ភ្នំពេញៈ ទឹកប្រាក់​ជាង ២៦៤​ លាន​ដុល្លារ​ ត្រូវបាន​កម្ពុជា​រក​បាន​ពី​ការនាំ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា នៅក្នុង​រយៈពេល ១១​ ​ខែ​ឆ្នាំ​ ២០២៣ កើនឡើង​ជាង ៥៥ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​សរុប​រវាង​ភាគី​ទាំង​ ២ កើន​ដល់​ជាង ៤៤៣ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរ​ជាតិ GDCE ឱ្យដឹងថា ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា ក្នុង​ទឹកប្រាក់ ២៤៦,៥​ លាន​ដុល្លារ កើន ៥៥,១ ​ភាគ​​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ចំណែក​ទំនិញ​ដែល​ឥណ្ឌា​នាំមក​កម្ពុជា​វិញ ១៧៨,៧៣ ​លាន​ដុល្លារ​ធ្លាក់ចុះ ២១,៨ ​ភាគរយ​។


សរុប​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន ៤៤៣,២៣ ​លាន​ដុល្លារ កើនឡើង ១១,១ ​ភាគរយ​ធៀប​រយៈពេល ១១​ ខែ ឆ្នាំ​ ២០២២​។​ ​បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៨៥,៧៧ ​លាន​ដុល្លារ​។ ប្រទេស​ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ​១៨ របស់​កម្ពុជា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៤ ខែធ្នូ​ថា បើ​និយាយ​ពី​ចំណងទាក់ទង​កម្ពុជា​-​ឥណ្ឌា គឺមាន​តាំងពី​យូរណាស់​មកហើយ ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ក៏មាន​ជា​ហូរហែ​ដែរ​។ ការពង្រីក​ចំណង​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​​ឥណ្ឌា បាន​ក្លាយជា​ចំណុច​អាទិភាព​មួយ​ដែល​វិនិយោគិន​គ្រប់រូប​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ ព្រោះ​ក្រៅពី​មាន​សេដ្ឋកិច្ច​ធំ​លើ​ពិភពលោក ឥណ្ឌា​ក៏មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​ដែរ​។


លោក​បន្តថា កំណើន​ទឹកប្រាក់​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌា​ជា​បន្ត​បន្ទាប់​នេះ គឺ​ដោយសារ​បរិមាណ​ទំនិញ​ដែល​កម្ពុជា​ផលិត​បាន​មាន​កាន់តែច្រើន ហើយ​ស្របតាម​តម្រូវការ​ទីផ្សារ​ឥណ្ឌា​។​

​លោក​និយាយថា​៖ «​ទន្ទឹមនឹង​កំណើន​ប្រាក់​នាំចេញ កម្ពុជា​ក៏ត្រូវ​ខិតខំ​ផលិត និង​កែច្នៃ​ផលិតផល​របស់ខ្លួន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ចម្រុះ​ថែមទៀត​ដើម្បី​ចាប់យក​ទីផ្សារ​ថ្មីៗ​ឱ្យបាន​ច្រើន​»​។

លោក​បន្តថា​៖«​នៅពេល​ការផលិត​បាន​កាន់តែ​ច្រើន វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការនាំ​ចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​មួយចំនួន​ដែល​ក្នុងស្រុក​អាច​ផលិត​បាន​ផងដែរ​»​។​

​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌា មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ និង​ក​សិ​កម្ម ចំណែក​ទំនិញ​នាំចូល​ពី​ឥណ្ឌា គឺ​ផលិតផល​បច្ចេកវិទ្យា សម្ភារ​វេជ្ជសាស្ត្រ និង​ឱសថ ជាដើម​។​

​លោក​បានលើកឡើង​ទៀតថា បច្ចុប្បន្ន​ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវ​ពី​ប្រទេស​ឥណ្ឌា​ច្រើន​ដែរ ដោយ​តាម​ទិន្នន័យ​ក្រសួង​ទេសចរ​​ណ៍ គឺ​នៅក្នុង​រយៈពេល ១០ ខែ ឆ្នាំ​ ២០២៣ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​​ជនជាតិ​ឥណ្ឌា​សរុប ៥៤ ៧៧៧ ​នាក់ កើន ១៤៦,៧​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ២២ ២០២​ នាក់​។ ក្នុង​ចំនួន​ខាងលើ គឺ​ភ្ញៀវទេសចរ ៤៤ ៣២៨ ​នាក់​, ធុរកិច្ច​ជន ១០ ៣៨៣​ នាក់ និង​ផ្សេងៗ ៦៦ ​នាក់​។​

​យោងតាម​គេហទំព័រ worldometers.info គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២៣ ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក ដោយមាន​សរុប ១ ៤៣៤,៥៧​ លាន​នាក់ នាំមុខ​ប្រទេស​ចិន​នៅ​លេខ​២​ដែលមាន​ប្រជាជន ១ ៤២៥,៤៤ ​លាន​នាក់​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោកស្រី Devyanl Uttam Khobragade កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣ បានបង្ហាញ​សុទិដ្ឋិនិយម​ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ឥណ្ឌា នឹង​កាន់​តែមាន​ភាពល្អប្រសើរ តាម​​រយៈ​ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការគាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​ជើងហោះហើរ​ត្រង់​ដែល​នឹង​ជំ​រុញ​ការតភ្ជាប់​រវាង​ប្រជាជន និង​លំហូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​។​

​លោកស្រី Devyani Uttam Khobragade បាន​លើកឡើងថា ឥណ្ឌា​សង្ឃឹមថា ក្នុង​នីតិកាល​ថ្មី​នេះ កម្ពុជា​-​ឥណ្ឌា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ការបង្កើតឱ្យមាន​យន្តការ​សម្របសម្រួល​ដ​ល់​ដំណើរការ​ពាណិជ្ជកម្ម និង​វិនិយោគ​តាមរយ​:​កិច្ចព្រមព្រៀង​អនុគ្រោះ​ពា​ណិ​ជ្ជ​កម្ម និង​ការជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​ជើង​ហោះហើរ​ត្រង់​ឥណ្ឌា​-​កម្ពុជា ដែល​រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​ដាក់​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ឥណ្ឌា មាន​ទឹកប្រាក់​សរុប ៤៤០​ លាន​ដុល្លារ កើនឡើង ៤១,៣៧​ ភាគរយ​ ធៀប​ឆ្នាំ​ ២០២១ ដោយ​កម្ពុជា​នាំ​ទំនិញ​ទៅ​ឥណ្ឌា ១៩៦,៦៣ ​លាន​ដុល្លារ កើន ៥៦ ​ភាគរយ និង​ឥណ្ឌា​នាំមក​វិញ ២៤៣,៣៧ ​លាន​ដុល្លារ កើន ៣១,៤​ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ GDCE៕​