​អ្នកស្រី មុត ចរិយា ស្ថាបនិក​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង បាន​ប្រាប់​ឱ្យដឹងថា សិប្បកម្ម​របស់​អ្នកស្រី​គ្រោង​នឹង​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​របស់ខ្លួន​ពី​ជាង​ ១​ តោន ក្នុង​មួយឆ្នាំ ក្នុងពេល​បច្ចុប្បន្ននេះ ឱ្យដល់​៦០០០​តោន ក្នុង​មួយឆ្នាំ នា​ឆ្នាំ​ ២០២៤​ ខាងមុខនេះ ដើម្បី​បំពេញតម្រូវការ​។

អ្នកស្រី​ចរិយា បាន​ថ្លែងប្រាប់​បែបនេះ នៅក្នុង​ពេលដែល​លោកស្រី​បាន​នាំ​អ្នកសារព័ត៌មាន​ទស្សនកិច្ច នៅក្នុង​សិប្បកម្ម​របស់​អ្នកស្រី ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២៣​។


ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន អ្នកស្រី​បានលើកឡើង​ថា បច្ចុប្បន្ននេះ ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅក្រៅ​ប្រទេស ដែល​អ្នកស្រី​បាន​នាំ​ចេញទៅ​រួមមាន អាល្លឺម៉ង់ អង់គ្លេស អាមេរិក ជប៉ុន កូរ៉េ អូស្ត្រាលី បារាំង ជាដើម គឺមាន​ការទទួលស្គាល់​ពី​គុណភាព​និង​រសជាតិ ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។

អ្នកស្រី​បាន​និយាយថា​៖«​ជាការ​ពិត​គ្រាប់ស្វាយចន្ទី​របស់​យើង ពិត​មាន​ទីផ្សារ​ខ្លាំងណាស់ ប៉ុន្តែ​កម្ពុជា​យើង​នៅមាន​ការខ្វះខាត​បច្ចេក​ទេស​ផលិត ខ្វះ​ទុ​និ​និ​យោគ​។​គោលដៅ​របស់​ពួកយើង​នៅក្នុង​ឆ្នាំ​២០២៤​និង​២០២៥​ខាងមុខនេះ យើង​នឹង​ផលិត​ឱ្យបាន​៦០០០​តោន​ក្នុង​មួយឆ្នាំ​»​។


ក្រោយ​បើក​ដំណើរការ​សិប្បកម្ម បានត្រឹមតែ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ អ្នកស្រី ចរិយា បាន​ពង្រីក​ទុនវិនិយោគ​ពី​ត្រឹម​២​ម៉ឺន​ដុល្លារ ដល់​ជាង​១​លាន​ដុល្លារ និង​បានធ្វើឱ្យ​ទីផ្សារ​អន្តរជាតិ​ទទួលស្គាល់​គុណភាព​ស្វាយចន្ទី​របស់​កម្ពុជា និង​បង្កើន​ការនាំចេញ​ជា​បន្តបន្ទាប់​។ អ្នកស្រី​បាន​និយាយថា កត្តា​ដែល​ជំរុញ​នេះ គឺ​ដោយសារ​ការផ្សព្វផ្សាយ​តាមរយៈ​ការចូលរួម​ពិព័រណ៍​នានា នៅក្រៅ​ប្រទេស និង​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​នៅ​ទីក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម កាលពីដើម​ឆ្នាំនេះ​។

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ហុង មិនា

អ្នកស្រី​បាន​បន្ថែម​ដូច្នេះ​ថា​៖«​នៅ​ខែធ្នូ​នេះ យើង​បាន​នាំ​ចេញទៅ​ហុងកុង​មួយទៀត ដោយ​ទីផ្សារ​ថ្មី​នេះ នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំជាងគេ​របស់​យើង​។​ហើយ​ឆ្នាំក្រោយ​យើង​នឹង​បន្ត​នាំ​ចេញទៅ​ចិន ហូ​ឡង់ ខណៈដែល​យើង​ក៏​កំពុង​សាងសង់​ឃ្លាំង​សម្រាប់​ស្តុក​ផលិតផល​របស់​យើង​នៅ​អាមេរិក​ផងដែរ​។​បន្ទាប់ពីនោះ អាមេរិក នឹង​ក្លាយជា​ទីផ្សារ​ធំ​មួយទៀត​សម្រាប់​យើង​»​។

របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បញ្ជាក់ថា ខេត្តស្ទឹងត្រែង មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ក្នុង​រង្វង់​ជិត​៧​ម៉ឺន​ហិកតា ជា​ខេត្ត​ដែលមាន​ការ​ដុះ​ស្វាយចន្ទី​ច្រើន​លំដាប់​ទី​៣ បន្ទាប់​ខេត្តកំពង់ធំ និង​ក្រចេះ​។ ដោយឡែក នៅក្នុង​រយៈពេល ​១០ ខែ​ឆ្នាំ​ ២០២៣​ នេះ កម្ពុជា ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ បាន​ចំនួន ៦៥១ ០០០ តោន នៅក្នុង​នោះ​នាំ​ចេញទៅ​វៀតណាម ក្នុង​ចំនួន ៦១៥ ០០០​ តោន ស្មើ​ទឹកប្រាក់ ៨៣១ លាន​ដុល្ល ថយចុះ ១៦,៧​ ភាគរយ បើ​ធៀប​រយៈកាល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០២២​។ ចំពោះ​តម្លៃ​វិញ ជា​មធ្យម​គ្រាប់​ស្ងួត ១ ៦៥៨ ដុល្លារ ក្នុង​១​តោន​៕