ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនរបស់កម្ពុជា បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ខណៈប្រទេសទាំង ២ ធ្លាប់បានប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ តាមរយៈការរៀបចំនូវផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្ត។
កិច្ចប្រជុំដើម្បីពិនិត្យខ្លឹមសារសេចក្ដីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (Cambodian-Hungarian Joint Committee on Economic Cooperation or JCEC) ត្រូវបានដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។
កិច្ចប្រជុំលើកទី២ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្ម កន្លងមកបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា (អតីត) និងលោក PéterSzijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេលទស្សនកិច្ចផ្លូវការរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
បើតាមក្រសួងពាណិជ្ជកម្ម ខ្លឹមសារសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រី មានដូចជា ១-បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ២-គម្រោងឥណទាន(Tied Aid Credit Cooperation), ៣-កសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ, ៤-ការគ្រប់គ្រងធនធានទឹក, ៥-វិស័យអប់រំ យុវជន និងកីឡា, ៦-វប្បធម៌, ៧-ទេសចរណ៍, ៨-ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៩-អាកាសចរស៊ីវិល។
ក្រសួងពាណិជ្ជកម្មឱ្យដឹងថា៖«សម្រាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំង២ បានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី នៅមានកម្រិតទាបនៅឡើយ។ ទន្ទឹមនឹងនោះ ក៏នឹងមានការជំរុញលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនហុងគ្រី មកស្វែងយល់បន្ថែមពីសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់កិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង២»។
អតីតនាយកប្រចាំប្រទេសកម្ពុជា នៃស្ថានពាណិជ្ជកម្ម (Trading House) កម្ពុជា-ហុងគ្រី លោក ធួន ស៊ីណាន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ ខែធ្នូ ថា បន្ទាប់ពីអាក់ខានមួយរយៈ ប្រទេសកម្ពុជា-ហុងគ្រី បានចាប់ផ្តើមបន្តទំនាក់ទំនងជាមួយគ្នាឡើងវិញក្នុងរយៈពេលប្រមាណជាង ១០ ឆ្នាំ មកនេះ។
លោកបន្តថា ហុងគ្រី គឺជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុប ដូច្នេះហុងគ្រីអាចដើរតួនាទីជាច្រកពាណិជ្ជកម្មនៃការនាំទំនិញកម្ពុជាទៅតំបន់អឺរ៉ុប។ កម្ពុជា ត្រូវតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី ពិសេសលើផ្នែកបច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម ជាដើម។
លោកនិយាយថា៖«ខ្ញុំមិនដឹងថាបច្ចុប្បន្នដំណើរការនេះឈានដល់ដំណាក់កាលណាទេ (កិច្ចប្រជុំ) ប៉ុន្តែអំឡុងពេលដែលខ្ញុំនៅពាក់ព័ន្ធនឹងកិច្ចការខាងលើ គឺយើងបានប្រឹងប្រែងធ្វើកិច្ចការជាច្រើន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យបានកាន់តែច្រើន»។
លោកប្រាប់ទៀតថា ប្រទេសហុងគ្រី ក៏អាចយកកម្ពុជាសម្រាប់ការនាំទំនិញចូលក្នុងទីផ្សារអាស៊ានផងដែរ។
យោងតាមលោក ស៊ីណាន កន្លងមក កម្ពុជាធ្លាប់នាំផលិតផលមួយចំនួនដូចជា ផលិតផលកសិកម្ម និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលពីប្រទេសហុងគ្រី មកកម្ពុជាមានដូចជា ស្រា គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាដើម។
ប្រទេស ហុងគ្រី ធ្លាប់បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយឆ្នាំ១៩៧៩ ដោយប្រទេសទាំង ២ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ហើយហុងគ្រីបាននាំយកនូវជំនួយជាច្រើនប្រភេទមកជួយកសាងសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាដែលបានបើកផ្លូវដល់ការអភិវឌ្ឍ។
កាលពីឆ្នាំ២០២០ កម្ពុជាបាននាំអង្ករចេញទៅប្រទេសហុងគ្រីចំនួន ១ ៨៣៩ តោន និងថ្នាំជក់បាន ១១៨ តោន។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម៕