ភ្នំពេញៈ សហព័ន្ធ​ម្រេច និង​គ្រឿង​​ទេស​កម្ពុជា ​(CPSF) និង​ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. (KOC) បាន​សហការគ្នា​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ការនាំចេញ​ឆ្នាំ​ ២០២៣ (EDP) របស់ខ្លួន​ជា​ផ្លូវការ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ប្រ​​កួត​ប្រជែង​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​បរទេស​។​

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ដើម្បី​គាំទ្រ​ដល់​សមាជិក CPSF និង​ដៃគូ​របស់​ពួកគេ​ក្នុង​ការផ្តល់​ចំណេះដឹង និង​ជំនាញ និង​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​នាំចេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​


​លោក ម៉ាក់ នី ប្រធាន CPSF បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​នេះ​ថា សមាជិក និង​ដៃគូ​របស់ CPSF ទាំង​អស់​នឹង​ទទួលបាន​ចំណេះដឹង ជំនាញ និង​ទំនាក់ទំនង ដើម្បី​រៀបចំ​ផែនការ​នាំ​ចេញ​ផលិតផល​ប្រកបដោយ​សក្តា​នុ​​ពល​របស់​ពួកគេ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​គោលដៅ​រួម​របស់​យើង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ផលិតផល​កសិកម្ម ជាពិសេស​ផលិត​ផល​សរីរាង្គ​ទៅកាន់​ទីផ្សារ​នាំចេញ​»​។​


​លោក កឹម មាស​សុខ​សីហា អនុ​រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួង​រំពឹងថា កម្មវិធី​នេះ​មិន​ត្រឹមតែ​ជំរុញ​ផលិតផល​ម្រេច និង​គ្រឿង​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការនាំ​ចេញ​កសិផល​សក្តានុពល​ផ្សេងទៀត​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​វេទិកា​ដ៏​សំខាន់​មួយ ដែល​មិន​ត្រឹមតែ​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ការនាំចេញ​ឆ្នាំ​ ២០២៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​សាមគ្គីភាព និង​កសាង​បណ្តាញ​ភាគី​ពាក់ព័ន្ធ​ស្រប​ជាមួយនឹង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​កសិកម្ម និង​ជំរុញ​ការនាំចេញ​»​។​

​សម្រាប់ EDP ២០២៣ និង​ការចេញ​វិញ្ញាបនបត្រ​សរីរាង្ គ​(Organic Certification)​ ត្រូវបាន​អនុវត្ត​ដោយ CPSF និង KOC តាមរយៈ​ជំនួយ​មូលនិធិ​ពី USAID-Feed the Future Cambodia Harvest III, EU, RECOVER, DCA, និង HEKS EPER ។​

CPSF ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៨ តំណាងឱ្យ​ផលប្រយោជន៍​វិស័យ​ម្រេច និង​គ្រឿងទេស​កម្ពុជា ហើយ​ធ្វើ​ការងារ​ដើម្បី​ធានា​ឱ្យ​ប្រាកដថា ការផ្គត់ផ្គង់​ម្រេច និង​គ្រឿងទេស​​កម្ពុជា ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​សុវត្ថិភាព​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​។​

​កម្ពុជា​រកចំណូលបាន​ជិត ៤​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល ៧,៣​ លាន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​​ពេល ១១ ​ខែ ឆ្នាំ​ ២០២៣ ខណៈ​បរិ​មាណនៃ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា មាន​រហូតដល់​ជាង ១​ លាន​តោន​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ក្នុង​រយៈពេល​នេះ គឺ​ការនាំចេញ​អង្ករ​មាន​ចំនួន ៥៩៥ ៦៣០​ តោន​, ស្រូវ ២ ៤៩៧ ០៧៥ ​តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ៤ ២២១ ៤៨៥,១២ ​តោន ទៅ​ទិសដៅ ៧៥ ​ប្រទេស ដោយ​ធ្លាក់ចុះ​ចំនួន ៤,៦​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

សម្រាប់​ទឹកប្រាក់​ដែល​ទទួលបាន​តាម​ការ​ប៉ាន់ស្មាន ​(​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) ចំនួន​សរុប ៣ ៩១០​ លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ ចំនួន ៥១៥,២២​ លាន​ដុល្លារ​, ស្រូវ ៨៤០,២៨​ លាន​ដុ​​ល្លារ និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន ២ ៥៥៤,៣៦​ លាន​ដុល្លារ​។ បច្ចុប្បន្ន​តម្លៃ​ម្រេច​ស្ថិតនៅ​ចន្លោះ​ពី ៣ ០០០ ​ទៅ​ ៣ ៥០០ ​ដុល្លារ ​ក្នុង​ ១ ​តោន​។ នេះ​បើ​យោងតាម CPSF៕