ភ្នំពេញៈ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នា​រយៈពេល ១១​ ខែ​ ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ៨០០​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស មាន​ចំនួន​ជិត ៧៣០ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​។​

ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប ៨០០,៨២ ​លាន​ដុល្លារ ថយចុះ ១១,៣​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន ៩០២,៦ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​ខាងលើ គឺ​ទំនិញ​កម្ពុជា ​នាំទៅ​ចក្រភព​អង់គ្លេស ៧២៧,០៤ ​លាន​ដុល្លារ ថយចុះ ១១,៦​ភាគរយ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​វិញ ៧៣,៧៨​ លាន​ដុល្លារ ធ្លាក់ចុះ ៧,៧ ​ភាគរយ​។ 


ផ្អែក​តាម​តារាង​តុល្យការ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៦៥៣,២៦ ​លាន​ដុល្លារ​។ ចក្រភព​អង់គ្លេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១០ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ សិង្ហ​បុរី និង​កាណាដា​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ គឺ​ធ្លាក់ចុះ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិន​រឹងមាំ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​បញ្ហា​ដែល​ទើប​កើនឡើង​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ​។ ជម្លោះ​ប្រដាប់អាវុធ​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន គឺ​សុទ្ធ​តែមាន​ឥទ្ធិពល​លើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។ 


ទោះយ៉ាងណា​បញ្ហា​ទាំងអស់នេះ អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​។ លោក​បន្តថា សម្រាប់​ការធ្លាក់ចុះ​នៃ​ចំនួន​ទឹកប្រាក់​នាំចូល​ពី​ចក្រភព​អង់គ្លេស គឺ​ដោយសារតែ​កំណើន​ផលិតកម្ម​នៅក្នុង​ស្រុក​របស់​កម្ពុជា ហើយក៏​អាច​ដោយសារ​ផលិតផល​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​ជំនួស​ផងដែរ​។​

លោក​បាន​អះអាងថា​៖«​ទោះ​ពេលនេះ​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ភាគី​ទាំង​២ ធ្លាក់ចុះ​ព្រម​គ្នា ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា​វា​នឹងមាន​សម្ទុះ​ឡើងវិញ​នៅពេល​ស្ថានភាព​នយោបាយ​ពិភពលោក​មាន​លំនឹង​ឡើងវិញ​»​។

លោក​បន្តថា​៖«​ចក្រភព​អង់គ្លេស គឺ​នៅតែ​ជាទី​ផ្សារ​ទិសដៅ​សំខាន់​សម្រាប់​កម្ពុជា ព្រោះ​ការនាំចេញ​ទំនិញ​ទៅ​ទីនោះ​ស្ថិតក្រោម​លក្ខខណ្ឌ​ពន្ធ​ពិសេស ហើយ​កម្ពុជា​ក៏​អាច​យក​ទីផ្សារ​ចក្រភព​អង់គ្លេស​ដើម្បី​បន្តទៅ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។​»

​លោក​បាន​លើកឡើងថា បន្ទាប់ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស កាលពីពេល​កន្លងមក​ក៏បាន​ប្រកាស​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដល់​កម្ពុជា​ផងដែរ​។ បច្ចុប្បន្ន​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម ចំណែក​អង់គ្លេស​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​និយាយថា វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​ដែលមាន​ការពាក់ព័ន្ធ​នឹង​ប្រទេស​មហាអំណាច​ធំៗ បានធ្វើឱ្យ​ចរន្ត​នៅ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​ស្ទើ​គ្រប់ផ្នែក​។ 

ជាក់ស្តែង​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ រួមទាំង​ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ដែល​តែងមាន​សញ្ញា​វិជ្ជមាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ ក៏​ជួបនឹង​ការធ្លាក់ចុះ​ដែរ​។

​លោក​បាន​ថ្លែងថា​៖«​នេះ​ជា​បញ្ហា​ដែល​កើតមាន​ក្នុងអំឡុង​ពេលដែល​កំណើន​សេដ្ឋកិច្ច​សកល​មិនមាន​ភាពរឹងមាំ ដែល​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​លើ​សម្ភារ​ប្រើប្រាស់​មិនចាំបាច់​ក្រៅពី​ចំណីអាហារ​»​។​

ទោះយ៉ាងណា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​រំពឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា រួមទាំង​ផលិតផល​ស្បែកជើង នឹងមាន​កំណើន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។​

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចក្រភព​អង់គ្លេស មានតម្លៃ​សរុប​ជិត ៩៧៧,៤៤​ លាន​ដុល្លារ កើនឡើង ២៣,៩៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៧៨៨,៦៥​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ៨៨៦,៤២ ​លាន​ដុល្លារ កើនឡើង ២១,១​ ភាគរយ និង​នាំចូល​ពី​ចក្រភព​អង់គ្លេស ៩១,០២​ លាន​ដុល្លារ កើនឡើង ៦០,២​ភាគរយ​៕