​ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន KOJIMA Holdings Co., Ltd. បានបង្ហាញ​ផែនការ​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិកម្ម​សម្រាប់​នាំចេញ និង​គម្រោង​បង្កើត​ភូមិ​ខ្មែរ​នៅក្នុង​ខេត្ត​កា​ណាហ្គា​វ៉ា ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​អំពី​ប្រពៃណី​វប្បធម៌​ខ្មែរ​នៅក្នុង​ប្រទេស​ជប៉ុន​។​

ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក KOJIMA Masanobu ប្រធាន​ក្រុមហ៊ុន KOJIMA Holdings Co., Ltd.​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​។​


ជា​កិច្ច​ចាប់ផ្តើម​លោក KOJIMA Masanobu បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​ការបណ្តុះបណ្តាល និង​ការនាំយក​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ជប៉ុន​។ ជាមួយគ្នានេះ​លោក​ក៏បាន​លើកឡើង​អំពី​គម្រោង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​ទៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​កសិកម្ម​សម្រាប់​បម្រើឱ្យ​ការនាំចេញ និង​គម្រោង​នៃ​ការបង្កើត​ភូមិ​ខ្មែរ​​នៅក្នុង​ខេត្ត​កា​ណាហ្គា​វ៉ា ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយ​អំពី​ប្រពៃណី​វប្បធម៌​ខ្មែរ ​នៅក្នុង​ប្រទេស​ជប៉ុន សំដៅ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត។​

បើតាម​លោក KOJIMA Masanobu​ ក្រៅពីនេះ បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា នៅ​ទីក្រុង​អា​តស៊ូ​គិ ខេត្ត​កា​ណាហ្គា​វ៉ា ដែលជា​កន្លែង​ដ៏​សំខាន់​មួយ​ ក្នុងការ​ផ្តល់ព័ត៌មាន​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ការផ្សព្វផ្សាយ​អំពី​ផលិតផល និង​ម្ហូបអាហារ​ខ្មែរ ការផ្លាស់ប្តូរ​វប្បធម៌ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​ការសម្របសម្រួល​ធុរកិច្ច​ពាណិជ្ជកម្ម ជាដើម​។​


នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការស្វាគមន៍ និង​ក្តី​រីករាយ​ចំពោះ​ជំនួប​ជាមួយ KOJIMA Masanobu​ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន​ ដែល​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​នេះ​ជាការ​រួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ 

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​បណ្តុះបណ្តាល និង​បញ្ជូន​កម្មសិក្សាការី​ខ្មែរ មក​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​ការណ៍​នេះ​ពិតជា​បានផ្តល់​អត្ថប្រយោជន៍​ចំពោះ​កម្ពុជា ទាំង​ចំពោះមុខ និង​រយៈពេល​វែង​ផងដែរ​។​

​លោក​បាន​លើកឡើងថា​៖«​ផលប្រយោជន៍​ចំពោះមុខ គឺ​ការបង្កើត​ការងារ​ដែល​ផ្តល់នូវ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ ខណៈ​ផលប្រយោជន៍​រយៈពេល​វែង គឺ​កម្មសិក្សាការី​ខ្មែរ នឹង​ក្លាយជា​ធនធានមនុស្ស​ខ្មែរ​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​សម្រាប់​ប្រទេស​កម្ពុជា​នាពេល​អនាគត​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជប៉ុន គឺជា​វិនិយោគិន​ឈានមុខ​គេ​មួយ​ដែល​បានមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ​(FDI)​​។​ក្រៅពីនេះ​ជប៉ុន ក៏បាន​ទទួល​ទិញ​ទំនិញ​ដ៏​ច្រើន​ផងដែរ​ពី​កម្ពុជា​។

បច្ចុប្បន្ន​ក៏មាន​ពលករ​កម្ពុ​ជាច្រើន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។ លោក​បន្តទៀតថា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បើក​អាជីវកម្ម និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​។ នាពេល​កន្លងមក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​ទៅ​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​តំបន់​សេន​ដាយ ប្រទេស​ជប៉ុន​ផងដែរ​។​

លោក​​អះអាងថា​៖«​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង RCEP ដែល​ប្រទេស​ទាំង ២ ជា​សមាជិក​ នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ កើនឡើង​បន្ថែមទៀត ​នាពេលខាងមុខ​»​។​

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ១១​ខែ​ដើមឆ្នាំ​២០២៣ មាន​ទឹកប្រាក់​សរុប​១,៦៤​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣​។ ក្នុង​ចំនួន​នេះ គឺ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅ​ជប៉ុន មាន​ទឹកប្រាក់​១,០៦​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ០,៣ ភាគរយ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា ៥៧៣,៦៤​ លាន​ដុល្លារ ធ្លាក់ចុះ ១៩,៣​ ភាគរយ​។ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ជប៉ុន គឺជា​ប្រទេស​ដែលមាន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី ៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល​ (​កើនឡើង​ ១១,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​។​

​ក្នុង​ឆ្នាំ​២០២២ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប​ ១៩៤៨,០១៩ ​លាន​ដុល្លារ​កើនឡើង ១២,៣ ​ភាគរយ​ធៀប​ឆ្នាំ​២០២១ ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹកប្រាក់ ​១ ១៧៣,០៣​ លាន​ដុល្លារ​កើនឡើង ៧,៣​ ភាគរយ និង​នាំចូល​មាន​ទឹកប្រាក់ ​៧៧៤,៩៨៩​ លាន​ដុល្លារ​កើនឡើង ២១​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕