ភ្នំពេញ​: ប្រទេស​កម្ពុជា ស្ថិត​ក្នុងចំណោម​ប្រទេសជិតខាង​អាស៊ាន​ ២ ​ផ្សេងទៀត រួមមាន​ប្រទេស​វៀតណាម និង​ឡាវ កំពុង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញ​ប្ប​ទាន​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ​សមរម្យ អាច​បង្កើន​ការនាំ​ចូល និង​ការនាំចេញ​រហូតដល់ ៩ ភាគរយ ជាមួយនឹង​ការ​កើន​ឡើង​ប្រចាំឆ្នាំ​នៃ​ការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​របស់​ប្រទេស​ទាំង​ ៣ នេះ​សម្រេចបាន​ជាង ៥៨​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC)​ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO)​។​

​យោងតាម​របាយការណ៍​នេះ ការសិក្សា​នេះ​គឺជា​ការអង្កេត​លើក​ទី​២ ​អំពី​ហិរញ្ញ​ប្ប​ទាន​ពាណិជ្ជកម្ម​ក្នុង​តំបន់​បន្ទាប់ពី​អ្រា​ហ្វិ​ក​ខាងលិច ដែល​វិភាគ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ផ្តល់​ការយល់ដឹង​អំពី​របៀប​ដែល​ក្រុមហ៊ុននាំចេញ​នាំចូល​នានា​អាច​បង្កើន​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយនឹង​ការគាំទ្រ​ដែល​ធ្វើឱ្យ​ប្រសើរឡើង​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​។ ការបង្កើន​ការ​គ្រប​ដណ្តប់​ឱ្យមាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​មាន​សារៈសំខាន់​ជាង​ការកាត់បន្ថយ​ថ្លៃដើម​នៃ​ហិរញ្ញប្បទាន​។​


​របាយការណ៍​នេះ​បញ្ជាក់ថា កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់​មេគង្គ​មាន​ភាពមិន​ស្មើគ្នា​ឡើយ​។ ការនាំ​ចេញពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​បរទេស​បាន​កើន​ឡើង​លើសពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​។

ការសិក្សា​នេះ​បង្ហាញថា ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ក្នុងស្រុក​មិន​ត្រឹមតែ​ត្រូវបាន​គេ​ប្រើប្រាស់​តិចតួច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មានតម្លៃ​ខ្ពស់ មាន​សភាព​ដាច់ដោយឡែក​ពីគ្នា​ជា​ផ្នែកៗ និង​មាន​លក្ខណ​:​ប្រពៃណី​ផងដែរ​។


ក្នុង​ឆ្នាំ ២០២២ ធនាគារ​ក្នុងស្រុក​បានផ្តល់​ការ​គាំទ្រ​ត្រឹមតែ ២១ ​ភាគរយ​នៃ​ការនាំចេញ និង​នាំចូល​របស់​វៀតណាម​ប៉ុណ្ណោះ​។ នៅ​កម្ពុជា និង​ឡាវ តួលេខ​នោះ​មាន​តិចជាង ៣ ​ភាគរយ​។

ពាណិជ្ជករ​បានលើកឡើង​ពី​តម្រូវការ​ទ្រព្យ​ធានា​ខ្ពស់ និង​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​ដ៏​លំបាក​ក្នុងចំណោម​ហេតុផល​សំខាន់ៗ​ដែល​ពួកគេ​មិនបាន​ស្វែងរក​ការគាំទ្រ​ពី​ធនាគារ​ក្នុងស្រុក​។​

​លោក Makhtar Diop នាយក​គ្រប់​​គ្រង IFC បានឱ្យដឹង​នៅក្នុង​របាយការណ៍​នេះ​ថា IFC កំពុង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​សក្តានុពល​នៃ​ការ​នាំចូល និង​នាំចេញ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​កិច្ច​​សហការ​ដ៏​ល្អ​ក្នុង​ការផលិត​របាយ​ការណ៍​នេះ​។ យើង​បាន​មើលឃើញ​ជារឿយៗ​នូវ​អំណាច​បរិវត្ត​កម្ម​នៃ​ហិរញ្ញ​ប្ប​ទាន​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​»​។​

​លោក​បន្តថា​៖ «​ប៉ុន្តែ​វា​តម្រូវឱ្យមាន​សកម្មភាព​ដែល​សម្រប​​សម្រួល​ដោយ​វិស័យ​ឯកជន​អ្នកបង្កើត​គោលនយោបាយ គ្រឹះស្ថាន ហិរញ្ញវត្ថុ និង​អង្គការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​ឧបសគ្គ​ចំពោះ​ហិរញ្ញប្បទាន​ពាណិជ្ជ​កម្ម និង​អនុវត្ត​សក្តានុពល​ពេញលេញ​របស់ខ្លួន​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​»​។​

​លោកស្រី​ Ngozi Okonjo Iweala​ អគ្គនាយិកា WTO បានឱ្យដឹងថា របាយ​ការណ៍​ថ្មី​នេះ​ផ្តល់​ការយល់ដឹង​សម្រាប់​រដ្ឋាភិបាល គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ពាណិជ្ជករ​អំពី​របៀប​ក្នុងការ​ចាប់យក​ឱកាស​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​កំណើន និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​។​

​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ចន្លោះ​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានតម្លៃ ២០,៤៩​ ពាន់​លាន​ដុល្លារ កើនឡើង ១,២ ​ភាគរយ​ពី​ចំនួន ២០,២៤ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕