ភ្នំពេញៈ អ្នក​ក្នុង​ផលិតកម្ម​អំបិល​មាន​សុទិដ្ឋិនិយម​ថា ទិន្នផល​អំបិល​នៅក្នុង​ឆ្នាំ​ ២០២៤​ ខាងមុខ នឹងមាន​បរិមាណ​ច្រើនជាង​ឆ្នាំ ​២០២៣ ខណៈ​ការដាក់បញ្ចូល​ជា​ផ្លូវការ​ផលិតផល​អំបិល​កំពត​-​កែប ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «GI» កំពុង​ជួយ​ឱ្យ​ទីផ្សារ​នាំចេញ​អំបិល​ធំ​ជាង​មុន​។​

​ផលិតផល​អំបិល​កំពត​-​កែប ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ​ ២០២៣ ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «GI»​។​


​ផលិតករ និង​ជា​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប លោក ប៊ុន ណារិន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែ​ធ្នូ ថា ទោះបី​ពេលនេះ​អំបិល​នៅ​ខេត្ត​​កំពត​-​កែប មិនទាន់​អាច​ប្រមូល​ផល​បាន​ច្រើន ប៉ុន្តែ​លោក​គិតថា ផល​អំបិល​ឆ្នាំ​ ២០២៤ នឹង​កើនឡើង​ខ្ពស់ជាង​ឆ្នាំ​ ២០២៣​។ ការប្រមូល​ផល​អំបិល​ក្នុង​បរិមាណ​ច្រើន​នឹងមាន​ចាប់ពី​ខែមករា តទៅ​។

លោក​បន្តថា មូលហេតុ​ដែល​ជួយ​ឱ្យ​ផលិតផល​អំបិល​ឆ្នាំ ២០២៤ កើន​ខ្ព​ស់គឺ ទី​១ ដោយសារ​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក គឺ​នឹងមាន​អាកាសធាតុ​ក្តៅ​ជាង​ឆ្នាំ​ ២០២៣ និង​ទី ២ មានការ​រួមសហការ​យ៉ាងច្រើន​ពី​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើ​ការផ្សព្វផ្សាយ សិក្សា​ស្រាវជ្រាវ ...​និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ជាច្រើន​ពី​ចង្វាក់​ផលិតកម្ម​អំបិល​។​


​លោក​និយាយថា​៖ «​ខ្ញុំ​គិតថា​ទិន្នផល​អំបិល​ក្នុង​ឆ្នាំ​ ២០២៤ នឹង​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ហើយ​ការនាំចេញ​អំបិល GI នឹងមាន​បរិមាណ​កាន់​តែ​ច្រើន​។ យើង​ពិតជា​ចង់​នាំចេញ​អំបិល GI ឱ្យបាន​ច្រើន ព្រោះ​ទីផ្សារ​នាំចេញ​នឹង​ជួយ​ឱ្យ​តម្លៃ​អំបិល GI ខ្ពស់ជាង​មុន និង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ផងដែរ​»​។​

​ខេត្តកំពត និង​កែប គឺជា​កន្លែង​ផលិត​អំបិល​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ​២ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០២២ គឺ​ទំហំ ៤ ៧៤៨ ​ហិកតា​។ សម្រាប់​ខេត្តកំពត ផល​អំបិល​ប្រមូលបាន​ក្នុង​ឆ្នាំ ​២០២៣ គឺមាន​ជិត ៨ ​ម៉ឺន​តោន និង​ខេត្ត​កែប បាន​ប្រមាណ ៣ ០០០ ​តោន​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ធ្លាប់បាន​ឱ្យដឹងថា ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧-១០​ ម៉ឺន​តោន​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។​

​កាលពី​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចូល​អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជិត ២​ ម៉ឺន​តោន​ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាស​ធាតុ​ធ្វើឱ្យ​ទិន្នផល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២២ ស្ថិតក្នុង​រង្វង់ ៤​ ម៉ឺន​តោន​។​

​ទាក់ទង​នឹង​ការនាំចេញ​អំបិល GI លោក ណារិន ប្រាប់ថា កាលពី​អំឡុង​ខែវិច្ឆិកា សមាគម​របស់លោក​បាន​នាំ​ចេញ​អំបិល ១ ​ទូ​កុងតឺន័រ ទៅ​ទីផ្សារ​អឺរ៉ុប ខណៈ​កាលពីពេល​ថ្មី​នេះ​ក៏មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន កូរ៉េ និង​អាមេរិក បានមក​ទាក់ទង​ផងដែរ​។​

​បើតាម​លោក ណារិន ផលិតផល​អំបិល GI អាចមាន​តម្លៃ​ខ្ពស់ជាង​អំបិល​ធម្មតា ចាប់ពី ៣០-១០០​ ភាគ​រយ​ដោយ​អាស្រ័យ​តាម​គុណភាព​។

លោក​ប្រាប់ថា​៖ «​តម្លៃ​អំបិល​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ «GI»​ ពេលនេះ​អាច​ស្ថិតក្នុង​រង្វង់ ៣០ ០០០​ រៀល ​១ ​បាវ​ទម្ងន់​ ៥០ ​គីឡូក្រាម ចំណែក​អំបិល​ធម្មតា តម្លៃ ២០ ០០០​ រៀល​»​។​

​លោក​បញ្ជាក់ថា​៖ «​ជាមួយគ្នានេះ​ខ្ញុំ​ក៏​ស្នើឱ្យ​រដ្ឋ​ជួយ​ទម្លាក់​អត្រាពន្ធ​ទាក់ទង​នឹង​ការនាំចេញ​អំបិល​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ជួយ​ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប និង​ជួយ​ឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែខ្លាំង​»​។​

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យា​សា​​ស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កែប លោក ភោគ សុ​ខេន បាន​និយាយថា ការប្រមូល​ផល​អំបិល​នៅ​ខេត្ត​កែប​គឺ​ទើបបាន​តិចតួច​ប៉ុណ្ណោះ ខណៈ​ស្រែ​ភាគច្រើន​កំពុងស្ថិត​ក្នុងដំណាក់កាល​រៀបចំ​ដី និង​បង្ហូរ​ទឹកសមុទ្រ​ចូល​។ ការ​​ប្រមូល​ផល​ពេញលេញ​នឹង​ចាប់ផ្តើម​ពី​ដើមខែ​មករា ដល់​ដើមខែ​ឧសភា​នៃ​ឆ្នាំ​នីមួយៗ ដោយ​ផល​អំបិល​ដែល​ខេត្ត​កែប ផលិត​បាន​ក្នុង​ ១​ ឆ្នាំ​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០​ តោន​។

តាម​ការ​ព្យាករ​ផល​អំបិល​ឆ្នាំនេះ​នឹង​កើន​ឡើង​ខ្ពស់ជាង​មុន ខណៈ​មន្ត្រី​ជំនាញ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​កំពុង​ចូល​​រួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ផលិតកម្ម​នៅក្នុង​ស្រុក​។​

​លោក​អះអាងថា​៖ «​ការទទួលបាន​កេរ្តិ៍ឈ្មោះ​ជា​ផលិតផល GI និង​ការ​​លើកទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​លើ​ការផលិត និង​គុណភាព​អំបិល នឹង​អាចជួយ​ឱ្យ​ការប្រមូល​ផល​ក្នុង​ឆ្នាំ​ ២០២៤ កើន​លើស​ឆ្នាំ​ ២០២៣»​។​

​អតីត​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត​លោក សុខ គឹម​ជឿន បានឱ្យដឹងថា ខេត្តកំពត​គឺជា​កន្លែង​ផលិត​អំបិល​ធំជាងគេ​នៅ​កម្ពុជា ដោយ​ការ​ប្រមូល​ផល​នឹង​ចាប់ផ្តើម​ពី​ខែមករា តទៅ​។ បើ​អាកាសធាតុ​ក្តៅ​រយៈពេល​យូរ គឺ​ការផលិត​អំបិល​នឹង​កើន​លើសពី​តម្រូវការ​ប្រើប្រាស់​នៅក្នុង​ស្រុក​។​

​កាលពី​ឆ្នាំ​ ២០១៤, ២០១៥ និង ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រ​មូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១​ ឆ្នាំៗ​ជាង ១០ ​ម៉ឺន​តោន​។ ទោះបីយ៉ាងណា ទិន្នផល​នេះ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៧​។ របាយ​ការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បង្ហាញថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំ​ចូល​បាន​ប្រហែល ១​ ម៉ឺន​តោន​៕