«​សហគ្រិន​ខ្មែរ​» ដែលជា​អង្គភាព​មួយ​ក្រោម​ឆត្រ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា កំពុង​ជំរុញ​«​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​» ដែលជា​វេទិកា​ប្រមូលផ្តុំ​ស្ថាប័នហិរញ្ញវត្ថុ​ស្ថាប័ន​ធុរកិច្ច សមាគម​អ្នក​ធុរកិច្ច និង​ក្រុមហ៊ុន​មាន​សក្តា​នុពល ដើម្បី​ជជែក​ពី​ឱកាស​និង​ឧបសគ្គ​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​លំបាក​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​ការរៀបចំ «​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​»​ ប្រចាំ​សប្តាហ៍​កាលពី​សប្តាហ៍​មុន​ដោយមាន​អ្នកចូលរួម​ជាង​មួយរយ​នាក់ មកពី​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ស្ថាប័នហិរញ្ញវត្ថុ ដែលមាន​គោលបំណង​ដោះស្រាយ​បញ្ហា​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ ដែលជា​ផ្នែក​នៃ​ដំណើរ​ឆ្ពោះទៅ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ដ៏​រស់​រវើក​នៅ​កម្ពុជា​។​


​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​ជា​កម្មវិធី​មួយ​ដើម្បី​ពញ្ញាក់​ម្ចាស់​អាជីវកម្ម ឬ​ហៅថា អ្នក​ប្រកប​កិច្ចការ​ធុរកិច្ច ឱ្យ​រៀបចំខ្លួន​ដើម្បី​មានលទ្ធភាព​ទទួលបាន សេវា​ហិរញ្ញវត្ថុ និង​ផ្សាភ្ជាប់​អាជីវកម្ម​របស់​ពួកគេ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សហគ្រិនភាព​។​

​សេចក្តីប្រកាស​របស់​ស​ហ​គ្រិន​ខ្មែរ បាន​លើកឡើងថា ដោយ​សង្កេតឃើញថា​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ គឺជា​ឧបសគ្គ​ចម្បង​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង មធ្យម សហគ្រិន​ខ្មែរ បាន​ប្រើប្រាស់​កិច្ចពិភាក្សា​ជា​បន្តបន្ទាប់​ប្រចាំ​ស​ប្តា​ហ៏​នេះ ក្នុងការ​ធ្វើ​បទ​បង្ហាញ​ពីផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​នានា​ពី​វាគ្មិន​កិត្តិយសពី​បណ្តា​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ 


លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​រួម​របស់​សហគ្រិន​ខ្មែរ ក្នុងការ​លើកកម្ពស់​ស​ហ​គ្រិន​ភាពនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្តល់​វេទិកា​ដើម្បី​កសាង​បរិយាកាស​សហគ្រិនភាព​ឲ្យ​មាន​ភាព​លូតលាស់ ដោយ​ផ្សាភ្ជាប់​ធុរកិច្ច​ក្នុងស្រុកជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​មានលទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​ឱកាស​ផ្សាភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ផ្សេងៗ​ទៀត​»

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ និង ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ និង គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​សង្កត់ធ្ងន់​ពី​«​សារៈសំខាន់​របស់​កម្ម​វិធី​ហិរញ្ញវត្ថុ​សម្រាប់​អាជីវ​កម្មបាន​ចូលរួម​ជំរុញ​សកម្មភាព​សហគ្រិនភាព និង ការអភិវឌ្ឍ​។ ធនាគារ​ក៏បាន​រួមចំណែក​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ដោយ​ការផ្តល់​ប្រាក់កម្ចី​ដែល​បានរៀបចំ​តាម​តម្រូវការ​រៀងៗ​ខ្លួន​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​សម្រួល​ដល់​ការពង្រីក​អាជីវកម្ម និង​ការវិនិយោគ​»​។ 

លោកស្រី ម៉ារ អមរា បន្ថែមថា​៖«​គោលដៅ សំខាន់​គឺ​ដើម្បី​បង្កើត​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ កាត់បន្ថយ​ភាពក្រីក្រ និង ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​»​។ 

​យោងតាម​របាយការណ៍​របស់ ធនាគារពិភពលោក កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។ របាយការណ៍​នេះ​បាន​ព្យាករ​ពីស​ម្ទុះ​នៃ​កំណើន​ផ្នែក​សេដ្ឋកិច្ច​ដល់​ទៅ ៥,៥% ក្នុង​ឆ្នាំ​២០២៣​។ ដោយឡែក​កាលពី​ខែតុលា​កន្លងទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករ​ទុក​មុន​ថា ក្នុង​ឆ្នាំ​២០២៤ សេដ្ឋកិច្ចកម្ពុជា នឹង​កើន​បាន ៦,៦%​។ 

សហគ្រិន​ខ្មែរ បានបង្ហាញ​ក្នុង​សេចក្តីប្រកាស​នោះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​ភាពជោគជ័យ​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា នាពេល​អនាគត ដោយ​បច្ចុប្បន្ន ៩៨% នៃ​ធុរកិច្ច​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​រួមចំណែក ៥៨% នៃ​ផលិតផល​ដុល​ក្នុងស្រុក​របស់​ប្រទេស​ទាំងមូល​៕