ភ្នំពេញៈ លោក ស៊ុន ចាន់ថុល  ​អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក​មក​ធ្វើការ​បណ្ដាក់ទុន​វិនិយោគ​លើ​ការរៀបចំ​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែល​បង្កើន​ភាព​ប្រកួត​​ប្រជែង​របស់​កម្ពុជា និង​ផ្ដល់ឱកាស និង​សម្រាប់​តំបន់​។​

​ការលើកឡើង​របស់ លោក ស៊ុន ចាន់ថុល ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោក​​ស្រី Melissa Brown  ​ឧបការី​​រង​រដ្ឋមន្ត្រីការបរទេស​សហ​​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ នៅ​ទីស្តីការ​ CDC ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក​ស្រី​មក​កាន់​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​១៣ ដល់​ ១៥​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។​


​លោក​ថ្លែងប្រាប់​លោកស្រី Brown ថា ស្របតាម​កិច្ច​សហប្រតិបត្តិការ​រួមគ្នារ​វាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក លើ​កិច្ចការងារ​ជាច្រើន​នាពេល​កន្លងមក រាប់បញ្ចូល​ទាំង​ការធ្វើ​ពាណិជ្ជកម្ម លោក​ក៏បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​ជំរុញ​កិច្ចការងារ​វិនិយោគ​ដោយផ្ទាល់ រវាង​ភាគី​ទាំង​ ២ ​បន្ថែមទៀត​។ លោក​ក៏បាន​បញ្ជាក់​អំពី​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ដែល​បើក ទូលាយ​ជូន​ចំពោះ​គ្រប់​វិ​និ​យោ​គិ​ន​ពី​បណ្ដា​ប្រទេស​នានា អាច​ចូលមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ និង​មាន ការលើកទឹកចិត្ត​លើ​វិស័យ​មួយ ចំនួន​ដែល​កំណត់ដោយ​ច្បាប់​។​

​លោក​ត្រូវបាន​ដកស្រង់​សម្តី​ថា​៖ «​កម្ពុ​ជាមាន​ទិសដៅ​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ដែល​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម ទៅជា​ប្រទេស​ប្រើ​កម្លាំង​ពលកម្ម​តិច​តួច និង​ប្រែក្លាយជា​ប្រទេស​ប្រើប្រាស់​មូលធន​ជំនាញ ដើម្បី​ជំរុញ​កម្ពុជា​ក្លាយជា​ទីតាំង​ខ្សែ​ច្រវាក់​ផលិតកម្ម​សកល​ផងដែរ​។ ក្នុងនោះ កម្ពុជា​លើកទឹកចិត្ត​ឱ្យ មានការ​បណ្ដាក់ទុន​វិនិយោគ​លើ​ការរៀបចំ​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែល​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ផ្ដល់ឱកាស​ជូន​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​តំបន់​ផងដែរ​»​។​


​លោកស្រី Melissa Brown បានបង្ហាញ​ការ​កោតស្ញប់ស្ញែង​ពី​ការអភិវឌ្ឍ​នៅ​កម្ពុជា ហើយ​បាន​សម្តែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កាលពី​ឆ្នាំ ​២០២០​កន្លងទៅ អំឡុងពេល​ដូចគ្នា​នៃ​ជំងឺ​រា​ត​ត្បា​ត​កូ​វីដ ១៩ កម្ពុជា​បានឱ្យ​នាវា​ទេសចរណ៍​ខ្នាត​ធំ Westerdam របស់​សហរដ្ឋអាមេរិក​ចូល​ចត​នៅ​កម្ពុជា ដែល​នាវា​ទេសចរណ៍​ខ្នាត​ធំ​នេះ​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២៣ ជាមួយនឹង​ភ្ញៀវទេសចរ​ប្រមាណ​ជាង ៤​ ពាន់​នាក់​។

​លោកស្រី​ក៏បាន​ស្នើ​សុំឱ្យ​កម្ពុជា​ពិនិត្យ​លទ្ធភាព​កែលម្អ​លើ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ពន្ធដារ តម្លាភាព និង​ប្រសិទ្ធភាព​នៃ​បទដ្ឋាន​គតិយុត្ត​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា បន្ថែម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​។​

​យោងតាម​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​កា​រ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក នៅក្នុង​រយៈពេល ៩ ខែ ឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ ៩ ​ខែ ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៧,៣ ​ពាន់​លាន​ដុល្លារ​៕