ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ៤៤៦ ​លាន​ដុល្លារ ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល ១១​ ខែ​កន្លងមកនេះ ខណៈ​តម្លៃ​ជ័រកៅស៊ូ​នៅតែ​បន្ត​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​នៃ​ការឡើង​កម្តៅ​ភូមិសាស្ត្រ​ន​យោ​បាយ​រវាង​ប្រទេស​មហាអំណាច​ប៉ះពាល់​ទៅដល់​ការ​ថមថយ​នៃ​តម្រូវការ​សកល​ជាពិសេស​ក្នុង​ឧស្សាហកម្ម​ផលិត​សម្បក​កង់​យានយន្ត​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ​ចាប់ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​រកប្រាក់​បាន ៤៤៥ ៥២២ ២៣៥​ ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ ចំណែក​ការនាំចេញ​ឈើ​កៅស៊ូ មាន​ទឹកប្រាក់ ១ ៥០៣ ៤៣៩​ ដុល្លារ​។​


​សម្រាប់​តម្លៃ​ជ័រកៅស៊ូ​វិញ​បើ​គិត​ត្រឹម​ខែវិច្ឆិកា គឺមាន​តម្លៃ ១ ៣៣៣​ ដុល្លារ ក្នុង ​១​ តោន ថយចុះ ១១១​ ដុល្លារ​ក្នុង ១​ តោន ស្មើនឹង ៧,៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ ​២០២២​។ ចំណែក​តម្លៃ​ឈើ​កៅស៊ូ​គិត​ជា​មធ្យម​ក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២៣ គឺ ២៣១ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រគុប​។​

​លោក ម៉ែន សុភ​ក្ដិ នាយក​ក្រុមហ៊ុននាំចេញ​កៅស៊ូ Sopheak Nika Investment Agro-Industrial Plants Co., Ltd ឱ្យដឹងថា ទីផ្សារ​នាំចេញ​ហាក់ដូចជា​ស្ថិតនៅក្រោម​សម្ពាធ​កាន់តែខ្លាំង​ដោយសារតែ​ការធ្លាក់ចុះ​តម្រូវការ ហើយ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដែល​អូសបន្លាយ​ គឺ​បានធ្វើឱ្យ​តម្រូវការ​ពិភពលោក​ធ្លាក់ចុះ ខណៈដែល​ស្តុក​កៅស៊ូ​នៅក្នុង​ប្រទេស​ចិន​នៅតែមាន​កម្រិត​ខ្ពស់​។ សកម្មភាព​នៃ​ផលិតកម្ម​កៅស៊ូ​ក៏​ត្រូវបាន​កាត់បន្ថយ ខ្លះ​ដោយសារតែ​កង្វះខាត​ផលិត​ផល​សម្រេច​។​


​លោក​ថ្លែងថា​៖ «​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ​នាំចេញ​របស់​យើង​ហាក់ដូចជា​ធ្លាក់ចុះ​បន្តិច ដោយសារ​តម្រូវការ​ពិភពលោក​កាន់តែ​តានតឹង ខណៈ​តម្លៃ​នៅតែ​ធ្លាក់ចុះ​។ ទីផ្សារ​ធំ​គឺ​ប្រទេស​ចិន ប៉ុន្តែ​នៅពេលនេះ​រោងចក្រ ដែល​ត្រូវ​ការផលិត​ជ័រកៅស៊ូ​នៅតែមាន​ស្តុក​ច្រើន ព្រោះ​ផលិតផល​សម្រេច​ដែល​ផលិត​ពី​ជ័រកៅស៊ូ​ហាក់​មាន​តម្រូវការ​កាន់តែ​តិច​»​។​

​ដោយមាន​ការចាប់ផ្ដើម​ដំ​ណើ​រការ​ឡើងវិញ​នៃ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តក្រចេះ និង​ស្វាយរៀង នឹង​ជួយ​ស្រូបយក​ជ័រកៅស៊ូ​ក្នុងស្រុក​នាពេល​អនាគត​។​​ លោក ម៉ែន សុភ​ក្ដិ បានឱ្យដឹងថា វត្តមាន​រោងចក្រ​ផលិត​សម្បក​កង់​ដែលមាន​ស្រាប់​នៅ​កម្ពុជា​នឹង​ជួយ​ដល់​ឧស្សាហ​​កម្ម​កៅស៊ូ​នៅ​កម្ពុជា​។​

​លោក​លើកឡើងថា​៖«​ខ្ញុំ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នោះ ដើម្បី​ស្វែងយល់​ពី​លក្ខណៈ ឬ​ស្តង់ដា​នៃ​ជ័រកៅស៊ូ​ដែល​យើង​អាច​ផ្គត់ផ្គង់​បាន​។ យោងតាម​តម្រូវការ​របស់​រោងចក្រ​ទាំងនោះ​យើង​អាច​ផលិត​ជ័រកៅស៊ូ​បាន​តាម​តម្រូវការ​ពួកគេ​»​។

លោក​បន្ថែមថា នៅពេលដែល​ជ័រកៅស៊ូ​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​បាន វា​នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ និង​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន និង​ថ្លៃដើម​ការដឹក​ជញ្ជូន​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ​។​

​រហូតមកដល់​ពេលនេះ ក្រុម​ហ៊ុន​របស់លោក​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ប្រមាណ ១៤០ ០០០​ ហិកតា នៅ​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ហើយ​ជាង​ ១១ ​ម៉ឺន​ហិកតា​ត្រូវបាន​ប្រមូល​ផល​ជ័រកៅស៊ូ​ហើយ ខណៈ​ក្រុមហ៊ុន​មួយ​នេះ អាច​នាំចេញ​បាន​ចន្លោះ​ពី ១០ ០០០​ តោន ទៅ ១៥០០០ ​តោន​ក្នុង​ ១ ឆ្នាំ​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​កៅ​ស៊ូ​ទំហំ ៣១៥ ៣៣២ ហិកតា ត្រូវបាន​ចៀរ​ជ័រ ស្មើ ៧៨ ភាគ​​រយ និង​ផ្ទៃដី​ថែទាំ ៨៩ ២៤៦ ​ហិកតា ស្មើ ២២ ភាគរយ​។​

​កាលពី​ឆ្នាំ​ ២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុង​ចំនួន​នោះ ប្រាក់ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​មាន​ចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និង​ប្រាក់ចំណូល​បានមកពី​ការនាំចេញ​ឈើ​កៅស៊ូ​មាន​ចំនួន ៤ ០៨៩ ២៧៣ ដុល្លារ​៕