​ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ៣ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ១១​ ខែ ឆ្នាំ ​២០២៣ ពី​ការ​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិ​​ស​នី និង​បំណែក​របស់​វា ដោយ​ចំនួន​នេះ​កើន​ជាង ៧០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​

​ទិន្នន័យ​ពី GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅក្នុង​ជំពូក​ (HS២​ខ្ពង់​)​ លេខ​កូដ ៨៥ ដែល​រួមមាន​ម៉ា​ស៊ីន ឧបករណ៍​អគ្គិសនី និង​បំ​​ណែ​ករប​ស់វា ក្នុង​ទឹកប្រាក់​សរុប ២,៩៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ៧៣,២​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ១,៧​ ពាន់​លាន​ដុ​​ល្លារ​។


ចំនួន​ប្រាក់​នេះ​ស្មើនឹង ១៤,៤ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ​២០២៣ ដែលមាន ២០,៤៩​ ពាន់​លាន​ដុល្លារ​។ កាលពី​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ចំនួន​ប្រាក់​នាំចេញ​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ ៨៥ ស្មើនឹង ៨,៤ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប​ចំនួន ២០,២៤​ ពាន់​លាន​ដុល្លារ​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការនាំចេញ​ឆ្នាំ ​២០២៣ ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹកប្រាក់ ២២៣​លាន​ដុ​ល្លារ ថយចុះ ០,១​ ភាគរយ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដែលមាន ២២៣,៣៤ ​លាន​ដុល្លារ​។​


​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៩ ខែធ្នូ​ថា ការ​​វិ​វ​ឌ្ឍ​នៃ​សម័យកាល ​(​បដិវត្តន៍​ឧស្សាហ​កម្ម​) និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​អេឡិចត្រូនិក កើន​ឡើងជា​លំដាប់​។

គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​ទាំងអស់នោះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ការងារ​កាន់តែ​ងាយស្រួល​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​សន្សំ​ពេលវេលា និង​ថវិកា​បាន​មួយចំណែក​ដែរ​។

លោក​បន្ថែមថា តាម​រយៈ​អ្វីដែល​កម្ពុជា​កំពុងមាន គឺ​ការនាំ​ចេញ​ផលិតផល​ទាំងអស់​ខាងលើ​នឹង​បន្ត​សញ្ញា​វិជ្ជមាន​ថែមទៀត​នៅពេល​ខាងមុខ ខណៈ​បច្ចុប្បន្ន​មាន​វិនិយោគិន​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​បាន​សម្លឹង​ឃើញ​ពី​ឱកាស​ក្នុងការ​ចូលមក​បើក​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផលិត​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​កម្ពុជា​កំពុង​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​រោង​ចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក កាន់តែច្រើន ខណៈ​ជាមួយគ្នានេះ​រដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​កំពុង​ខិតខំ​បង្កើត​ថ្នាល​បណ្តុះ​បណ្តាល​ធនធានមនុស្ស​របស់ខ្លួន ដើម្បី​ឱ្យមាន​សមត្ថភាព​អាច​ចាប់យក​ឱកាស​ការងារ​ថ្មីៗ​នៅតាម​រោងចក្រ​/​សហគ្រាស​ទាំងអស់នោះ​ផងដែរ​»​។​

​លោក​បន្តទៀតថា សម្រាប់​មូលហេតុ​ដែល​វិនិយោគិន​ជាច្រើន​មើលឃើញ​ពី​ឱកាស​ចូលមក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​កត្តា​មួយចំនួន​ដូចជា ចំនួន​កម្លាំង​ពលកម្ម​សម្បូរបែប និង​មានតម្លៃ​សមរម្យ​, មាន​ទីផ្សារ​នាំចេញ​ច្រើន និង​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំទៅ​ទីផ្សារ​ប្រទេស​មួយចំនួន​។​ល​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​លើកឡើងថា ការ​​រៀបចំ​បានល្អ​លើ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ព្រមទាំង​ការពង្រឹង និង​ពង្រីក​ទីផ្សារ​នាំចេញ​បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​អ្នកវិនិយោគ​បាន​កាន់តែច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​។

លោក​បន្តថា រោងចក្រ​/​សហគ្រាស​ផលិត និង​កែច្នៃ​នៅ​កម្ពុជា​ពេលនេះ​គឺ​មិនមែន​មានតែ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទេ ប៉ុន្តែ​ក៏មាន​រោង​ចក្រ​ផលិត​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី អេឡិចត្រូនិក ដែល​ប្រើប្រាស់​បច្ចេក​​វិទ្យា​ទំនើបៗ​កាន់តែច្រើន​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​ការនាំចេញ​ផលិត​ផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំ​​ណែ​ករប​ស់វា នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​រឹង​មាំ​ឡើងវិញ ខណៈ​សមត្ថភាព​ផលិត​នៅ​កម្ពុជា​ក៏​កំពុង​កើនឡើង​ជាប្រចាំ​»​។​

​លោក​ប្រាប់ទៀតថា នៅពេល​ការនាំ​ចេញ​-​នាំចូល​មាន​កាន់តែច្រើន ចរន្ត​សេដ្ឋកិច្ចជាតិ​នឹង​កើនឡើង ហើយ​នៅពេលនោះ​សកម្មភាព​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ក៏​ល្អប្រសើរ​ឡើង​ដែរ​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា នៅក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់ ១ ៩៩៨,១៩​ លាន​ដុល្លារ ពី​ការនាំចេញ​ផលិតផល​លេខ​កូដ ៨៥ កើន ៨៤,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ទឹកប្រាក់ ១ ០៨១,១ ​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ស្មើនឹង ៨,៩​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ​៕