ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ​(GDT) ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ៣,៣ ​ពាន់​លាន​ដុ​ល្លារ ស្មើនឹង​ជិត ៩៤​ ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន​ជាង ៣,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​កិច្ច​​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធដារ​ប្រចាំខែ​វិច្ឆិកា របស់ GDT បាន​បង្ហាញថា ក្នុង​រយៈពេល ១១​ ខែ ឆ្នាំ​ ២០២៣ អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូល​ចំណូល​ពន្ធអាករ​បា​នស​រុ​ប ៣ ៣៤៧,១៨​ លាន​ដុល្លារ​ (​ចំនួន ១៣ ៥៥៦,០៦​ ពាន់​លាន​រៀល​) ដែល​ស្មើនឹង ៩៣,៧១ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២៣​។​


​ចំនួន​ប្រាក់​ដែល​ប្រមូលបាន​នេះ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២ គឺ​កើន ៤,១ ៤​ភាគរយ​ពី​ចំនួន ៣ ២១៤,០៦​ លាន​ដុល្លារ​។​

GDT ឱ្យដឹងទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការប្រមូល​ចំណូល​សម្រេចបាន ២៨០,១៤​ លាន​ដុល្លារ ​(១ ១៣៤,៥៨​ ពាន់​លាន​រៀល​) ស្មើ ៧,៨៤​ ភាគ​រយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញ​​វត្ថុ​ឆ្នាំ​ ២០២៣​។​


​ក្នុង​កិច្ចប្រជុំ​នោះ លោក គង់​ វិបុល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បាន​ណែនាំ​ថ្នាក់​​ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ត្រូវខិតខំ​ពង្រឹង​ការ​អនុវត្ត​ប្រកបដោយ​ការយកចិត្ត​​ទុកដាក់​លើ​វិធាន​ការលើក​ទឹក​​ចិត្ត និង​សម្រួល​ផ្នែក​ពន្ធដារ​ជូន​ផ្នែក​ឯកជន​នាពេល​កន្លងមក ពិសេស​វិធានការ និង​ដំណោះ​ស្រាយ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ពន្ធដារ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ​ម៉ា​ណែ​ត បានដាក់​ចេញ​កាល​ពី​ជំនួប​ក្នុង​វេទិកា​រដ្ឋាភិបាល​​ផ្នែក​ឯកជន​លើក​ទី​១៩ កាល​​ពីថ្ងៃ​ទី ​១៣ ខែវិច្ឆិកា​។

លោក​បន្តទៀតថា ជាមួយគ្នានេះ​ក៏ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ថែម​​ទៀត​តាម​អនុសាសន៍​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ដែល​បាន​ដាក់ចេញ​កន្លងមក​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការពង្រឹង​ការ​អនុ​វត្ត​ច្បាប់ ការធ្វើកំណែទម្រង់​លើ​នីតិវិធី​បង់ពន្ធ និង​ការយល់ដឹង​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ បាន​ជួយ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល​កាន់​តែមាន​ភាពល្អប្រសើរ​។ នៅពេល​រដ្ឋាភិបាល​មាន​ចំណូល​ច្រើន​វា​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​បាន​លឿន​។​

​លោក​និយាយថា​៖ «​ចំណូល​ពន្ធ​គឺមាន​ភាពចាំបាច់​សម្រាប់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​។ ការប្រមូល​ចំណូល​ពន្ធ​បាន​ទៅតាម​ផែនការ​កំណត់​ក្នុងអំឡុង​ពេល​សេដ្ឋកិច្ច​សកល​កំពុង​ជួប​បញ្ហា គឺជា​ការល្អ​ណាស់​»​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន​ កេ​ន បាន​ប្រាប់ថា ការសម្រួល​នីតិវិធី​បង់ពន្ធ​ដែល​អាចធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​ឱ្យ​ការប្រមូល​ពន្ធ​របស់រ​ដ្ឋា​ភិ​បាល​បាន​កាន់តែច្រើន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ចំណូល​ពន្ធដារ នឹងមាន​កាន់តែច្រើន​នៅពេល​សេដ្ឋកិច្ច​ល្អប្រសើរ​។​

​លោក​ថ្លែងថា​៖ «​បច្ចេកវិទ្យា​បានក្លាយ​ជា​ចំណែក​សំខាន់​សម្រាប់​ការទូទាត់​ថ្លៃទំនិញ និង​ការបង់ពន្ធ​គ្រប់​ប្រភេទ​»​។​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣ កំណត់ឱ្យ​ GDT ប្រមូល​ចំណូល​ឱ្យបាន ៣ ៥៧១,៥៤ ​លាន​ដុល្លារ​៕