​ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​ឱ្យ​ម្ចាស់​នាវា​ដឹកទំនិញ និង​នាវា​នេសាទ​ដែលមាន​កម្លាំង​ម៉ាស៊ីន​លើសពី​ ៩០​ សេះ​ទាំងអស់ អាចមក​ចុះ​បញ្ជី និង​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​នៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៅតាម​ខេត្ត​ឆ្នេរសមុទ្រ​។ ការចុះបញ្ជី​នាវា​ទាំងនេះ ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន ព្រមទាំង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​។​


​យោង​លិខិត​របស់លោក​ ម៉ក់ ស៊ី​ដេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ ដែល​ទទួលបាន​កាលពី​ថ្ងៃទី ២០ ខែធ្នូ បានឱ្យដឹងថា ម្ចាស់​នាវា​ដឹកទំនិញ​ដែលមាន​ចំណុះ​ផ្ទុក​លើសពី​ ៤០​ តោន ដល់ ​១៥០ ​តោន និង​នាវា​នេសាទ​ដែលមាន​កម្លាំង​ម៉ាស៊ីន​លើសពី​ ៩០ ​សេះ​ដល់​ ២៥០ ​សេះ​ទាំងអស់ អាចមក​ចុះបញ្ជី​នាវា​របស់ខ្លួន នៅតាម​មន្ទីរ​សាធារណការ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​រួមមាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប​។​

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ក្នុងនាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ប្រគល់​ភារកិច្ច និង​ការ​ទទួលខុស​ត្រូវ​លើ​សេវាសាធារណៈ​នេះ​ទៅឱ្យ​មន្ទីរ​សាធារណការ​ខេត្ត​ឆ្នេរសមុទ្រ ដើម្បី​ធ្វើ​ការចុះបញ្ជី​សេវា​ត្រួតពិនិត្យ​បច្ចេកទេស និង​ផ្តល់​លិខិតអនុញ្ញាត​អាជីវកម្ម​ដល់​នាវា​ដឹកទំនិញ និង​នាវា​នេសាទ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ដែន​ខេត្ត​របស់ខ្លួន​»​។


បើតាម​លោក ​ម៉ក់ ស៊ី​ដេ​ត ក្រៅពី​ការចុះបញ្ជី និង​ផ្ដល់​លិខិត​អនុ​ញ្ញាត​អាជីវកម្ម មន្ត្រី​នៃ​មន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន ក៏ត្រូវ​មាន​តួនាទី គ្រប់គ្រង តាមដាន ត្រួតពិនិត្យ និង​ឃ្លាំមើល​សកម្មភាព​នាវាចរណ៍​នៅក្នុង​ដែន​ខេត្ត​សាមី​របស់ខ្លួន​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក ផន រឹម បាន​ថ្លែងប្រាប់​ឱ្យដឹងថា នៅក្នុង​ខេត្ត​មាន​ឆ្នេរសមុទ្រ​ទាំង ​៤ ​របស់​កម្ពុជា មាន​នាវា​សរុប​ចំនួន ៨ ០៩៤ ​គ្រឿង ក្នុងនោះ​មាន​នាវា​ដឹកទំនិញ​ចំនួន ៣៧០​ គ្រឿង នាវា​ដឹក​អ្នកដំណើរ ១៣៣ គ្រឿង និង​នាវា​នេសាទ ៧ ៥៩១ ​គ្រឿង​។


គិត​មកដល់ពេលនេះ មាន​នាវា​ចុះបញ្ជី​សរុប​ចំនួន ២ ១២០ ​គ្រឿង ក្នុងនោះ​មាន​នាវា​នេសាទ ១ ៤៤១ ​គ្រឿង នាវា​ដឹកទំនិញ ៤២០ ​គ្រឿង និង​នាវា​ដឹក​អ្នកដំណើរ ២៥៩​ គ្រឿង​។​

​លោក​បញ្ជាក់ថា​៖ «​ការចុះបញ្ជី និង​ការផ្តល់​លិខិតអនុញ្ញាត​អាជីវកម្ម​នាវា​ទាំងនេះ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​គ្រប់គ្រង​នាវា គ្រប់គ្រង​នាវិក ជាពិសេស​តាមដាន​ត្រួតពិនិត្យ​ទំនិញ​លើ​នាវា​ផងដែរ​»​។

ក្រៅពីនេះ ការងារ​ចុះបញ្ជី​នាវា​ទាំងនេះ ក៏​ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន កាត់បន្ថយ​ការបំពុល​បរិស្ថាន​សមុទ្រ ហើយ​និង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​នាវាចរណ៍​កម្ពុជា​ជាដើម​។​

​លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​កិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា គោលដៅ​នៃ​ការរៀបចំ​បែបនេះ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ទូក​នេសាទ​របស់​កម្ពុជាថា ​តើ​មាន​ចំនួន​ជាក់លាក់​ប៉ុន្មាន​ដែល​កំពុងធ្វើការ​នេសាទ​នៅ​ដែន​សមុទ្រ​របស់ខ្លួន ជាពិសេស​វា​ងាយ​​ស្រួល​ក្នុង​ការបែងចែក​កុំឱ្យ​ច្រឡំ​ជា​​មួយ​ទូក​នេសាទ​របស់​បរទេស ដែលមាន​បំណង​មក​ធ្វើការ​នេសាទ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ​ខ្ញុំ​មើលឃើញថា គោលដៅ​នៃ​ការចុះបញ្ជី​នេះ គឺ​វា​ធានាបាន​សុខសន្តិភាព​ផង សុវត្ថិភាព​ផង រួមទាំង​គ្រប់គ្រង​ចំនួន និង​បរិមាណ​ទូក​នេសាទ​របស់​កម្ពុជា​យើង​»​។

លោក​បន្ថែមថា នៅពេលដែល​កម្ពុជា​គ្រប់​គ្រង​នាវា​នេសាទ​បាន​ហើយ វា​នឹង​ឈានដល់​ការកំណត់​បរិមាណ​នៃ​ការ​នេសាទ ឬក៏​ការបង់ពន្ធ​ជាដើម ដែល​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​តាម​រយៈ​ការប្រមូល​ផល​ជលផល​នៅក្នុង​ដែនសមុទ្រ​។​

​ចំណែក​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​កន្លងមក​ថា រដ្ឋបាលខេត្ត​ក៏បាន​ធ្វើ​យុទ្ធនា​ការឱ្យ​អ្នក​​នេសាទ មក​ចុះបញ្ជី​ជលយាន និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ជលយាន​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​លើ​ការ​បង់​សេវា​ចំនួន ៥០​ ភាគរយ ដែល​គិត​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ​ ២០២៣ ​នេះ​។ ទាំង​​មុន​យុទ្ធនាការ និង​អំឡុង​ធ្វើ​យុទ្ធនាការ មាន​អ្នកនេសាទ មក​ចុះបញ្ជី​ជលយាន និង​ត្រួតពិនិត្យ​បច្ចេកទេស​ជលយាន បាន​ចំនួន​ជាង ៨០០ ​ទូក ក្នុងចំណោម​ទូក​នេសាទ​សរុប​ជាង ២ ០០០​ គ្រឿង នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​លោក​ ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ទៀតថា​៖ «​ប្រជា​នេសាទ ដែល​មក​ចុះបញ្ជី​ជលយាន និង​ត្រួតពិនិត្យ​បច្ចេកទេស​ជលយាន​រប​ស់​ខ្លួន នឹង​ទទួលផល​ប្រយោជន៍​ដូចជា ការប្រកបមុខរបរ​នេសាទ​របស់ខ្លួន​នឹងមាន​ភាពត្រឹមត្រូវ​តាមច្បាប់ ងាយស្រួល​រក​ទីផ្សារ ហើយ​ផល​នេសាទ​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ជាដើម​»៕