ភ្នំពេញៈ ចំនួន​ភ្ញៀវ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា ​តាម​ផ្លូវអាកាស ក្នុង​រយៈពេល ១០​ ខែ​ ដើមឆ្នាំ​២០២៣ មាន​សរុប​ជិត ១,៥​ លាន​នាក់ កើន​ជាង ១៦៧​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ក្នុងនោះ​ជិត ៧៥​ ​ភាគរយ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

របាយការណ៍​ស្ថិតិ​ចំនួន​ភ្ញៀវទេសចរ​ប្រចាំ​ខែតុលា ឆ្នាំ​២០២៣ បង្ហាញថា ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៤ ៤០៧ ២១២​​ នាក់ កើនឡើង ១៧៩,៧​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២ ដែលមាន​ចំនួន ១ ៥៧៥ ៩៥៤​ នាក់​។ ចំនួន​ភ្ញៀវ​បរទេស​មក​តាម​ផ្លូវអាកាស​ស្មើនឹង ៣៣,៩ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប ខណៈ​ភ្ញៀវ​តាមផ្លូវ​គោក មាន​ចំនួន ២ ៨៦៦ ២៣១​ នាក់ ស្មើ ៦៥​ ភាគរយ និង​ភ្ញៀវ​តាមផ្លូវ​ទឹក ៤៥ ៤៤១​ នាក់ ស្មើ ១​ ភាគរយ​។​


​បើ​ផ្អែក​តាម​របាយការណ៍​ខាងលើ គឺ​ភ្ញៀវ​បរទេស​ចូលមក​កម្ពុជា ​តាមផ្លូវ​អាកាស ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៣ មាន​ចំនួន ១ ៤៩៥ ៥៤០ ​នាក់ កើនឡើង ១៦៧,៥​ ភាគរយ​ពី​ចំនួន ៥៥៩ ៩១៨ ​នាក់ ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ ក្នុង​ចំនួន​ខាងលើ គឺ​ភ្ញៀវ​តាមរយៈ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន ១ ១១៣ ៤២៣​ នាក់​(​ស្មើ ៧៤,៣​ភាគរយ​នៃ​ភ្ញៀវ​សរុប​តាមផ្លូវ​អាកាស​) កើនឡើង ១៤៦​ ភាគរយ​, ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ៣៦៩ ២០៦​នាក់​(​ស្មើ ២៤,៦៨​ ភាគរយ​) កើនឡើង ២៩៦,៦, និង​តាម​ព្រលានយន្តហោះ​កងកេង ​(​ខេត្ត​ព្រះសីហនុ​) ១២ ៩១១​នាក់​(​ស្មើ ០,៣​ភាគរយ​) ថយចុះ ៩,២​ ភាគរយ​។​

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៩ ខែធ្នូ ថា កំណើន​ភ្ញៀវ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​តាម​ផ្លូវអាកាស​នេះ​គឺជា​រឿង​ល្អ ប៉ុន្តែ​សម្រាប់​អត្រាកំណើន​គឺ​នៅ​ទាប​សម្រាប់​បរិបទ​នេះ​(​ការ​ងើប​ចេញពី​វិបត្តិ​កូ​វីដ​១៩) ដែល​ទាមទារ​ឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវខិតខំ​ធ្វើការ​ផ្សព្វផ្សាយ និង​កំណត់​យុទ្ធសាស្ត្រ​ថ្មី​បន្ថែមទៀត​។


​លោក​បន្តថា សម្រាប់​ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ​នេះ សួរថា​គ្រាន់តែ​ពេល​មាន​ព្រលានយន្តហោះ​ថ្មី គឺអាច​ទាក់ទាញ​ភ្ញៀវ​ឱ្យចូល​កម្ពុជា​កាន់តែច្រើន​? ចម្លើយ​គឺ មិន​ពិតជា​អ៊ីចឹង​ទេ​។​

លោក​និយាយថា​៖«​បើតាម​ខ្ញុំ​ដឹង​ថ្នាក់ដឹកនាំ​ថ្មី​នៃ​ក្រសួងទេសចរណ៍​នាពេលនេះ​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​បាន​ច្រើន​។ ខ្ញុំ​ជឿថា​តួលេខ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​នឹង​កើនឡើង​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​»​។​

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ​២០២៣ ចំនួន​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា ​(​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ និង​ព្រលានយន្តហោះ​កងកេង​) គឺមាន​ចំនួន ៤៩៣​ ជើង​ក្នុង ​១ ​សប្តាហ៍ (៩៨៦ ​ជើង​ទៅមក​)​។​

ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជិត ២,២៨​ លាន​នាក់ កើនឡើង ១ ០៥៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​។ ក្នុងចំណោម​នោះ គឺ​ភ្ញៀវ​មក​តាមផ្លូវ​អាកា​សមាន​ចំនួន ៧៩១ ៦០៣​ នាក់ ដែល​ស្មើនឹង ៣៤,៨​ ភាគរយ​ នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​។​

​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​កម្ពុជា​ ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​ក្នុង​កំណត់ត្រា ដោយមាន​ចំនួន​សរុប ៦,៦១​លាន​នាក់ ដោយ​ភ្ញៀវ​តាមផ្លូវ​អាកា​សមាន​ចំនួន ៤,៤​ លាន​នាក់ ស្មើនឹង ៦៦,៦ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕