ភ្នំពេញៈ ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៣ ភាគរយនៅក្នុងឆ្នាំ ២០២៣ និង ៦,២ ភាគរយ នាឆ្នាំ ២០២៤ ដោយបន្តការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃសកម្មភាពសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចរក្សាបាននូវភាពធន់ ដែលបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ការកើនឡើងនៃការប្រើប្រាស់នៅក្នុងស្រុក ការកើនឡើងវិស័យផលិតកម្មមិនមែនកាត់ដេរការវិនិយោគផ្ទាល់ពីបរទេស (FDIs) និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
ការព្យាកររបស់ AMRO ស្របគ្នានឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាខែតុលា ដែលព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញក្នុងរង្វង់ ៥,៣ ភាគរយនៅឆ្នាំ ២០២៣ និង ៦,០ ភាគរយនៅឆ្នាំ ២០២៤។
AMRO បានឱ្យដឹងក្នុងចក្ខុវិស័យចុងក្រោយសម្រាប់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២១ ខែធ្នូថា៖ «ដំណើររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចស្ទុះងើបឡើងវិញដ៏រឹងមាំ អាចត្រូវបានរារាំងដោយហានិភ័យខាងក្រៅក្នុងរយៈពេលខ្លី និងភាពងាយរងគ្រោះក្នុងស្រុក។ ការស្តាររូបិយវត្ថុ និងទ្រនាប់សារពើពន្ធក្រោយការរីករាលដាលកូវីដ ១៩ គឺមានសារៈសំខាន់ក្នុងការរក្សាកំណើនប្រកបដោយភាពធន់ និងនិរន្តរភាព។ រដ្ឋាភិបាលគួរតែបន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ និងផ្តោតលើការកែទម្រង់រចនាសម្ព័ន្ធ»។
AMRO ឱ្យដឹងទៀតថា ឧស្សាហកម្មកាត់ដេរនៅតែទន់ខ្សោយ ដោយសារតែតម្រូវការរបស់អាមេរិក និងអឺរ៉ុបបន្តធ្លាក់ចុះ ខណៈវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះក្នុងរយៈពេលមួយដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ ចំពោះអតិផរណាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានបន្តធ្លាក់ចុះនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ជាមធ្យម ១,២ ភាគរយ ដោយសារការធ្លាក់ចុះតម្លៃប្រេង និងតម្លៃអាហារពិភពលោក។
AMRO បញ្ជាក់ថា៖ «ទោះយ៉ាងនេះក្តី អតិផរណាបានចាប់ផ្តើមកើនឡើងចាប់ពីខែកក្កដាឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ជាមូលដ្ឋាន ក៏ដូចជាការកើនឡើងនៃតម្លៃអង្ករលើពិភពលោក។ សម្រាប់ឆ្នាំ ២០២៣ ទាំងមូលអតិផរណា ត្រូវបានប៉ាន់ប្រមាណថា នឹងមាន ២,៦ ភាគរយ មុនពេលកើនដល់ ៣,១ ភាគរយនៅឆ្នាំ ២០២៤ ស្របពេលជាមួយនឹងកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ»។
AMRO បន្តថា សម្រាប់គណនីចរន្តបានប្រែទៅជាអតិរេក ១,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆមាសទី១ ឆ្នាំ ២០២៣ ពីឱនភាពចំនួន ២៥,៧ ភាគរយកាលពីឆ្នាំ ២០២២ បន្ទាប់ពីការបញ្ឈប់ភ្លាមៗនៃការនាំចូលមាស លំហូរចូលកាន់តែរឹងមាំផ្នែកប្រាក់ផ្ញើទៅស្រុក និងការងើបឡើងនៃវិស័យទេសចរណ៍។
ទោះបីមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុសកលក៏លំហូរ FDI នៅតែមានភាពធន់ក្នុងចំនួន ១៤,១ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆមាសទី១ ឆ្នាំ ២០២៣។
បើតាម AMRO ហានិភ័យខាងក្រៅក្នុងរយៈពេលខ្លីបណ្ដាលមកពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចប្រទេសចិន ដែលជាប្រទេសរួមចំណែកឈានមុខគេដល់ការវិនិយោគផ្ទាល់បរទេស (FDI) នៅប្រទេសកម្ពុជា និងជាប្រភពទេសចរណ៍ដ៏សំខាន់ ក៏ដូចជាការធ្លាក់ចុះយ៉ាងខ្លាំងនៃដៃគូសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជាដូចជាអាមេរិក និងសហភាពអឺរ៉ុប។
AMRO លើកឡើងទៀតថា៖ «ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកំណែទម្រង់រចនាសម្ព័ន្ធនៅតែមានសារៈសំខាន់ ក្នុងការរក្សានិរន្តរភាពកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស។ ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការណ៍បម្រែបម្រួលអាកាសធាតុដ៏ទូលំទូលាយ និងការទទួលយកបច្ចេកវិទ្យាថ្មីៗ នឹងជួយជំរុញការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងឌីជីថល»៕