ភ្នំពេញៈ ផ្នែក​ឯកជន​វិស័យ​ទេសចរណ៍​កម្ពុជា​រំពឹងថា ចំនួន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​វៀតណាម រួមទាំង​ជនបរទេស​ផ្សេងទៀត​នឹង​ចូលមក​កម្ពុជា​កាន់តែច្រើន បន្ទាប់ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា និង​វៀតណាម សន្យា​នឹង​ពង្រឹង និង​ពង្រីក​ការហោះ​ហើរ​ត្រង់​រវាង​រដ្ឋធានី​ហាណូយ (​វៀតណាម​) មក​ខេត្តសៀមរាប ដែលជា​រមណីយដ្ឋាន​ទេសចរ​ណ៍​ដ៏​ល្បី​នៅ​កម្ពុជា​។​

​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​វៀតណាម ឆ្នាំ​​ ២០២៣ ដែល​រៀបចំ​ធ្វើ​នៅ​រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី​ ១២ ខែធ្នូ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត និង​នា​យក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ​ជិ​ញ បាន​ឯកភាពគ្នា​ជំរុញ​ការហោះហើរ​ត្រង់​ពីរ​ដ្ឋ​ធានី​ហាណូយ និង​ខេត្តសៀមរាប ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​។ តាមរយៈ​ជើងហោះហើរ​នេះ ភាគី​ទាំង ២ រំពឹង​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ឱ្យ​គ្នា​ទៅវិញទៅមក​។​


​ក្នុងឱកាស​នោះ​ក្រុមហ៊ុន​អា​កាស​ចរណ៍​វៀតណាម Vietjet ក៏បាន​ប្រកាស​ពី​ពិធី​សម្ពោធ​ផ្លូវ​ហោះហើរ​ដែល​ភ្ជាប់​ពី​រដ្ឋធានី​ហាណូយ មក​ខេត្តសៀមរាប​ផងដែរ​។ ក្រុមហ៊ុន Vietjet នឹង​ចាប់ផ្តើម​បើក​ការហោះហើរ​ត្រង់​ពីថ្ងៃ​ទី​ ១៥ ខែធ្នូ​ខាងមុខ​ជាមួយនឹង​ជើងហោះហើរ​ទៅមក​ចំនួន ៧​ ដង​ក្នុង ១ ​សប្តាហ៍ ដោយ​ប្រើពេល​ ១ ​ម៉ោង​៤៥ ​នាទី​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថា ការជំរុញឱ្យ​មានការ​ហោះហើរ​កាន់តែច្រើន​រវាង​ហាណូយ និង​សៀមរាប នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​ហាណូយ​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រ​ទេស​ជាច្រើន​លើ​ពិភពលោក​ចុះចត​។ នៅពេល​ការតភ្ជាប់​ល្អ លំហូរ​ភ្ញៀវ​វៀតណាម និង​ជន​បរទេស​ផ្សេងទៀត​មក​កម្ពុជា នឹងមាន​ចំនួន​កាន់តែច្រើន​។​


​លោកស្រី​បញ្ជាក់ថា​៖«​តាមរយៈ​ការជំរុញ​ជើងហោះហើរ​នេះ កម្ពុជា​រំពឹង​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ និង​កំណើន​វិនិយោគ​បរទេស​កាន់តែច្រើន​។ នៅពេល​មាន​ទេសចរ​កាន់តែច្រើន កំណើនសេដ្ឋកិច្ច​ក៏​កើនឡើង​ដែរ​»​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​​ដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បានឱ្យដឹងថា ការពង្រឹង និង​ពង្រីក​ជើង​ហោះហើរ​ត្រង់​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវ ឬ​វិ​និ​យោគិន​បរទេស​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។ សេវាកម្ម​ហោះ​​ហើរ​កម្ពុជា​-​វៀតណាម កំពុង​បង្ហាញ​ភាព​វិជ្ជមាន​។​

​លោក​ប្រាប់ថា​៖«​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​វៀតណាម យើង​រំពឹងថា ជើង​ហោះហើរ​រវាង​ប្រទេស​ទាំង​ ២ នឹង​កាន់តែ​សកម្ម​ថែមទៀត​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ជើងហោះហើរ​ត្រង់​ពី​ក្រុង​សំខាន់ៗ​របស់​វៀតណាម រួមទាំង​រដ្ឋធានី​ហាណូយ មក​ខេត្តសៀមរាប គឺមាន​ជា​ហូរ​​ហែ​ប្រហែល ១០ ​ឆ្នាំ​ហើយ​។ កិច្ចព្រមព្រៀង​ដែល​កម្ពុជា​-​វៀតណាម បានធ្វើ​រួមគ្នា​កាលពី​ថ្ងៃទី ​១២ ខែធ្នូ នឹង​ជួយ​លើក​​ទឹកចិត្ត​បន្ថែមទៀត​ឱ្យ​ផ្នែក​អា​កាស​ចរណ៍​នៃ​ប្រទេស​ទាំង ២ ពង្រឹង និង​ពង្រីក​ការហោះហើរ​របស់ខ្លួន​ឱ្យ​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖«​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជើងហោះហើរ នឹង​រួមចំណែក​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរ​ណ៍​នៅ​ខេត្តសៀមរាប​»​។​

​បើតាម​លោក ខៀវ ធី បច្ចុប្បន្ន​ជើងហោះហើរ​មកពី​វៀតណាម ដែល​មក​ចុះចត​នៅ​ខេត្ត​សៀម​រាប គឺមាន​មកពី​ហាណូយ និង​ហូជីមិញ ខណៈ​មុន​មាន​វត្តមាន​ជំងឺ​កូ​វីដ​១៩ ក៏មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​ដា​ណា​ង និង​ទីក្រុង​មួយចំនួនទៀត​ដែរ​។​

​លោក ខៀវ ធី បាន​បន្ថែមថា ទន្ទឹមនឹង​ការបង្ក​ភាពងាយស្រួល​ឱ្យ​ភ្ញៀវ​មក​កម្សាន្ត រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា ក៏​ត្រូវតែ​ធ្វើការ​រួមគ្នា​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ធ្វើឱ្យ​ការ​មក​កម្សាន្ត​របស់​ភ្ញៀវ​បរទេស​នៅ​ប្រទេស​កម្ពុ​ជាមាន​រយៈពេល​កាន់តែ​យូរថ្ងៃ​៕