ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ដែលមានទុនវិនិយោគចន្លោះពី ៤០០-៨០០ លានដុល្លារ អាចនឹងមានវត្តមាននៅក្នុងទឹកដីខេត្តកោះកុងនាឆ្នាំ ២០២៤ ខាងមុខ ខណៈបច្ចុប្បន្នអាជ្ញាធរថ្នាក់ជាតិ និងខេត្តកំពុងស្វែងរកទីតាំងសក្តានុពលមានទំហំចាប់ពី ៣០០ ហិកតាឡើងទៅដើម្បីអភិវឌ្ឍគម្រោងនេះ។នេះបើយោងតាមមន្ទីរព័ត៌មានខេត្ដកោះកុង។
ផែនការនេះត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំដែលរៀបចំនៅខេត្តកោះកុង កាលពីថ្ងៃទី ១៩ ខែធ្នូ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), តំណាងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្នុងកិច្ចប្រជុំនោះតំណាង CDC បានលើកឡើងថា គម្រោង Green SEZ គឺជាការបង្កើតមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅទីផ្សារអន្តរជាតិ ក្នុងគោលដៅជំរុញឱ្យកម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់បៃតងនៃទីផ្សារសកល ដើម្បីអាចទាក់ទាញវិនិយោគិនធំៗពីបរទេស និងគាំទ្រទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។
សារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងការគិតគូរផ្នែកបរិស្ថានចំពោះវិស័យសំខាន់ៗរួមមានឧស្សាហកម្មយានយន្ត គ្រឿងអេឡិចត្រូនិក និងវាយនភណ្ឌ។
សម្រាប់មូលហេតុនៃការជ្រើសរើសយកខេត្តកោះកុងសម្រាប់បង្កើតគម្រោងនេះ គឺដោយសារខេត្តកោះកុងមានដីទំនេរច្រើនលើសពី ៣០០ ហិកតា ដែលស័ក្តិសមសម្រាប់ការអភិវឌ្ឍរយៈពេលវែង និងមានច្រកព្រំដែនជាប់ប្រទេសថៃ និងជាប់ឈូងសមុទ្រថៃ ដែលអាចទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្មពីតំបន់នេះ និងបង្កើតភាពទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានទេកាលពីថ្ងៃម្សិលមិញ ប៉ុន្តែបើតាមប្រធានមន្ទីរព័ត៌មានខេត្តកោះកុង លោក មុំ ម៉ាលីកា ខេត្តកោះកុង គឺជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យសំខាន់ៗដូចជា តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ ជាដើម។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Sam SN Realty លោក សំ សុខនឿន ដែលកំពុងមានផែនការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ច នារយៈពេល ២-៣ ឆ្នាំខាងមុខ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែធ្នូថា តំបន់សេដ្ឋកិច្ចពិសេស កំពុងក្លាយជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ព្រោះការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលច្រើនទាំងការរៀបចំឯកសារនាំចេញ-នាំចូលទំនិញ និងនីតិវិធីបង់ពន្ធជាដើម។
លោកបន្តថា តំបន់សេដ្ឋកិច្ច គឺមិនត្រឹមតែបង្កភាពងាយស្រួលសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងការបង្កើតការងារកាន់តែច្រើន និងប្រាក់ចំណូលដល់គ្រួសារ និងប្រទេសជាតិផងដែរ។
លោកប្រាប់ទៀតថា ខេត្តកោះកុង គឺជាកន្លែងដ៏មានសក្តានុពលសម្រាប់ការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ដោយងាយស្រួលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖ «ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺជាយុទ្ធសាស្ត្រដ៏មានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ សម្តេចក៏បានលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនចូលមកបើកតំបន់សេដ្ឋកិច្ចពិសេស ឬវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសឱ្យបានកាន់តែច្រើនផងដែរ»។
លោកលើកឡើងទៀតថា នៅពេលមានការវិនិយោគក្នុងស្រុកកាន់តែច្រើន វានឹងជួយជំរុញសមត្ថភាពផលិតក្នុងស្រុកកាន់តែខ្លាំង ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយការនាំចូល។
អគ្គលេខាធិការរង CDC លោក ជា វុទ្ធី ពេលថ្មីៗនេះបាននិយាយថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្តួចផ្តើមឱ្យមានការតាក់តែងបទប្បញ្ញត្តិ និងច្បាប់តាំងពីឆ្នាំ ២០០៥ មក គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤។ លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើពិពិធកម្មប្រភពទុនវិនិយោគពីប្រទេសនានា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើគិតចាប់ពីឆ្នាំ ២០០៦ ដល់ដំណាច់ឆមាសទី១ ឆ្នាំ ២០២៣ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤ ក្រោមទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារ ហើយភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ វិស័យគ្រឿងបង្គុំរថយន្ត គ្រឿងអេឡិចត្រូនិក រោងចក្រផលិតសម្បកកង់ ឧស្សាហកម្មដំឡើងរថយន្ត និងកង់។
នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ គឺមានរោងចក្រ/ក្រុមហ៊ុនដែលចុះបញ្ជីក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរហូតដល់ ៦៥៥ គម្រោង ដែលស្មើទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារ៕