ភ្នំពេញៈ ប្រទេសកម្ពុជា និងជប៉ុន ឈានទៅកាន់តែខិតជិតសម្រេចបានសម្រាប់ការអនុវត្តប្រព័ន្ធទូទាត់ឆ្លងប្រទេសតាមរយៈការទូទាត់តាមប្រព័ន្ធ QR រួមគ្នាដើម្បីជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងលោក SAITO Ken រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសជប៉ុន កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពី «ការទូទាត់ដោយផ្អែកលើ QR Code រួមគ្នា»។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាម NBC៖ «អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងកំណត់ក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ដ៏ងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ចរាចរណ៍រូបិយវត្ថុជាតិ ព្រមទាំងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំង ២ ឱ្យកាន់តែមានសក្តានុពលថែមទៀត»។
លោកស្រី ជា សិរី បានសរសេរនៅលើទំព័របណ្តាញសង្គមកាលពីថ្ងៃទី ១៨ ខែធ្នូថា ពិតជាមានកិត្តិយសណាស់ដែលបានចូលរួមកិច្ចប្រជុំទ្វេភាគីរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ានជប៉ុន និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។
លោកស្រី ជា សិរី បានថ្លែងថា៖ «ខ្ញុំក៏មានឱកាសផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយ លោក Saito Ken រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសជប៉ុនស្តីពីការតភ្ជាប់ការទូទាត់តាម QR Code រវាងកម្ពុជា និងជប៉ុន»។
ក្នុងវេទិកាគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) សម្រាប់ឆ្នាំ ២០២៣-២៨ ដែលបានប្រារព្ធឡើងកាលពីខែតុលា កន្លងមក លោកស្រី សិរី បានអះអាងថា NBC គ្រោងនឹងពង្រីកការផ្ទេរប្រាក់ឆ្លងដែន និងការតភ្ជាប់ទៅប្រទេសចិន សិង្ហបុរី និងប្រទេសឥណ្ឌានៅឆ្នាំនេះ។
លោកស្រីបានបន្ថែមថា ជាមួយនឹងការកើនឡើង fintech ធនាគារកណ្តាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងដែលមានមូលដ្ឋានលើ blockchain ដែលអាចឱ្យប្រតិបត្តិការដោយរលូនរវាងស្ថាប័នហិរញ្ញវត្ថុតាមរយៈ QR Code ដែលនៅពេលនេះបម្រើអ្នកប្រើប្រាស់ជាង ១០ លាននាក់។
លោកស្រីលើកឡើងថា៖ «បាគងបានជំរុញហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងស្រុករបស់យើង និងធ្វើបដិវត្តប្រតិបត្តិការអន្តរជាតិ»។
លោកស្រី សិរី បានកត់សម្គាល់ថា ប្រទេសកម្ពុជាបានបង្កើតការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមរួចហើយ។
ប្រព័ន្ធទូទាត់ Bankong ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន blockchain របស់ជប៉ុន Soramitsu Co Ltd ហើយបានដាក់ឱ្យបើកដំណើរការ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។
លោក Sanzhar Abdullayev ប្រធានផ្នែកទូទាត់តាមអេឡិចត្រូនិក និងកាតនៅធនាគារ ABA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះថា ប្រព័ន្ធបាគងបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់បរិយាបន្នហិរញ្ញវត្ថុ ដោយផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពសម្រាប់ប្រតិបត្តិការ និងការទូទាត់ក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។
លោកថ្លែងថា៖ «យើងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍបន្ថែមទៀតរបស់ប្រព័ន្ធនេះ»។ លោកបន្ថែមថា ធនាគារ ABA បានក្លាយជាសមាជិកគម្រោង បាគង កាលពីខែសីហា ឆ្នាំ ២០២០។
ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២៣ ចំនួនប្រតិបត្តិការចូល និងចេញតាមរយៈបាគងរបស់ ABA មានចំនួន ៥០ លាននាក់ ខណៈដែលចំនួនទឹកប្រាក់សរុបប្រតិបត្តិការទាំងនេះលើសពី ១០ ពាន់លានដុល្លារ។
យោងតាមលោកស្រី សិរី ក្នុងអំឡុងឆមាសទីមួយឆ្នាំនេះ បាគងមានប្រតិបត្តិការជាង ៣៥,៤ លាន ដែលមានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)៕