​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន UnionPay International (UPI) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត (QR Code) ជា​ផ្លូវការ​រវាង​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន UPI កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​រាជធានី​ភ្នំពេញ​។

ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​មាន​វត្តមាន​ចូលរួម​ពី លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​តំណាង​ពី​ក្រសួងទេសចរណ៍ ក្រុមហ៊ុន UPI និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផងដែរ​។


នា​ពិធី​ដាក់ឱ្យ​ដំណើរការ​នេះ លោកស្រី ជា សិរី បាន​ថ្លែងថា ដំណើរការ​ប្រតិបត្តិកា​រទូ​ទាត់​ឆ្លងដែន​តាមរយៈ​ឃ្យូ​អរ​កូត​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត នៃ​ចក្ខុវិស័យ​ពង្រីក​វិសាលភាព​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន តាម​ឃ្យូ​អរ​កូត​របស់​ប្រព័ន្ធ​បាគង ឱ្យ​កាន់តែ​ទូលំទូលាយ​។

លោកស្រី​បាន​បន្តថា តាមរយៈ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​នេះ អតិថិជន​របស់​ក្រុមហ៊ុន UPI អាច​ស្កេ​ន KHQR Code ដើម្បី​ទូទាត់​ថ្លៃទំនិញ​-​សេវាកម្ម ទៅឱ្យ​អាជីវករ​ឬ​ម្ចាស់​ហាង​លក់ទំនិញ​-​សេវាកម្ម​នៅ​កម្ពុជា ជា​ប្រាក់រៀល​បាន​។ ដូចគ្នានេះដែរ ចាប់ពី​ដើមឆ្នាំ​២០២៤ តទៅ ប្រជាជន​កម្ពុជា​ក៏​អាច​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រព័ន្ធ​ទូទាត់​បាគង ឬក៏​កម្មវិធី​ធនាគារ​ចល័ត​ឯកជន​ដើម្បី​ទូទាត់​ថ្លៃទំនិញ​-​សេវាកម្ម​នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​បណ្តាញ​ទូទាត់ UnionPay នៅ​ទូទាំង​ពិភពលោក ដោយ​គ្រាន់តែ​ស្កេ​ន​ឃ្យូ​អរ​កូត (UnionPay QR Code) របស់​ក្រុមហ៊ុន UPI​។


លោកស្រី​បាន​គូសបញ្ជាក់ថា​៖«​សមិទ្ធផល​ថ្មី​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​គោលបំណង​នៃ​សហគមន៍​អាស៊ាន ដែល​ប្តេជ្ញា​លើកកម្ពស់​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ជា​រូបិយវត្ថុ​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ក៏ដូចជា​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ដំណើរការ​ជំរុញ​បរិវត្តន៍​កម្ម​ឌីជីថល និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ផងដែរ​។ ធនាគារជាតិ​នៃ​កម្ពុជា​ប្តេជ្ញា​ពង្រឹង​បន្ថែមទៀត​នូវ​សុវត្ថិភាព សុវត្ថិភាព និង​ភាពងាយស្រួល​នៃ​ការទូទាត់​ឆ្លងដែន​»​។

លោកស្រី​បាន​បន្តទៀតថា ការលើកកម្ពស់​សុវត្ថិ​ភាព និង​ប្រសិទ្ធភាព​នៃ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត គឺជា​គោលបំណង​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​របៀបវារៈ​នៃ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លើកទឹកចិត្ត​បន្ថែមទៀត​លើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​។

ធនាគារជាតិ​នៃ​កម្ពុជា ក្នុងនាម​ជា​និយ័ត​ករ និង​ជា​អ្នកត្រួតពិនិត្យ បាន​បង្កើត​បទ​ប្បញ្ញត្តិ ក្របខ័ណ្ឌ​គោលនយោបាយ និង​វិធាន និង​នីតិវិធី ដើម្បី​គ្រប់គ្រង ត្រួតពិនិត្យ និង​គាំទ្រ​ប្រព័ន្ធ​ទូទាត់ ដោយបាន​បើក​ដំណើរការ​ទំនាក់ទំនង​ការទូទាត់​ឆ្លង​ប្រទេស ហើយ​បច្ចុប្បន្ន​កំពុងដំណើរកា​រ​អនុវត្ត​គម្រោង​ទូទាត់​ឆ្លង​ប្រទេស​ជាមួយ​ដៃគូ និង​ប្រទេស​ក្នុង​តំបន់ ដែល​នាពេល​បច្ចុប្បន្ននេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដំណើរការ​ដោយ​ជោគជ័យ​នូវ​ការទូទាត់ QR code ឆ្លង​ប្រទេស​ជាមួយ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​៕​