លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃ​ទី២២ ​ខែធ្នូនេះ បានប្រកាស​បើកការដ្ឋាន​សាងសង់​ចំណតផែ​កុងតឺន័រ​ទឹកជ្រៅថ្មី-ជំហានទី១ នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ព្រមទាំង​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវការគ្រឿង​ចក្រលើក​ដាក់ចល័ត​នៅ​គែមផែ ចំនួន ២ គ្រឿង ដោយលោកអះអាង​ថា ការពង្រីក​សក្តានុពល​ទាំងនេះ​នឹងជួយ​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការដឹកជញ្ជូន។ គម្រោងនេះ​សាងសង់​ឡើងក្រោម​ឥណទាន​សម្បទាន និងជំនួយ​ឥតសំណង​ពីរដ្ឋាភិបាល​នៃប្រទេស​ជប៉ុន។
 
នាពិធីសម្ពោធ​នោះលោក ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​ថា ការពង្រីក​សក្តានុពល​នេះ នឹងបន្ថែម​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា និងបង្កើន​ឱកាសការងារ​ក៏ដូចជា​ចំណូលបន្ថែម​ទៅដល់​កម្មករនិយោជក ក៏ដូចជា​បុគ្គលិក​ទាំងអស់​នៅកំពង់ផែ​ស្វយ័ត ដែលនេះ​គឺជាផល​ដែលយើង​ចង់បាន។
 
លោកថ្លែង​ថា៖«ផលដែលយើង​បានមក​ដើម្បី​ចែករំលែក​ទៅដល់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន នៅពេល​ដែលកំពង់ផែ​ដំណើរការ វាជាកន្លែង​ភ្ជាប់​មួយដង្ហើម​នៃពាណិជ្ជកម្ម​ក្នុង និងក្រៅ​ប្រទេស នឹងធ្វើ​ឱ្យសកម្មភាព​សេដ្ឋកិច្ច​នៅតាម​បណ្តាខេត្ត​ផ្សេងៗទៀត ការដឹក​ជញ្ជូនផ្សេងៗ​ទៀត គ្រប់​វិស័យ​ទាំងអស់ នឹងរីកចម្រើន​ផងដែរ»។ លោកបានរំពឹង​ថា តាមរយៈ​ចំណតផែ​ថ្មីនេះ នឹងបង្កើន​ការវិនិយោគិន​ពីក្រៅប្រទេស​លើវិស័យ​កសិកម្ម និងវិស័យ​ផ្សេងទៀត ដោយសារ​ការដឹកជញ្ជូន​នឹងមាន​តម្លៃទាប។
 
រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​លោក ប៉េង ពោធិ៍នា បានថ្លែងឱ្យដឹង​ថា ពិធី​បើកការដ្ឋាន​ដែលកំពុង​ប្រារព្ធឡើង​នាពេលនេះ គឺជា​សក្ខីភាព​បង្ហាញ​ឱ្យឃើញ​ពីការរីកចម្រើន​លើការអភិវឌ្ឍ​វិស័យហេដ្ឋា​រចនាសម្ព័ន្ធ​កំពង់ផែ​កម្ពុជា បើនិយាយ​ជារួម និងការអភិវឌ្ឍ​ពង្រីក​សមត្ថភាព​របស់​កំពុងផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ លោកបន្ត​ថា ការរួមចំណែកនេះ​ក៏មិនអាច​ខ្វះបានពី​ប្រទេស​ជប៉ុន ដែល​ជាដៃគូ​យុទ្ធសាស្ត្រ​ដ៏សំខាន់មួយ​របស់​កម្ពុជា ដែលជានិច្ចកាល កម្ពុជា​បានចាត់ទុក​ជប៉ុន​គឺជាមិត្ត​ដ៏ល្អ និងជាដៃគូ​យុទ្ធសាស្ត្រ​ដែលបាន​ជួយ​ដល់កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើការអភិវឌ្ឍ​វិស័យ​ជាច្រើន។
 
លោក​ថា៖«ក្នុងនោះ​រួមមាន​ផងដែរ​ នូវ​វិស័យ ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ-ស្ពាន វិស័យ​កំពង់ផែ ជាពិសេស​ការអភិវឌ្ឍ​នៅកំពង់​ផែ​​ស្វយ័ត​ក្រុង​ព្រះសីហនុ​នេះ​តែម្តង មាន​ជាអាទិ៍​ដូចជា ការសាងសង់ និងពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែ, ការអភិវឌ្ឍ​សមត្ថភាព​នៃការ​គ្រប់គ្រង និងប្រតិបត្តិការ​ចំណត​ផែ, ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ, ការសាង សង់​ឃ្លាំង​ស្តុក​ទំនិញ​កុងតឺន័រ, ការធ្វើ​ឱ្យប្រសើរឡើង​សមត្ថភាព​រដ្ឋបាល​កំពង់ផែ, ការសិក្សា​សមិទ្ធិលទ្ធភាព និងរៀបចំ​ផែនការមេ​កំពង់ផែ និងការផ្គត់ផ្គង់​ឧបករណ៍​គ្រឿង​ចក្រ​លើកដាក់​នៅកំពង់ផែ​ជាដើម»។
 
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការរួម​ចំណែក គាំទ្រ​ដល់ការរីក​ចម្រើន និងការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ។ បើយើងពិនិត្យ​មើល​អំពី​បរិមាណ ទំនិញ​ឆ្លងកាត់​នៅក្នុង​កំពង់ផែនេះ គឺមានការកើន​ឡើង​គួរឱ្យ​កត់សម្គាល់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ធ្វើឱ្យ​ប្រាក់ចំណូល​របស់​កំពង់ផែ ក៏ដូចជា​ប្រាក់ចំណូល​ របស់​ជាតិ​មានការកើន​ឡើង​ជាលំដាប់។

ជាក់ស្តែង នៅក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណ​ទំនិញឆ្លងកាត់​មានចំនួន​ប្រមាណ ៧ លានតោន កើនឡើង ១១,៣៤% និងចំណូល​អាជីវកម្ម​សរុប​មានចំនួន​ប្រមាណ​ជាង ៨៥ លាន ដុល្លារ កើនឡើង ២,៧១% បើធៀបនឹង​រយៈពេល​ដូចគ្នា ឆ្នាំ២០២២។


បន្ថែមពីនេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ មានចំនួន​សរុប​ប្រមាណ​ជាង ៧៥ ម៉ឺន TEUs ដោយមាន​កំណើន​ជាមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ ឆ្នាំ​ចុងក្រោយ គិតចាប់​ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២២។ នេះបើតាម​លោក ប៉េង ពោធិ៍នា បញ្ជាក់បន្ថែម។

 ចំណតផែ​កុងតឺន័រ​ទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង ៣៥០ ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ -១៤,៥ម៉ែត្រ អាចអនុញ្ញាត​ឱ្យនាវា​កុងតឺន័រ​មានចំណុះ​ផ្ទុក ៦ ម៉ឺនតោន ឬស្មើនឹង ៤ ពាន់ TEUs ដែលមាន​ផ្លូវដឹក​ជញ្ជូន​នៅក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិកទៅ-មក កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ហើយនឹង​បង្កើនសមត្ថភាព​កំពង់ផែ​សរុប​កើនដល់​ប្រមាណ ១,២៥លាន TEUs ក្នុង​មួយឆ្នាំ។


គម្រោងនេះ​ក្រោមការសាងសង់​របស់​ក្រុមហ៊ុន​ជប៉ុន ដោយប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ និងគ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៦ គ្រោងនឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៤៣ លានដុល្លារ រួមបញ្ចូល​ទាំងថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ពន្ធអាករ​ផ្សេងៗ។ 

ចំណែកគ្រឿង​ចក្រ​លើកដាក់​ចល័ត​នៅ​គែមផែ ចំនួន ២​គ្រឿង ដែលជាប្រភេទ​រថយន្ត​ស្ទូច មានសមត្ថភាព​លើកដាក់​ទំនិញ​បាន​រហូត​ដល់ ១០០ តោន។ គ្រឿង​ចក្រទាំង ២ គ្រឿងនេះ គឺជាជំនួយ​ឥតសំណង​ពីរដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​មក​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមកម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ដោយ​បានចំណាយ​ថវិកា​សរុប​ប្រមាណ ១៣,៩ លាន​ដុល្លារ៕

គ្រឿង​ចក្រ​លើកដាក់​ចល័ត​នៅ​គែមផែ ចំនួន ២​គ្រឿង ដែលជាប្រភេទ​រថយន្ត​ស្ទូច មានសមត្ថភាព​លើកដាក់​ទំនិញ​បាន​រហូត​ដល់ ១០០ តោន។ រូបថត តេឡេក្រាម ហ៊ុន ម៉ាណែត