ភ្នំពេញៈ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជាបាន​លើកឡើងថា ទ្វីបអាស៊ី ពិសេស​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​ ២០២៤ ត្រូវបាន​រំពឹងថា​នឹងមាន​ភាពល្អប្រសើរ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។​

​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​ ២០២៣ និង​លើក​ផែនការ​សកម្មភាព ឆ្នាំ ​២០២៤  ​របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២៣ លោក សន សៀ​ប ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយថា បន្ទាប់ពី​ឆ្លងកាត់​ការវិវឌ្ឍ​ជាច្រើន​ដំណាក់កាល និង​ច្រើន​ឆ្នាំ​មក បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ និង​សំណង់ នៅ​ទ្វីបអាស៊ី ពិសេស​តំបន់​អាស៊ាន បានចាប់ផ្តើម​បង្ហាញ​វឌ្ឍនភាព​លឿន​ជាង​កន្លែង​ផ្សេងៗ​ទៀត​លើ​ពិភពលោក​។​


​លោក​បន្តថា នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដែល​ត្រូវតែ​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ល្អ​បន្ថែមទៀត​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។

ជាមួយនេះ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ជាមួយ​ផ្នែក​ឯកជន​តាម​រយៈ​ការដាក់ចេញ​វិធានការ​នានា​ដើម្បី​ជួយ​គាំទ្រ ក្នុងន័យ​ស្តារ​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា​ឱ្យ​ងើប​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ កាលពី​ចុងឆ្នាំ​ ២០១៩​។ ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍ ជា​ចំណែក​សំខាន់​មួយ​ក្នុងការ​ស្តារ​មុខមាត់​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​។​


​លោក​ថ្លែងថា​៖ «​ទ្វីបអាស៊ី ពិសេស​តំបន់​អាស៊ាន រួមទាំង​ប្រទេស​កម្ពុជា កំពុង​ក្លាយជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​។ នេះ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ដែលមាន​អាជ្ញា​បណ្ណ និង​វិជ្ជាជីវៈ ទាំងអស់​ក្នុងការ​ចាប់យក​ឱកាស​នេះ​»​។​

​បើតាម​លោក សន សៀ​ប ការយល់​ឃើញ​ពី​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​នៅ​អាស៊ី ពិសេស​តំបន់​អាស៊ាន​នេះ ​គឺ​មិនមែនជា​ទស្សនៈ​របស់លោក​តែម្នាក់ឯង​នោះទេ ប៉ុន្តែ​ក៏មាន​ម្ចាស់​គម្រោង​វិនិយោគ​វិស័យ​អចលនទ្រព្យ​ច្រើន​រូប​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី​ឆ្នាំ​ ២០២៣ របស់ PropertyGuru នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ចុង​សប្តាហ៍​មុន​បានលើកឡើង​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ PropertyGuru នៅ​ប្រទេស​ថៃ កាលពី​ចុង​សប្តាហ៍​មុន មាន​ម្ចាស់​ក្រុមហ៊ុន​កំពុង​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ និង​សំណង់​រាប់ពាន់​កន្លែង​នៅ​ប្រទេស​ចិន ម៉ាឡេស៊ី និង​កោះ​តៃ​វាន់ ជាដើម បាន​ប្រាប់​ខ្ញុំ​ថា អាស៊ី ពិសេស​អាស៊ាន គឺជា​កន្លែង​ដ៏​ពិសេស​សម្រាប់​ការបណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​»​។​

​សមាជិក​ក្រុមប្រឹក្សាភិបាល CVEA លោក វ៉ា វិ​រៈ បាន​និយាយថា កំណើនសេដ្ឋកិច្ច​ពិភពលោក​​តំបន់ និង​ការ​ជួយ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ នឹង​ជួយ​ធ្វើឱ្យ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​ឆ្នាំ​ ២០២៣ អាច​ចាត់​ទុកជា​ពេល​មិនសូវ​ល្អ​ឡើយ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​រាប់​តាំងពី​ការទិញ លក់ ជួល​។

លោក​បន្តថា បើ​ផ្អែក​តាម​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ដោយ​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​អន្តរជាតិ​ធំៗ ដូចជា ADB, IMF និង WB នោះ គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ​២០២៤ និង​ខ្ពស់ជាង​ឆ្នាំនេះ​ដូច្នេះ​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំក្រោយ នឹង​ល្អប្រសើរ​ជាង​ពេលនេះ​។​

​លោក​និយាយថា​៖​ «​ខ្ញុំ​គិតថា​ចាប់ពីពេលនេះ​ទៅ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​លើ​វិស័យនេះ បើសិន​ក្នុងករណី​គាត់​មាន​លំហូរ​សាច់ប្រាក់​ល្អ​ត្រឹមត្រូវ ប៉ុន្ដែ​បើ​គាត់​ប្រើប្រាស់​កម្ចី​ដែលមាន​ការប្រាក់​ខ្ពស់​គួរតែ​កុំ​វិនិយោគ​»​។​

​ចំណែក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អិ​ល លោក ចេង ខេង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​យូរ​ជាងគេ គឺ​ប្រមាណ ៣​ ទស​វត្សរ៍​មកហើយ​នោះ បាន​និយាយថា ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ រហូតដល់​ដើមឆ្នាំ ​២០២៣ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនសូវ​មានដំណើរ​ការល្អ​ទេ​ដោយសារ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​។

លោក​បន្តថា ទោះយ៉ាងណា​សញ្ញា​នៃ​ការ​ងើបឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​បានចាប់ផ្តើម​បង្ហាញ​ពន្លឺ​វិជ្ជមាន​វិញ​ជា​បណ្តើរៗ​ហើយ​។​

​លោក​អះអាងថា​៖ «​ជាទូទៅ​ខ្ញុំ​មើលឃើញថា ចុងឆ្នាំ​ ២០២៣ នេះ​សកម្ម​ភាព​ការទិញ​-​លក់ ជួល ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ បាន​ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ ខ្ញុំ​គិតថា នេះ​ជាស​ញ្ញា​ល្អ ដែល​ធ្វើឱ្យ​វិស័យនេះ​ក្នុង​ឆ្នាំ​ ២០២៤ ខាងមុខ​នឹង​ដំណើរ​ការល្អ​ឡើងវិញ​»​។​

​ដើម្បី​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​សំ​​ណង់ និង​អចលនទ្រព្យ រដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ បានប្រកាស​បន្ត​អនុវត្ត​វិធានការ​មួយចំនួន​ពី​រដ្ឋាភិបាល អាណត្តិ​ទី៦ ដែលមាន​ដូចជា ការបន្ត​ពន្យារពេល​ការអនុវត្ត​ការបង់ពន្ធ​ជា​កញ្ចប់​, បង្កើន​រយៈពេល​នៃ​ការបង់ពន្ធ​ជា​កញ្ចប់​, បន្ត​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​, បន្ត​ការលើក​លែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​តម្លៃ​ស្មើ ឬ​ក្រោម ៧​ ម៉ឺន​ដុល្លារ​, ការស្នើ​ឱ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ​, ការលើកលែង​ការពិន័យ​ផ្សេងៗ​, និង​ការពន្យារពេល​អនុវត្ត​សេចក្តីសម្រេច​ស្តីពី​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុជាដើម​៕