ភ្នំពេញៈ កម្ពុជា​បាន​ឈរលើ​តារាង​ឈានមុខ​គេ​ក្នុង​បញ្ជី​វិ​និ​យោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅក្នុង​បណ្ដា​ប្រទេស​អាស៊ី​អា​​គ្នេ​យ៍​ជាមួយនឹង​លំហូរ​ការ​វិ​និ​យោគ​ខ្លាំង​ដែល​រំពឹងទុក​នៅ​ឆ្នាំ​ ២០២៤ ដោយសារតែ​សេដ្ឋកិច្ច​ស្ទុះ​ងើប​វិញ​ដ៏​រឹងមាំ ដែល​មូល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ព្យាករ​ថា នឹង​កើនឡើង​ចំនួន ៦,១​ ភាគរយ​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មីៗ​បាន​ពី​បញ្ជី​តាមដាន​ប្រចាំឆ្នាំ​របស់ fDi Intelligence​។​

​របាយការណ៍ fDi Intelligence បញ្ជាក់ថា ការសិក្សា​ដែល​វាយតម្លៃ​ដំណើរ​ផ្លូវ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៃ​គោលដៅ FDI ឈានមុខ​គេ​ទាំង ​៥០ លើ​ពិភពលោក ដោយ​ប្រើ​ទិន្នន័យ​បាន​ពី IMF និង fDi Markets ជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​ការ​វិ​និ​យោគ​បរទេស បង្ហាញ​ប្រទេស​ទាំងនោះ​ដែល​កំពុង​ចូលឆ្នាំថ្មី​ជាមួយនឹង​សន្ទុះ​ម៉ាក្រូសេដ្ឋកិច្ច និង FDI ដ៏​រឹងមាំ ខណៈ​ពិភពលោក​នៅ​បន្ត​ជម្នះ​នឹង​ការ​ស្ទុះ​ងើបឡើង​វិញ​ដែល​មិន​ស្មើគ្នា​ក្រោយ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ​១៩​។​


​របាយការណ៍​បន្តថា​៖ «​អាស៊ី​បាន​ដំណើរការ​យ៉ាង​ល្អ​នៅក្នុង​បញ្ជី​ឃ្លាំមើល​ឆ្នាំនេះ ដែលមាន​ប្រទេស​ចំនួន ៦ ឈរលើ​តារាង​ឈានមុខ​គេ​ទាំង ១០ ក្នុងនោះ កម្ពុជា​នាំមុខគេ​លើ​តារាង​ឃ្លាំ​មើល​ទាំងមូល ចំណែក​ហ្វីលីពីន នៅ​លេខ​រៀង​ទី២, អ៊ី​រ៉ា​ក់ លេខ​ ៤, កា​ហ្សា​ក់​ស្ថាន លេខ​៦, អា​ស៊ែ​បៃ​ហ្ស​ង់ លេខ ៧ និង​ឥណ្ឌា​នៅ​លេខ​១០​។​ ​ប្រទេស​អាហ្រ្វិក តែ ៣ ប៉ុណ្ណោះ​ដែល​បាន​ឈរលើ​តារាង​ឈានមុខ​គេ​ទាំង ១០ គឺ​ប្រទេស​កេ​ន​យ៉ា នៅ​លេខ​៣, ណា​មី​ប៊ី លេខ ​៥, និង​ម៉ា​រ៉ុ​ក នៅ​លេខ ៨​។ ស៊ែ​ប៊ី គឺជា​ប្រទេស​តែមួយគត់​ដែល​នៅក្រៅ​តំបន់​អាស៊ី និងអាហ្រ្វិក ដែល​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ឈរលើ​គេ​ក្នុង​តារាង​ក្នុងចំណោម​បណ្ដា​ប្រទេស​ឈានមុខ​គេ​ទាំង ១០ ដោយបាន​ចំណាត់ថ្នាក់​ទី​​៩»​។​

​លោក ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា ​(CDC)​ បាន​ថ្លែង​ក្នុង​វេទិកា​ធុ​រ​​កិច្ច​កាលពី​ខែសីហា​ថា កម្ពុ​ជាមាន​សក្តានុពល​សេដ្ឋកិច្ច សន្តិ​ភាព សន្តិសុខ ស្ថិរភាព​ន​យោ​បាយ និង​សេដ្ឋកិច្ច​។ លោក​បន្តថា វិស័យ​ឯកជន​ជា​កម្លាំង​ច​ល​​ករ​ដ៏​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ចជាតិ​។​


​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា FDI ក្នុង​មួយ​ឆ្នាំមាន​ជិត ៤​ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​ ២០២០ អាស៊ាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រហែល ៤០​ ភាគរយ ប៉ុន្តែ FDI នៅតែមាន​ស្ថិរភាព​សម្រាប់​យើង​ក្នុង​រង្វង់ ៣,៦​ ពាន់​លាន​ដុល្លារ​»​។​

​នៅ​ឆមាស​ទី​១ វិនិយោគិន​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ​១ ដោយសារ​តែមាន​ទំនុកចិត្ត​លើ​ស្ថានភាព​វិនិយោគ​ក្នុងប្រទេស និង​ការជឿ​លើ​ការដឹកនាំ​។​

​សម្រាប់ FDI ការវិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន ៤២,១​ ភាគរយ បន្ទាប់មក​ប្រទេស​ថៃ ១,០៩ ​ភាគរយ​, ជប៉ុន ០,៩៨​ ភាគរយ​, កោះ​កៃ​ម៉ាន ០,៥២ ភាគរយ​,​សា​ម័​រ ០,៥០​ ភាគរយ​, កូរ៉េខាងត្បូង ០,៤៥​ ភាគរយ​, តំបន់ British Virgin Islands ០,៣២ ​ភាគរយ សិង្ហ​បុរី ០,៣១ ភាគរយ និង​ម៉ាឡេស៊ី ០,១៩ ភាគរយ​។​

​សម្រាប់​ទុនវិនិយោគ​គិត​ត្រឹម​រយៈពេល ៦ ​ខែ​ដើមឆ្នាំ​ ២០២៣ មាន ១២៨ ​គម្រោង ​(១,៣ ​ពាន់​លាន​ដុល្លារ​) ធៀប​នឹង ១១១ គម្រោង ​(៣,១​ ពាន់​លាន​ដុ​ល្លារ​)​ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម តួលេខ​របស់ CDC​។​

​យោងតាម​របាយការណ៍​ចុង​​ក្រោយ​របស់ IMF កំណើនសេដ្ឋកិច្ច​របស់​អាស៊ាន​ត្រូវបាន​គេ​រំពឹងថា​ នឹង​កើន​ឡើងដល់ ៤,២ ភាគរយ​នៅ​ឆ្នាំនេះ និង ៤,៦​ ភាគរយ​នៅ​ឆ្នាំ ២០២៤​។​

​ទន្ទឹមនឹងនោះ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំនេះ​ត្រូវបាន​កែតម្រូវ​ពី​ចំនួន ៥,៨​ ភាគរយ​មក​នៅត្រឹម ៥,៦ ​ភាគរយ​ដោយ IMF ក្នុង​ខែមេសា ដោយសារតែ​ការ​ព្យាករ​លើក​មុន សម្រាប់​ឆ្នាំ​ ២០២៤ មាន​ចំនួន ៦,២​ ភាគរយ បានកែតម្រូវ​ធ្លាក់ចុះ​បន្តិច​មក​នៅត្រឹម ៦,១ ​ភាគរយ​៕