​ភ្នំពេញៈ ចក្រភព​អង់គ្លេសបាន​ប្តេជ្ញា​នឹង​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា ដែលជា​ការរួមចំណែក​ដើម្បី​បង្កើន​ការប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា ​ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​។​

​ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ចក្រ​​ភព​អង់គ្លេស​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ​(MEF) និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ​៨ ខែធ្នូ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU) ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាតាលីករ ការ​កំណត់​អត្តសញ្ញាណ និង​ធានា​ប្រភព​ថវិកា និង​ការសម្របសម្រួល​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​យន្តការ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន នៅ​កម្ពុជា​។​


MoU នេះ​បាន​ចុះហត្ថលេខា​រវាង​លោក មាស សុខ​សេន​សាន រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Dominic Williams ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម MEF​។​

​តាមរយៈ MoU នេះ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស មានបំណង​ផ្តល់​ការគាំទ្រ​បច្ចេក​ទេស និង​ជំរុញ​ការវិនិយោគ​ដល់​កម្ពុជា តាមរយៈ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​វិនិយោគ​របស់​ចក្រភព​អង់គ្លេស​, ដោយ​កៀរគរ​ធន​ធាន ជំនាញ​ឯកទេស​ពី​វិស័យ​ឯកជន និង​ការតភ្ជាប់​ទៅ​ប្រភព​ហិរញ្ញប្បទាន​នានា ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​មក​បំពេញតម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​។​


​ក្នុងឱកាស​ពិធី​ចុះហត្ថលេខា​នេះ លោក មាស សុខ​សេន​សាន បាន​លើក​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​​ដំណាក់កាល​ទី​១» របស់​រាជរដ្ឋាភិបាល ដែល​ផ្តោតលើ​សរសរ​ស្តម្ភ​គន្លឹះៗ ចំនួន ៥ ពោល គឺ​កំណើន​, ការងារ​, សមធម៌​, ប្រ​​សិទ្ធ​ភាព​, និង​ចីរភាព​ក្នុងការ​ចូលរួម​អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ ​២០៥០​។​

​លោក​លើកឡើងថា ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅ​កម្ពុជា ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិ​ការរួម ​(SOPs) សម្រាប់​គម្រោង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ត្រូវ​បានដាក់​ឱ្យប្រើ​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាលពី​ខែសីហា ឆ្នាំ​ ២០២២ ដែល​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​សម្រេច ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​សាធារណៈ និង​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ផ្អែកលើ​មូលដ្ឋាន​នេះ ក្រសួង​សេដ្ឋកិច្ច​សហការ​ជាមួយនឹង​ការិយាល័យ​បរទេស​, សហ​ធន​រដ្ឋ និង​ការអភិវឌ្ឍ​ (FCDO) ​នៃ​ចក្រភព​អង់គ្លេស ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហការ​រវាង​ប្រទេស​ទាំង ​២ និង​ជំរុញ​នូវ​ការវិនិយោគ​ពី​ចក្រភព​អង់គ្លេស​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​»៕