ភ្នំពេញៈ កម្ពុជា​បានកំណត់​ទិសដៅ​បង្កើន​ចំណែក​ថាមពល​ពី​ថាមពល​កកើត​ឡើងវិញ​យ៉ាង​​ហោចណាស់ ៧០​ ភាគរយ​ត្រឹម​ឆ្នាំ​ ២០៣០ ដើម្បី​រួមចំណែក​ដល់​ទិសដៅ​បរិស្ថាន និង​កំ​ណើ​ន​សេដ្ឋកិច្ច ជាពិសេស​ធានា​ប្រសិទ្ធភាព​ថាមពល​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​សប្តាហ៍​មុន​ថា កម្ពុជា​នឹង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ​ភាគរយ​ត្រឹម​ឆ្នាំ ​២០៣០​។


លោក​បន្តថា ថាមពល​កកើត​ឡើងវិញ​មានដូចជា ពន្លឺ​ព្រះ​អា​ទិ​ត្យ ខ្យល់ វា​រី​អគ្គិសនី និង​ជីវ​ម៉ាស នឹង​ដើរតួ​សំខាន់​នៅក្នុង​ការដាក់​ថាមពល​រួមបញ្ចូល​គ្នា ដោយ​រួមចំណែក​យ៉ាងសំខាន់​ដល់​ទិសដៅ​បរិស្ថាន និង​កំ​ណើ​ន​សេដ្ឋកិច្ច​ប្រទេស​។​

​លោក​លើកឡើងថា​៖ «​ពេល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​បាន​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិតប្រាកដ​នៃ​អគ្គិសនី​កម្ម​។ អគ្គិសនី​កម្ម តាមរយៈ​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ និង​រថយន្ត​អគ្គិសនី ​(EVs)​ និង​អគ្គិ​​ស​នី​កម្ម​នៃ​ឧស្សាហកម្ម និង​កសិកម្ម​»​។​


​លោក​ប្រាប់ថា​៖ «​ការណ៍​នេះ​មានន័យថា យើង​ត្រូវ​ផ្តោតលើ​ការ​ស្ដុក​ទុក​ថាមពល ពង្រីក​បណ្តាញ និង​ទទួលយក​បច្ចេកវិទ្យា​អគ្គិសនី​ឆ្លាត​វៃ ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការបង្កើត​ថាមពល​កកើត​ឡើងវិញ និង​ធានា​ការផ្គត់ផ្គង់​ថាមពល​ប្រកបដោយ​ស្ថិរភាព និង​និ​​រ​ន្ត​រ​ភាព​សម្រាប់​អនាគត ខណៈ​គោល​​ដៅ​នីមួយៗ​ហាក់ដូចជា​ខុសគ្នា ប៉ុន្តែ​វា​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ គោលដៅ​នីមួយៗ​អាស្រ័យទៅលើ​ភាពជោគជ័យ​ពីគ្នា​ទៅវិញទៅមក​»​។​

​លោក​បញ្ជាក់ថា គោលការណ៍​អា​​ស៊ាន​កំណត់ឱ្យ​បណ្ដា​ប្រទេស​សមាជិក​ទទួលបាន ៣៥ ​ភាគរយ​ពី​ប្រភព​ស្អាត ឬ​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ​ត្រឹម​ឆ្នាំ​ ២០៣០​។ កម្ពុជា​បាន​លើស​ទិសដៅ​នេះ​រួចហើយ ដោយ​សម្រេចបាន​ជាង ៦០ ភាគរយ​នៅ​ឆ្នាំ​ ២០២២​។​

​លោក​បញ្ជាក់ថា​៖ «​អនាគត​ថាមពល​សកល​របស់​យើង​ក៏​ជា​ផ្នែក​មួយ​ដែល​យើង​មិន​អាចធ្វើ​សកម្មភាព​តែម្នាក់ឯង​បានទេ​។ យើង​មិន​រស់នៅក្នុង​ពិភព​នៃ​ប្រទេស​ដែលមាន​ថាមពល​ឯករាជ្យ​នោះទេ​។ អនាគត​របស់​យើង​នឹង​កាន់តែខ្លាំង​ឡើងជា​ផ្នែក​មួយ​នៃ​ការពឹងផ្អែក​អន្តរ​ថាមពល​។ ការតភ្ជាប់​អន្តរ​តំបន់​មាន​សារៈសំខាន់​សម្រាប់​ការជំរុញ​សន្តិ​​សុខ​ថាមពល ការចែករំលែក​ថាមពល​កកើត​ឡើងវិញ និង​កាត់បន្ថយ​គម្រោង​ថាមពល​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​។ កម្ពុជា​មិន​ត្រឹមតែ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​អភិវឌ្ឍ​មធ្យោបាយ​នាំចេញ​ថា​ម​​ពល​ស្អាត​ទៀតផង ជាពិសេស​ទៅកាន់​ប្រទេសជិតខាង​ដូចជា​សិង្ហ​បុរី​»​។​

​បើតាម​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន (ACE) ដែល​បាន​សរសេរ​មកកាន់​កា​សែត​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ចុង​​ខែកក្កដា ឆ្នាំ​ ២០២៣​ថា សន្តិសុខ​ថា​ម​ពល គឺជា​អាទិភាព​មួយ​ក្នុង​វិស័យ​ថា​ម​​ពល​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្តល់​ការផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ថាមពល​ដែល​កំពុង​កើនឡើង​។

ការប្រើប្រាស់​អគ្គិសនី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ចាប់ពី​ឆ្នាំ​ ២០១០ ជាមួយ​អត្រា ៣៤​ ភាគរយ​រហូតដល់ ៩៨​ ភាគរយ​នៅ​ឆ្នាំ ​២០២២​។​

​លើសពីនេះ ការ​ដាច់​ចរន្តអគ្គិសនី​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​ ២០១៥ បានបង្ហាញ​ពី​របៀប​ដែល​ប្រទេសមួយ​នេះ​ពឹងផ្អែក​ខ្លាំង​លើ​អគ្គិសនី​ដែល​នាំចូល​។ ការរំខាន​នេះ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​សន្តិសុខ​ថាមពល​របស់​ប្រទេស​។

ក្រោយមក កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ផែនការអភិវឌ្ឍន៍​ថាមពល ​(PDP) សម្រាប់​ឆ្នាំ ​២០២២-២០៤០ ដើម្បី​បញ្ចៀស​ការ​ដាច់​អគ្គិសនី​នៅពេល​ក្រោយ​ទៀត និង​កាត់បន្ថយ​ហានិភ័យ​នៃ​អសន្តិសុខ​ថាមពល​៕