ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ដែលមាន​តម្លៃ ១០០ ​លាន​ដុ​ល្លារ​សម្រាប់​ឆ្នាំ​ ២០២៤ ដើម្បី​ប្រមូល​មូលនិធិ​បន្ថែម​តាមរយៈ​ទីផ្សារ​មូលធន​សម្រាប់​យក​ទៅ​គាំទ្រ​ដល់​គម្រោង​វិនិយោគសាធារណៈ​។​

​បើ​យោងតាម​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៤ (FML) ដែល​បាន​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី ​១១ ខែធ្នូ អនុញ្ញាតឱ្យ​រដ្ឋា​ភិ​​បាល​អាច​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ ដែលមាន​តម្លៃ ៤៤០​ ពាន់​លាន​រៀល ​(១០០​ លាន​ដុល្លារ​) ដើម្បី​សង​ប្រាក់​ដើម និង​ការ​ប្រាក់​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​នេះ​កាលពី​ឆ្នាំ​ ២០២២​។​


FML បានឱ្យដឹងថា​៖ «​ការ​បោះផ្សាយ​នេះ គឺ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​វិ​និ​យោគ​ដែល​អាច​ផ្តល់​ចំណូល​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បី​ធានាបាន​ប្រ​សិទ្ធ​ភាព​នៃ​ការវិនិយោគ និង​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ថវិកាជាតិ​»​។​

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF) បានចាប់ផ្តើម​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​តាំងពី​ឆ្នាំ​ ២០២២ ដោយបាន​ជ្រើសរើស​ថ្នាល​ជួញដូរ​អន​ឡាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBCP) ជា​ភ្នាក់ងារ​បោះផ្សាយ​។ បច្ចុប្បន្ន MEF ក៏​កំពុងធ្វើការ​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX)​ ដើម្បី​ជ្រើស​​រើស CSX​ គឺជា​ភ្នាក់ងារ​បោះផ្សាយ​មួយទៀត​ផងដែរ​។​


​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក មាស​ សុខ​សេន​សាន ដែល​មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​ពី​ថ្ងៃទី​ ១៣ ខែធ្នូ ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​ថា នៅ​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បានចេញ​មូល​ប​ត្រ​ដែលមាន​តម្លៃ ២០០​ លាន​ដុល្លារ ហើយ​ឆ្នាំ​ ២០២២ មានតម្លៃ ៣០០​ លាន​ដុល្លារ​។​

​លោក​បាន​ពន្យល់ថា តាម​ក្របខ័ណ្ឌ​គោលនយោបាយ មូល​ប​ត្រ​រដ្ឋ​អាច​ទិញ​បានតែ​នៅលើ​ទីផ្សារ​បឋម​តែប៉ុណ្ណោះ​ដែល​ភាគច្រើន​ទិញ​ដោយ​គ្រឹះ​​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​) និង​អង្គភាព​ស្រដៀងៗ​គ្នា​នេះ​ជាច្រើន​ទៀត​។​

​លោក សុខ​សេន​សាន បាន​ថ្លែងថា​៖«​វិនិយោគិន​ផ្សេងទៀត​រួមទាំង​សាធារណជន នឹង​អាច​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ​នៅលើ​ទីផ្សារ​បន្ទាប់ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុងតែ​ជំរុញឱ្យមាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​លោក ហុង សុ​ហួរ អគ្គ​នា​​យក CSX ឱ្យដឹងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចាត់​តាំង​ស្ថាប័ន​ចំនួន​ ២ ​គឺ CSX និង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ជា​ភ្នាក់ងារ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ការវិនិយោគ​សាធារណៈ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ការ​ចូលរួម​ក្នុងការ​បោះផ្សាយ​ទាំងនេះ យើង​នឹង​ជួយ​កៀរគរ​មូល​និ​ធិ​បន្ថែម​ក្នុង​ការបំពេញ​ផែន​ការ​របស់​រដ្ឋាភិបាល​»​។​

​យោងតាម​ទិន្នន័យ​នៅពេល​ថ្មីៗ​របស់ MEF នៅ​ចុង​ត្រីមាស​ទី​៣ ឆ្នាំ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ១០,៧២ ​ពាន់​លាន​ដុ​ល្លារ ក្នុងនោះ ៩៩,៥ ​ភាគរយ ត្រូវ​នឹង​ប្រមាណ ១០,៦៧ ​ពាន់​លាន​ដុល្លារ​ជា​បំណុល​សា​ធារ​ណៈ​ក្រៅប្រទេស ​(​ក្របខ័ណ្ឌ​ទ្វេ​ភាគី​ប្រមាណ ៦៤​ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី​ប្រមាណ ៣៦​ភាគរយ​) និង ០,៥ ​ភាគរយ ត្រូវ​នឹង​ប្រមាណ ៥១,៩៩ ​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សា​ធា​រណៈ​ក្នុងប្រទេស​។​

នៅ​ត្រីមាស​ទី៣ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំ​​ណុល ១៩០,២​លាន​ដុល្លារ​។ ពី​ត្រីមាស​ទី​១ ដល់​ត្រីមាស​ទី ៣ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល ៤៣៧,៥៦ លាន​ដុល្លារ ក្នុងនោះ​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស​មាន​ចំនួន​ប្រមាណ ៤២៦,៦៨ លាន​ដុល្លារ​អាមេរិក និង​ក្រប​​ខ័​ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស​មាន​ប្រមាណ ១០,៨៨ លាន​ដុល្លារ​អាមេរិក​៕