភាគរយ​។​

បើតាម​លោក ជា វុទ្ធី ដើម្បី​សម្រួល​ដល់​វិនិយោគិន​ចិន បច្ចុប្បន្ន​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏មាន តុ​ចិន (China Desk) សម្រាប់​រង់ចាំ​ផ្តល់​ការប្រឹក្សា​ជូន​វិនិយោគិន​ចិន​ផងដែរ​។​

ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១១,៦៩​ ពាន់​លាន​ដុល្លារ កើនឡើង ៤,៤​ ភាគរយ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​កម្ពុជា​ នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១,២៤ ​ពាន់​លាន​ដុល្លារ ថយចុះ ១៧,៩​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា​ចំនួន ១០,៤៥ ​ពាន់​លាន​ដុល្លារ កើន ៧,៩​ភាគរយ​៕