ភ្នំពេញ​: អ្នក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​សាទរ​ចំពោះ​ផែនការ​នៃ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​គម្រោង «​ប្រព័ន្ធ​អេឡិចត្រូនិក​សលាក​ប​ត្រ​ចូល​កម្ពុជា​» ដោយ​រដ្ឋាភិបាល​សម្រាប់​អ្នកដំណើរ​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ​​ ២០២៤ ដែលជា​ការបោះ​ជំហាន​ថ្មី​មួយទៀត​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​។​

​បើ​យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ​១៣ ខែធ្នូ រដ្ឋាភិបាល​កម្ពុជា បាន​ឯក​ភាពជា​គោល​ការណ៍​ឱ្យ​អនុវត្ត​សាកល្បង ប្រព័ន្ធ​អេឡិចត្រូនិក​សលាក​ប​ត្រ ចូល​កម្ពុ​ជាមុន​ពេលមកដល់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកដំណើរ​ជា​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ ក្នុងការ​បំពេញ បែបបទ​អន្តោប្រវេសន៍ បែបបទ​គយ និង​បែបបទ​សុខភាព ក្នុង​ទម្រង់​តែមួយ​។​


​សេចក្តីជូនដំណឹង​នេះ​លើក​ឡើង​ថា​៖ «​អនុវត្តតាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ អេឡិចត្រូនិក​សលាក​ប​ត្រ​ចូល​ព្រះរាជា​ណា​ចក្រ​កម្ពុជា មុនពេល​មក ដល់ ឬ Cambodia e-Arrival Card នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ដោយ​ចាប់ផ្តើម​អនុវត្ត​សាកល្បង​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២៤»​។​

​ក្នុងដំណាក់កាល​អនុវត្ត​សាក​ល្បង​នេះ អ្នកដំណើរ​អាចមាន​ជម្រើស​ក្នុង​ការបំពេញ​ព័ត៌មាន តាម​ទម្រង់ ជា​អេឡិចត្រូនិក ឬ បំពេញ​ព័ត៌មាន​ក្នុង​សលាក​ប​ត្រ​អន្តោប្រវេសន៍ ប្រកាស​ព័ត៌មាន​គយ និង​សុខាភិបាល តាម​ទម្រង់​ជា​ក្រដាស​ក៏បាន​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ថា កម្មវិធី​កាត​អេឡិចត្រូនិក​គឺ​បង្ហាញ​អំពី​ការបោះ​ជំហាន​ថ្មី​មួយ​របស់​កម្ពុជា​សម្រាប់​សម្រួល​ដល់​ភ្ញៀវទេសចរ ដែល​បង្ហាញ​ពី​ឱកាស​ដ៏​សំខាន់​ក្នុងការ​ទាក់​ទាញ​ចំនួន​ភ្ញៀវ​កាន់តែច្រើន​មក​ទស្សនា​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​ការ​ផ្តល់​នីតិវិធី​នៃ​ការចូល​ដោយ​រលូន និង​ឆាប់រហ័ស វា​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ជារួម​របស់​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​មួយ ជាពិសេស​ផ្តល់​ភាពងាយស្រួល និង​ប្រសិទ្ធភាព​ដែល​កម្មវិធី​នេះ គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ទីផ្សារ​ទេសចរណ៍​ពិភព​លោក ប្រកបដោយ​ភាព​ប្រកួត​ប្រជែង​»​។​

​លោក សរ សារិន ប្រធាន​ក្រុមហ៊ុន PTM Travel & Tours Co., Ltd បានឱ្យដឹងថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​រួមចំណែក​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា​។

លោក​បន្តថា​៖ «​វា​គឺជា​វិធានការ​ដ៏​ល្អ​មួយ​ដែល​យើង​កំពុង​ធ្វើឱ្យបាន​រហ័ស ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ថ្នាល​ឌីជីថល​នេះ ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល សម្រាប់​ភ្ញៀវទេសចរ ព្រោះ​ពួកគេ​មិន​ចំណាយពេល​ច្រើន​លើ​ការ​បំពេញ​ក្រដាស​ស្នាម​ទេ​»​។​

​លោក​ សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ខែវិច្ឆិកា​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួង​ក្នុងការ​បង្កើន​ការមកដល់​របស់​ភ្ញៀវទេសចរ​​បរទេស និង​បង្កើន​រយៈពេល​ស្នាក់នៅ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​ភ្ញៀវ​ទទួលយក​បទពិសោធ​ន៍​ទាក់​ទង​នឹង​បេតិកភណ្ឌ និង​វប្បធម៌​។ គោលដៅ​របស់​យើង នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោល​ដៅ​ទេសចរណ៍​ពិភពលោក​ឈានមុខ​គេ​»​។​

​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤,៤ លាន​នាក់​ក្នុង​រយៈពេល ១០ ​ខែ​កន្លងមកនេះ កើនឡើង​ជាង ១៨០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕