​ភ្នំពេញៈ​ ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បាន​សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ដែលជា​សមាជិក​របស់​ធនាគារពិភពលោក​ដើម្បី​ជំរុញ​ហិរញ្ញប្បទាន​បៃតង ដែលជា​វិធានការ​មួយ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​បង្កើត​បរិយាកាស​អំណោយ​ផល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការប្តេជ្ញាចិត្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ទាំង ​២ ​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ ដើម្បី​ជំរុញ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ដែល​មិន​ប៉ះ​ពាល់​ដល់​អាកាសធាតុ​។​


​បច្ចុប្បន្ន​មាន​កត្តា​មួយចំនួន​ដែល​រារាំង​សក្តានុពល​ហិរញ្ញ​ប្ប​ទាន​បៃតង​របស់​កម្ពុជា មានដូចជា កង្វះ​ការណែនាំ​ពី​ចរិត​លក្ខណៈ​នៃ​ហិរញ្ញប្បទាន​បៃតង និង​កង្វះខាត​គោលនយោបាយ​បៃតង​ដើម្បី​ជំរុញ​ការច្នៃប្រឌិត ការណែនាំ និង​ការអនុវត្ត​ហិ​រញ្ញ​វត្ថុ​ប្រកបដោយ​និរន្តរភាព​។ នេះ​បើ​យោងតាម​ NBC​។​

​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​ពង្រឹង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​តាមរយៈ​ការបង្កើត​ប្រព័ន្ធ​វ​ត្តិ​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ជាតិ ​(National Taxonomy) ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​ដែល​នឹង​ជួយ​កំណត់​ទ្រព្យសកម្ម ដែល មាន​ចរិតលក្ខណៈ​ជាកា​រវិ​និ​​យោគ​បៃតង​។


លើសពីនេះ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ស្ថាប័ន​ហិរញ្ញ​​វត្ថុ ព្រមទាំង​រៀបចំ​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ ដូចជា​ការ​រាយ​ការណ៍ និង​ស្តង់ដា​ការបង្ហាញ​ព័ត៌មាន​ទាក់ទង​ការផ្តល់​ឥណ​​ទាន​បៃតង និង​គម្រោង​ហិរញ្ញ​​ប្ប​ទាន​នានា​ពាក់ព័ន្ធ​នឹង​ហា​និ​ភ័យ​បរិស្ថាន សង្គម និង​អភិ​បាល​កិច្ច​ (ESG)​។​

​លោក យឹម លាត ទេ​សា​ភិ​បាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​ការបញ្ចេញ​ដើមទុន​សម្រាប់​គម្រោង​ដែល​មិនមាន​ផលប៉ះពាល់​អាកាសធាតុ ប៉ុន្តែ​ការណ៍​នេះ​តម្រូវឱ្យមាន​គោល​​នយោបាយ​សមស្រប និង​បង្កើត​បរិយាកាស​អំណោយ​ផល​។​

​លោក​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ប្តេជ្ញា​រៀបចំ​អភិវឌ្ឍន៍​ក្របខ័ណ្ឌ​គោលនយោបាយ​ហិរញ្ញវត្ថុ​បៃតង​មួយ​ដ៏​រឹងមាំ ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ការបញ្ជូន និង​ជំរុញ​ការវិនិយោគ​គម្រោង​បៃតង​ក្នុងប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​មហិច្ឆតា​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​របស់​រដ្ឋាភិបាល ដូច​មានចែង​ក្នុង​របាយការណ៍​ការចូល​រួមចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្រប​ខ័​ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​​ប្រែប្រួល​អាកាសធាតុ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។​

​លោក ASAD YAQUB ប្រ​​ធាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​​ជាតិ​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​ចូលរួម​គាំទ្រ​ដល់​មហិច្ឆតា​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​របស់​រដ្ឋាភិបាល​​កម្ពុជា​ក្នុងការ​ដោះស្រាយ​ហា​និ​ភ័យ​នៃ​ការប្រែប្រួល​អាកាស​ធាតុ និង​ជំរុញ​ទីផ្សារ​ហិរញ្ញ​ប្ប​ទាន​បៃតង​មួយ​ដ៏​រឹងមាំ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នក​នាំមុខ​ផ្នែក​ហិរញ្ញប្បទាន​បៃតង​សកល សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ជំហរ​ពិសេស​ក្នុង​ការជួយ​ប្រជាជាតិ​កម្ពុជា​កៀរគរ​ហិរញ្ញប្បទាន​សម្រាប់​សកម្ម​ភាព​ទប់ទល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ដើម្បី​រួមចំណែក​ក្នុង​ផែនការ​ពង្រីក​កំណើន​បរិ​យាប​ន្ន​បៃតង​ដើម្បី​ពង្រឹង​ភាព​​ធន់​សេដ្ឋកិច្ចកម្ពុជា​នាពេល​អនាគត​»​។​

​ដោយមាន​ការគាំទ្រ​ពី​គម្រោង​សម្រាប់​សេវា​ប្រឹក្សា​ការវិនិយោគ​បម្រែបម្រួល​បរិយាកាស​ (FIAS) គម្រោង​នេះ មាន​រយៈពេល ៣ ​ឆ្នាំ ហើយ​ប្រព័ន្ធ​វ​ត្តិ​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ជាតិ ត្រូវ​រំពឹង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បើ​យោងតាម IFC​។​

​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ NBC និង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (UNESCAP) ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​លើកកម្ពស់​ហិរញ្ញវត្ថុ​ប្រ​កប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​ផងដែរ​។ គំនិត​ផ្តួចផ្តើម​នេះ​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ របស់​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ស្ថាប័ន​ទាំង​ ២៕