ភ្នំពេញៈ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសមាគមអភិវឌ្ឍន៍ក្រៅប្រទេសចិន (CODA) បានសហការគ្នាដើម្បីជំរុញការវិនិយោគពីប្រទេសចិន និងជំរុញការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
លោក លី តឹកហេង នាយកប្រតិបត្តិ TAFTAC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៨ ខែធ្នូថា លោកបានជួបជាមួយគណៈប្រតិភូ ១ ក្រុមមកពីសមាគម CODA កាលពីសប្តាហ៍មុន ដោយបានពិភាក្សា និងយល់ព្រមសហការជាមួយសមាគមចំនួន ២ ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរ ក៏ដូចជាទាក់ទាញការវិនិយោគកាន់តែច្រើនមកពីចិន។
លោកបានថ្លែងថា៖ «វាគឺជាកិច្ចសហប្រតិបត្តិការថ្មីរវាងសមាគមអភិវឌ្ឍន៍ក្រៅប្រទេសចិន និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា។ យើងមានបេសកកម្មដូចគ្នាក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាព ការគាំទ្រផ្នែកច្បាប់ និងតំណាងឱ្យសមាជិកក្នុងការវិនិយោគ និងការសម្របសម្រួលពាណិជ្ជកម្មរបស់ពួកគេ»។
លោកបញ្ជាក់ថា សមាគម CODA ដែលស្ថិតនៅក្នុងស្ថាប័នអន្តរជាតិរបស់រដ្ឋាភិបាលចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយវិនិយោគិនចិននៅគ្រប់ប្រទេសជុំវិញពិភពលោក ក្រៅពីការគាំទ្រចំពោះព័ត៌មានវិនិយោគ បទប្បញ្ញត្តិ និងគាំទ្រចំពោះបញ្ហាប្រឈមនានាដែលវិនិយោគិនរបស់ពួកគេជួបប្រទះ។
លោកថ្លែងថា៖ «ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ យើងនឹងមើលឃើញមានលំហូរការវិនិយោគកាន់តែច្រើនពីប្រទេសចិនមកក្នុងប្រទេសរបស់យើង ដោយសារតែការវិនិយោគលើឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌក្នុងប្រទេសរបស់យើងគឺគ្របដណ្តប់ដោយវិនិយោគិនចិននៅពេលនេះ»។
លោកបន្តថា ៖«យើងសង្ឃឹមថា សមាគមទាំង ២ នឹងមានឱកាសកាន់តែច្រើនក្នុងការបង្កើតអាជីវកម្ម និងការតភ្ជាប់ការវិនិយោគកាន់តែរឹងមាំ និងតភ្ជាប់ការអភិវឌ្ឍពាណិជ្ជកម្មនៃប្រទេសទាំង ២ នាពេលអនាគត»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ វិនិយោគិនចិនកំពុងរួមចំណែកច្រើនសម្រាប់ការជំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ទោះបីជាបញ្ហាប្រឈមនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងនៅតែមើលឃើញថា លំហូរនៃការវិនិយោគកំពុងចូលមកពីប្រទេសចិន។ ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងសមាគមទាំង២នឹងជាសម្ទុះថ្មីមួយក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាធ្វើជាស្ពាននាំយកការវិនិយោគកាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំង២ក៏កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ»។
ប្រទេសកម្ពុជាមានរោងចក្រចំនួន ១ ០៧៧ ដែលក្នុងនោះមានរោងចក្រកាត់ដេរ ៨០២ រោងចក្រផលិតស្បែកជើងចំនួន ១៤០ និងរោងចក្រផលិតទំនិញធ្វើដំណើរចំនួន ១៣៤។ រោងចក្រទាំងនោះប្រើប្រាស់កម្លាំងកម្មករសរុបចំនួន ៧៦៤ ៣៥៨ នាក់។ នេះបើតាមទិន្នន័យបានពី TAFTAC។
កាលពីឆ្នាំ ២០២២ តម្លៃនាំចេញរបស់វិស័យនេះសម្រេចបាន ១២,៥ ពាន់លានដុល្លារ ស្មើជិត ៦០ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា ហើយស្មើ ១០ ភាគរយនៃសេដ្ឋកិច្ចកម្ពុជាទាំងមូល។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញពីកម្ពុជាទៅប្រទេសចិនមានចំនួន ១,៣១ ពាន់លានដុល្លារ កើន ១៨,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចូលចំនួន ៩,៧៦ ពាន់លានដុល្លារ កើន ៣,១ ភាគរយ។ តម្លៃពាណិជ្ជកម្មទ្វេភាគី ១១,០៨ ពាន់លានដុល្លារ កើន ៤,៧ ភាគរយ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយពាណិជ្ជកម្មរវាងប្រទេសទាំង ២ មាន ២៦,០៦ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣៕